បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ ចេញលិខិតបដិសេធពាក្យស្នើសុំរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំង មិនអនុញ្ញាតឱ្យ តម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យមក ក៏មានប្រជាពលរដ្ឋមួយចំនួនបញ្ចោញទស្សនៈរៀងៗ ខ្លួន គឺខ្លះសម្តែងការខកចិត្ត ខ្លះទៀតថា ការសម្រេចរបស់អាជ្ញាធររាជធានី ជារឿងត្រឹមត្រូវ។ ទស្សនៈទាំង២នេះ មកពី មនុស្សមាននិន្នាការនយោបាយខុសគ្នា ទើប “នគរធំ” សូមលើក “រូបសំណាកបូជនីយបុគ្គល” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
ពាក្យថា “រូបសំណាក” មានន័យថា “រូបដែលចម្លងយកពីរូបដទៃ មានសណ្ឋានដូចរូបដើម”។ រីឯពាក្យថា “បូជនីយ– បុគ្គល” ជាភាសាបាលី–សំស្ក្រឹត មានន័យថា បុគ្គលដែលគេគោរពបូជា មានព្រះពុទ្ធអង្គ ព្រះអរហន្ត ព្រះមហាក្សត្រ បិតាមាតា គ្រូបាធ្យាយជាដើម។ បុគ្គលប្រភេទនេះមានព្រះគុណឧត្តុង្គឧត្តមកាត់ថ្លៃមិនបានឡើយ កាលបើលោករំលាងខន្ធទៅកាន់ បរលោក កូនចៅត្រូវតែឯកភាពគ្នាសិតជារូបសំណាក ឬព្រះបដិមា ទុកសម្រាប់គោរពបូជាតរៀងទៅ ហើយមិនថាតែជន– ជាតិខ្មែរនោះទេ សូម្បីជនបរទេស ក៏គោរពរូបសំណាក ឬបដិមាបែបនេះដែរ។
សម្រាប់ប្រជាពលរដ្ឋខ្មែរ បានតម្កល់រូបសំណាកបូជនីយបុគ្គលច្រើនប្រភេទ មានលក្ខណៈខុសៗគ្នា ដែលយើងសូម បរិយាយលម្អិត ដូចខាងក្រោម ៖
១–មេដឹកនាំបង្កើតសាសនា ៖ នៅកម្ពុជា បានតម្កល់ទុកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងបើកទូលាយពាហិរ– សាសនា (សាសនាខាងក្រៅ) ច្រើនទៀត ដូចជា ព្រហ្មញ្ញសាសនា គ្រិស្តសាសនា អ៊ិស្លាមសាសនា និងសាសនាខុងជឺ សាសនា តៅ ព្រះនាងគង់ស៊ីអ៊ីម ផងដែរ។ នៅតាមវត្តអារាមនានា ក៏ដូចគេហដ្ឋានពុទ្ធបរិស័ទ សុទ្ធតែមានតាំងតម្កល់ព្រះពុទ្ធប្បដិមា សម្រាប់គោរពបូជា ខណៈដែលព្រះវិហារអ៊ិស្លាម ក៏មានបដិមាព្រះមហាម៉ាត់ ហើយបើនិយាយពីប្រាសាទបុរាណនានា តាម បែបព្រហ្មនិយម តែងតែមានបដិមាព្រះសិវៈ ឬសិវលិង្គ ឧមាយោនី ក៏ដូចបដិមាព្រះវិស្ណុ ព្រះព្រហ្ម សម្រាប់ពួកព្រាហ្មណ៍– បរិស័ទគោរពបូជា។
២–ព្រះមហាក្សត្រ ៖ ព្រះអង្គជាកំពូល ជាឥស្សរនៃប្រជារាស្ត្រ តែងបន្សល់ទុកនូវព្រះបរមរូប សម្រាប់កូនចៅធ្វើសក្ការ បូជា។ យើងឃើញព្រះបរមរូបព្រះមហាក្សត្រជាច្រើនព្រះអង្គ តម្កល់ទុកនៅក្នុងប្រាសាទទេវាវិនិច្ឆ័យ នាព្រះបរមរាជវាំង។ ជាពិសេស ព្រះបរមរូបព្រះបាទនរោត្តម (ហ្លួងសុវណ្ណកោដ្ឋ) គង់លើសេះស តម្កល់មុខព្រះវិហារព្រះកែវមរកត, ព្រះបរម រូបព្រះបាទស៊ីសុវត្ថិ (ហ្លួងបរមរាជានុកោដ្ឋ) តម្កល់នៅខាងត្បូងវត្តភ្នំ ព្រមទាំងព្រះបរមរូបព្រះបាទនរោត្តម សីហនុ (ព្រះ បរមរតនកោដ្ឋ) តម្កល់ក្រោមបុស្បុក នៅលើសួនឧទ្យានខាងកើតវិមានឯករាជ្យ សម្រាប់កូនចៅប្រជារាស្ត្រគោរពបូជា។
