Friday, March 29, 2024
Homeព័ត៌មានជាតិប្រាក់​ខែ​គោល​កម្ម​ករ​ឆ្នាំ​២០១៧ កំណត់ ផ្លូវ​ការ ១៥៣​ដុល្លារ

ប្រាក់​ខែ​គោល​កម្ម​ករ​ឆ្នាំ​២០១៧ កំណត់ ផ្លូវ​ការ ១៥៣​ដុល្លារ

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះ-បណ្តាលវិជ្ជាជីវៈ បានប្រកាសឱ្យដឹងថា ប្រាក់ឈ្មួល អប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ ឆ្នាំ២០១៧ខាងមុខនេះ ត្រូវបានកំណត់ជាផ្លូវការ នូវទឹកប្រាក់ចំនួន១៥៣ដុល្លារ ក្នុងមួយខែ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ចំនួន៦ប្រការ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង មានខ្លឹមសារថា ៖

ប្រការ១-ត្រូវបានបន្ថែមទឹកប្រាក់ចំនួន ៥ (ប្រាំ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៤៨ដុល្លារ (មួយរយសែនសិបប្រាំបី) ដុល្លារ អាមេរិក ដែលបានស្នើឡើងដោយគណៈកម្ម-ការប្រឹក្សាការងារ ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងស្បែកជើង ក្នុងមួយខែសម្រាប់ ឆ្នាំ២០១៧។

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើងសម្រាប់ឆ្នាំ២០១៧ ត្រូវបានកំណត់ ជាផ្លូវការនូវទឹកប្រាក់ចំនួន១៥៣ (មួយរយ-ហាសិបបី) ដុល្លារអាមេរិកក្នុងមួយខែ។

ប្រការ២-

១.កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ កម្មករនិយោជិត សាកល្បងចំនួន១៤៨ (មួយ រយសែសិបប្រាំបី) ដុល្លារអាមេរិក ក្នុងមួយខែ។ ចប់រយៈពេលសាកល្បង ក្លាយជាកម្មករ និយោជិតពេញសិទ្ធិ ត្រូវទទួលបានប្រាក់ឈ្នួលអប្ប- បរមាចំនួន១៥៣ (មួយរយហាសិបបី) ដុល្លារ អាមេរិក ក្នុងមួយខែ។

២. ចំពោះកម្មករនិយោជិតដែលទទួល បានប្រាក់ឈ្នួលគិតតាមបរិមាណផលិតផល (ដេរស៊ីបុង) ត្រូវទទួលបានប្រាក់ឈ្នួលតាម ទិន្នផលជាក់ស្តែងដែលធ្វើបាន។ បើទិន្នផល ការងារទទួលបាននោះលើសពីចំនួនប្រាក់ឈ្នួល ដែលមានចែងក្នុងចំណុចទី១ នៃប្រការ២ខាងលើ ត្រូវទទួលបានចំនួនលើសនោះ។ ប្រសិនបើទាប ជាងប្រាក់ឈ្នួលដែលមានចែងក្នុងចំណុចទី១  នៃប្រការ២ខាងលើ នោះនិយាយជកត្រូវបន្ថែម ឱ្យគ្រប់ចំនួន ១៤៨ (មួយរយសែសិបប្រាំបី) ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតធ្វើការសាកល្បង និងចំនួន១៥៣ (មួយរយហាសិបបី) ដុល្លារអាមេរិក ក្នុងមួយ ខែ សម្រាប់កម្មករនិយោជិតពេញសិទ្ធិ។

ប្រការ៣- ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លង- មក ត្រូវរក្សាទុកដដែល។

ប្រការ៤- ប្រាក់ឈ្នួលអប្បបរមាដូចបាន កំណត់ក្នុងប្រការ២ខាងលើ ត្រូវអនុវត្តចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។

ប្រការ៥- រាល់បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរា- ករណ៍។

ប្រការ៦- នាយខុទ្ទកាល័យ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ គណៈកម្មការ ប្រឹក្សាការងារ និងគ្រប់អង្គភាពក្រោមឱវាទ ក្រសួង អង្គការវិជ្ជាជីវៈ កម្មករនិយោជិត និង និយោជកផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង ត្រូវអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។

ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦ ដដែលនោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាស  ព័ត៌មាន ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង សម្រាប់  ឆ្នាំ២០១៧ ដែលមានខ្លឹមសារទាំងស្រុងថា    “ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម ជូនដំណឹងដល់សាធារណជន កម្មករនិយោជិត  អង្គការវិជ្ជាជីវៈ អង្គការជាតិនិងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ក្នុងឆ្នាំ២០១៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការបន្តពង្រឹងយន្តការ នីតិវិធី និង លើកកម្ពស់ការយល់ដឹងអំពីលក្ខណវិនិច្ឆ័យទាំង ៧ នៃការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើងនៅកម្ពុជា។