៣–សម្តេចព្រះសង្ឃរាជ ៖ លុះត្រាតែជាសម្តេចសង្ឃល្បីល្បាញ ទើបមានបន្សល់ព្រះបរមរូប ដូចជា សម្តេចព្រះសង្ឃ– រាជជួន ណាត ជាដើម ព្រោះព្រះអង្គជាអ្នកប្រាជ្ញអក្សរសាស្ត្រគ្មានគូប្រដូច។
៤–វីរបុរស ៖ សំដៅដល់មេទ័ព មេកង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ លុះក្រោយ មកក៏ក្លាយជា “អ្នកតា” មានរូបសំណាកទុកឱ្យកូនចៅគោរពបូជា ដូចជា អ្នកតាឃ្លាំងមឿង អ្នកតាដំបងដែក តេជោមាស តេជោយ៉ត ជាដើម។
៥–កវីនិពន្ធ ៖ លុះត្រាតែជា “កវីប្រជាករ” ពោលគឺ កាលនៅរស់ លោកតែងទូន្មានប្រៀនប្រដៅពលរដ្ឋខ្មែរ ឱ្យប្រឹង– ប្រែងរកស៊ី កុំខ្ជិលច្រអូស កុំដេកចាំសំណាងជាដើម ទើបមានបន្សល់រូបសំណាក។ ជាក់ស្តែង “អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ” មានរូបសំណាកអង្គុយដេញសាដៀវ អមដោយឃ្លាឃ្លោងចារជាកំណាព្យ របស់លោកតម្កល់នៅរាជធានីភ្នំពេញ។
ដូច្នេះយើងឃើញថា បុគ្គលដូចរៀបរាប់ខាងលើនេះ គឺជា “បូជនីយបុគ្គល” ដែលមនុស្សធម្មតា មិនងាយដណ្តើមឋានៈ នេះបានឡើយ។ សូម្បីប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីរបបសង្គមមុនៗ ក៏គ្មានសំណាងបានឋានៈជា “បូជនីយបុគ្គល” នេះ ដែរ។ កន្លងមកយើងឃើញប៉ុល ពត អតីតលេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរបបកម្ពុជាប្រជាធិបតេយ្យ បានចាត់តាំងសហការីជ្រើសរើសជាងចម្លាក់ ឱ្យសិតរូបរបស់គាត់ ដែលជា “អគ្គមគ្គុទ្ទេសក៍មហាលោតផ្លោះ មហាអស្ចារ្យ” ប៉ុន្តែ ក្រោយពេលរបបគាត់ដួលរលំទៅ រូបសំណាករបស់គាត់ បែរជាគ្មានតម្លៃ បានត្រឹមគេទុកជាគ្រឿងសម្អប់។
ក្រឡេកមើលករណីស្នើសុំតម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី ពីសំណាក់ក្រុមគ្រួសារ និងបក្សប្រឆាំង និងត្រូវ អាជ្ញាធររាជធានីបដិសេធនោះ គួរពិនិត្យថា តើលោកបណ្ឌិតកែម ឡី ជា “បូជនីយបុគ្គល” ឬយ៉ាងណា? ដូចយើងបញ្ជាក់ រួចហើយថា មានតែមេដឹកនាំសាសនា, ព្រះមហាក្សត្រ, សម្តេចព្រះសង្ឃរាជ្យ (មិនគ្រប់អង្គ), វីរបុរស, វីរនារី, និងកវីនិពន្ធ (មិនគ្រប់គ្នា) ទើបមានឋានៈជាបូជនីយបុគ្គល គួរដល់ការតាំងតម្កល់រូបសំណាក ឬព្រះបដិមានៅតាមទីតាំងសាធារណៈ មានរង្វង់មូលផ្លូវបំបែក ឬសួនឧទ្យាន ជាដើម។
ទោះយ៉ាងណា ជីដូនជីតា បិតាមាតា គ្រូឧបជ្ឈាយាចារ្យ ក៏ចាត់ទុកជា “បូជនីយបុគ្គល” ដែរ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារ កូនចៅគោរពបូជា។ គេមិនអាចសិតរូបសំណាកឪពុកម្តាយ ជាទីសក្ការៈ ទៅតម្កល់លើសួនច្បារសាធារណៈបានឡើយ ប៉ុន្តែ អាចតម្កល់មុខចេតិយ ឬផ្នូរ ក៏ដូចជារូបសំណាកព្រះគ្រូឧបជ្ឈាយ៍ ឬព្រះចៅអធិការវត្ត គេអាចសិតព្រះរូបតម្កល់ក្នុងព្រះវិហារ (បល្ល័ង្កទាបជាងព្រះពុទ្ធប្បដិមា) ឬដាក់ក្នុងសាលាឆាន់បាន។
ដូច្នេះសួរថា តើរូបសំណាកលោកបណ្ឌិតកែម ឡី អាចយកទៅតម្កល់នៅទីលានប្រជាធិបតេយ្យបានឬទេ? សំណួរនេះ គួរទុកឱ្យក្រុមគ្រួសារនៃសព ក៏ដូចអ្នកតំណាងរាស្ត្របក្សប្រឆាំង ជាអ្នកឆ្លើយទើបសម ព្រោះអស់លោកសុទ្ធតែជាបណ្ឌិត បញ្ញវន្ត ចេះជាងអ្នកកាសែតទៅទៀត។ ចំពោះលិខិតរបស់អាជ្ញាធររាជធានី ដែលសរសេរថា “កន្លងមកប្រជាពលរដ្ឋយើង ពិសេសមន្ត្រីរាជការ និងយុទ្ធជនជាច្រើន បានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុឯកភាពជាតិមាតុភូមិ បូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ហើយយើងបានលើកតម្កើងគុណបំណាច់និងស្នាដៃរបស់ពួកគាត់ ដោយគ្រាន់តែបានកសាងនូវ ស្តូបអនុស្សាវរីយ៍រំលឹកគុណ ជានិមិត្តរូបតែប៉ុណ្ណោះ ដោយពុំមានការកសាងរូបសំណាកជាលក្ខណៈបុគ្គលនោះទេ”។
ចម្លើយក្នុងលិខិតនេះ មិនទាន់អស់ក្បាច់នៅឡើយ អាចធ្វើឱ្យបក្សប្រឆាំង ចោទប្រកាន់ថា អាជ្ញាធររាជធានីចង្អៀត– ចង្អល់ ជាប់និន្នាការនយោបាយ ប៉ុន្តែ បើសិនជាអាជ្ញាធរលើករឿង “បូជនីយបុគ្គល” មកដាក់ក្នុងលិខិតឆ្លើយតបនោះ ប្រហែល ជាអ្នកស្នើសុំតម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី អាចទទួលយកបាន។ គួរយល់ថា ទោះបីលោកបណ្ឌិតកែម ឡី មិន មានឋានៈជាបូជនីយបុគ្គលក្តី ក៏លោកជាអ្នករិះគន់សង្គមដ៏ល្បីល្បាញ មិនចាញ់លោកធន ប៊ុនលី, លោកនន្ទ ចន្ទ, លោកធូ ឆមង្គល, លោកឈុត វុទ្ធី និងលោកជា វិជ្ជា ជាដើម ដែលជាអ្នកកាសែត អ្នកការពារព្រៃឈើ និងសហជីពនោះឡើយ។ បើអាជ្ញាធររាជធានីបញ្ជាក់ថា មិនអាចឱ្យតម្កល់រូបសំណាកជាលក្ខណៈបុគ្គលបាននោះ តើអាចកសាងស្តូបអនុស្សាវរីយ៍ ដោយ ប្រមូលឈ្មោះអ្នកកាសែត សកម្មជនព្រៃឈើ សហជីព ដែលត្រូវគេធ្វើឃាតនោះ រួមទាំងលោកបណ្ឌិតកែម ឡី ផងដែរ មកចារឹកទុកក្នុងស្តូបបានទេ ដើម្បីឯកភាពជាតិ?
សរុបទៅ “រូបសំណាកបូជនីយបុគ្គល” អាចតាំងតម្កល់នៅតាមទីតាំងសាធារណៈបាន ប៉ុន្តែ ក្រៅពីព្រះពុទ្ធ ព្រះយេស៊ូ ព្រះមហាម៉ាត់ ព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជ វីរបុរស កវីនិពន្ធឆ្នើម មិនអាចតម្កល់តាមទីតាំងសាធារណៈបានឡើយ។ ទោះយ៉ាងនេះក្តី មនុស្សល្បី គេអាចយកទៅដាក់ឈ្មោះដងវិថី ឈ្មោះសាលារៀន ឈ្មោះស្ពាន ជាដើមបាន ឬអាចសិតរូប សំណាកដាក់មុខផ្នូរ ឬចេតិយជាលក្ខណៈគ្រួសារ។ បូជនីយបុគ្គលប៉ុន្មានពួកខាងលើនេះ មិនពាក់ព័ន្ធនយោបាយទេ មនុស្ស ណាក៏គោរពដែរ ប៉ុន្តែ បើពាក់ព័ន្ធនយោបាយ ភាគីម្ខាងគោរព ឯភាគីម្ខាងទៀតស្អប់ ដែលជារឿងពិបាកធ្វើណាស់ បើសិន ជាយករូបសំណាកទៅតាំងពីមុខអ្នកស្អប់…”៕
ដោយ ៖ អាចារ្យថាំ