ទន្ទឹមនឹងនេះ គណៈកម្មការប្រឹក្សាការងារ ក៏បានបន្តបង្កើតឱ្យមានក្រុមការងារបច្ចេកទេស ត្រីភាគី ដែលមានតំណាងភាគីនិយោជក ចំនួន ១៦រូប តំណាងភាគីកម្មករនិយោជិតចំនួន១៦ រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន១៦រូប  ដើម្បីពិភាក្សាលម្អិតអំពីបម្រែបម្រួលលក្ខណ វិនិច្ឆ័យទាំង៧ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៧។ បន្ទាប់ពីកិច្ចប្រជុំចំនួន៦ថ្ងៃ  ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ ដែលស្មើនឹង៩លើក ក្រុមការងារ បច្ចេកទេសត្រីភាគី បានបង្រួមគម្លាតនៃតួលេខ រៀងខ្លួន និងបានឯកភាពជាឯកច្ឆន្ទ លើកយក តួលេខ១៧១ដុល្លារអាមេរិក ដែលជាសំឡេង ឯកច្ឆន្ទរបស់ភាគីកម្មករនិយោជិត និងតួលេខ  ១៤៧ដុល្លារអាមេរិក ដែលជាសំឡេងឯកច្ឆន្ទ របស់ភាគីនិយោជក និងតួលេខ ១៤៨ដុល្លារ អាមេរិកដែលជាសំឡេងឯកច្ឆន្ទរបស់ភាគីរាជ- រដ្ឋាភិបាល ដើម្បីដាក់ជូនគណៈកម្មការប្រឹក្សា ការងារប្រជុំពិភាក្សាបន្ត។

នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការប្រឹក្សាការងារ បានបើកិច្ចប្រជុំ អាណត្តិទី៨ លើកទី១៥ នៅទីស្តីការក្រសួង  ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្ត ពិនិត្យនិងពិភាក្សាលើលទ្ធផលរបស់ក្រុមការងារបច្ចេកទេសត្រីភាគី និងធ្វើការពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិត ស្បែកជើង សម្រាប់ឆ្នាំ២០១៧ ប៉ុន្តែមិនទទួល បានការគាំទ្រជាឯកច្ឆន្ទ លើតួលេខណាមួយ ឡើយ។ ដោយគោរពទៅតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាដោយត្រីភាគី  គណៈកម្មការប្រឹក្សាការងារ បានធ្វើការបោះឆ្នោតជាសម្ងាត់លើតួលេខចំនួន៣ ដោយទទួល បានលទ្ធផលដូចខាងក្រោម ៖

– តួលេខចំនួន ១៧១ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០២ លើ២៤

– តួលេខចំនួន ១៤៧ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០០ លើ២៤

– តួលេខចំនួន ១៤៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ២២ លើ២៤

ដូច្នេះ គណៈកម្មការប្រឹក្សាការងារ បាន ស្នើតួលេខចំនួន១៤៨ (មួយរយសែសិបប្រាំបី) ដុល្លារអាមេរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើ ការពិនិត្យនិងសម្រេចលើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល តែងតែយកចិត្តទុកដាក់អំពីសុខុមាលភាព និង ជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិត  និងផលិតភាពរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ៥(ប្រាំ) ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៤៨ (មួយ រយសែសិបប្រាំបី) ដុល្លារអាមេរិក។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៧ មានចំនួន១៥៣ (មួយរយហា- សិបបី) ដុល្លារអាមេរិក ក្នុងមួយខែ ដោយអនុវត្ត ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេង ទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លង- មក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ចំនួន៧ ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការ ទៀងទាត់ ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែ  ប្រាក់ថ្លៃបាយ ធ្វើការបន្ថែមម៉ោងដោយស្ម័គ្រ- ចិត្ត ចំនួន២០០០រៀល ក្នុងមួយថ្ងៃ ឬទទួលបាន បាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់ អតីតភាពការងារ ចំនួន២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ ឆ្នាំទី១១។ ដូចនេះជាមធ្យម កម្មករនិយោជិត ម្នាក់ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិច ១៧០ ដុល្លារអាមេរិកដល់១៨១ដុល្លារអាមេរិក ក្នុង មួយខែ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្រេចផ្តល់ប្រាក់បន្ថែមចំនួន៥ដុល្លារអាមេរិក លើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០១៧នេះ ដែលរួមចំណែកធ្វើឱ្យស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង កាន់តែមានភាពល្អប្រសើរឡើងជាងមុន ហើយ ក៏ជាកត្តាដ៏សំខាន់ក្នុងការជំរុញផលិតភាពផងដែរ។

ក្រសួងក៏សូមថ្លែងអំណរគុណដល់អង្គការ អន្តរជាតិខាងការងារ (ILO) ដែលបានផ្តល់នូវ កិច្ចសហការដ៏ជិតស្និទ្ធដល់ក្រសួង ក្នុងការពង្រឹង យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និង  ផលិតស្បែកជើង នៅកម្ពុជា។ ជាមួយគ្នានេះដែរ ក្រសួងក៏សូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុង ការដោះស្រាយបញ្ហាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០១៧។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និយោជក អង្គការជាតិនិងអន្តរជាតិ មេត្តា ជ្រាបជាព័ត៌មានតាមការគួរ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES