Saturday, April 20, 2024
Homeព័ត៌មានជាតិធនាគារ​អភិ​វឌ្ឍន៍​ជន​បទ ផ្តល់​ឥណ​ទាន ទិញ​ស្រូវ​ស្តុក​ទុក

ធនាគារ​អភិ​វឌ្ឍន៍​ជន​បទ ផ្តល់​ឥណ​ទាន ទិញ​ស្រូវ​ស្តុក​ទុក

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ បាន បញ្ជាក់ឱ្យដឹងថា ក្រោយជួបវិបត្តិតម្លៃស្រូវ អង្កររួចមក ធនាគារអភិវឌ្ឍន៍ជនបទ បានចុះ ពិនិត្យដោយផ្ទាល់ និងបានកត់សម្គាល់ឃើញ នូវស្ថានភាពស្រូវ ចំនួន៧ចំណុចសំខាន់ៗ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា “ធនាគារ អភិវឌ្ឍន៍ជនបទ មានកិត្តិយសសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ មន្ត្រីរាជការ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ជ្រាបអំពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផល ស្រូវថា ធនាគារអភិវឌ្ឍន៍ជនបទ បានទទួល បានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យបំពេញ តួនាទី ធ្វើជាប្រតិបត្តិករក្នុងការផ្តល់ឥណទាន កាតាលីករ ជូនដល់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ ជំរុញការទិញស្រូវក្នុងស្រុក ដើម្បីស្តុកទុក។ការណ៍នេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពី បងប្អូនប្រជាកសិករ ក៏ដូចជាបណ្តាម្ចាស់រោង ម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញ ដែលកំពុង ជួយទិញស្រូវពីប្រជាកសិករយ៉ាងពិតប្រាកដ។ បន្ទាប់ពីការចុះពិនិត្យដោយផ្ទាល់ដល់ទីកន្លែង របស់ក្រុមការងារ ធនាគារអភិវឌ្ឍន៍ជនបទ បានសង្កេតឃើញស្ថានភាពស្រូវ និងបានកត់ សម្គាល់ជាទូទៅ ដូចខាងក្រោម ៖

ឆ្នាំនេះ ទិន្នផលស្រូវរបស់បងប្អូនប្រជាកសិករមានកំណើនខ្ពស់ ពោលគឺទទួលបាន ផលប្រមាណពី៥តោន ទៅ៧តោនក្នុងមួយ ហិកតារ។

មានភ្លៀងធ្លាក់ច្រើននៅតាមតំបន់ ប្រមូលផលដែលបណ្តាលឱ្យមានជំនន់ទឹកភ្លៀង ជាហេតុធ្វើឱ្យបងប្អូនប្រជាកសិករ ប្រមូលផល  ក្នុងពេលតែមួយជាមួយគ្នា ទន្ទឹមនឹងការខ្វះ ឡសម្ងួតស្រូវរបស់រោងម៉ាស៊ីន ធ្វើឱ្យឈ្មួញ កណ្តាល ឆ្លៀតឱកាសទម្លាក់ថ្លៃស្រូវក្រោមការ កំណត់របស់រាជរដ្ឋាភិបាល។

រោងម៉ាស៊ីនភាគច្រើនលើសលប់ បាន និងកំពុងប្រើប្រាស់ទុនផ្ទាល់ខ្លួន មិនទាន់អស់ ក្នុងការទិញស្រូវពីបងប្អូនប្រជាកសិករនៅឡើយ ទេ (ការខ្វះទុនអាចមិនទាន់ចោទជាបញ្ហានៅ ឡើយទេ) ពីព្រោះកញ្ចប់ថវិកាពិសេសរបស់ រាជរដ្ឋាភិបាល ត្រូវបានផ្តល់ឥណទានអស់ចំនួន ប្រហែល៨០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ គិត មកដល់ថ្ងៃនេះ។

មានឃ្លាំងស្តុកស្រូវច្រើននៅទំនេរនៅ ឡើយ (អាចមិនទាន់ខ្វះឃ្លាំងស្រូវ) ព្រោះស្រូវ ដែលសម្ងួត ហើយត្រូវបានយកទៅកិនជាអង្ករ  ភ្លាមៗ ដើម្បីធ្វើការចែកចាយក្នុងស្រុក និង តម្រូវការនាំចេញ។

ការប្រមូលផលស្រូវសែនក្រអូប ជិត ដល់ការបញ្ចប់ហើយ គឺនៅសល់ពេលប្រហែល ពីរសប្តាហ៍ទៀត។

ទោះបីខ្វះឡសម្ងួតស្រូវ ហើយស្រូវផ្កា រំដួល ឬផ្កាម្លិះ នឹងត្រូវប្រមូលផលក្នុងខែវិច្ឆិកា និងធ្នូ ខាងមុខនេះក្តី ក៏កង្វល់នេះ រំពឹងថានឹង អាចដោះស្រាយបាន ព្រោះខែវិច្ឆិកា និងខែធ្នូ អាចនឹងមិនមានភ្លៀងធ្លាក់ច្រើន ដូចនៅក្នុង ពេលនេះទេ ហើយបងប្អូនប្រជាកសិករ អាច ធ្វើការហាលសម្ងួតស្រូវ នៅតាមលំនៅឋាន រៀងៗខ្លួនបាន និងអាចធ្វើការផ្ញើស្រូវ ឬលក់ បាននៅពេលក្រោយ។ ជាមួយគ្នានេះ ធនាគារ អភិវឌ្ឍន៍ជនបទ ក៏រំពឹងថា សកម្មភាពប្រមូល ទិញស្រូវផ្ការំដួល ឬផ្កាម្លិះនេះ នឹងកើនឡើង ដូចបណ្តាឆ្នាំមុនៗដែរ។

ទន្ទឹមនេះ ការប្រមូលផលស្រូវវស្សា នៅក្នុងពេលខាងមុខឆាប់ៗនេះ ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមថវិកា ដែលជាកញ្ចប់ ថវិកាពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ ឥណទានដល់បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលមានតម្រូវការ ក្នុងអត្រាការប្រាក់៧ភាគរយ ក្នុងមួយឆ្នាំ ឬ០,៥៨៣ភាគរយ ក្នុងមួយ ខែ។ ធនាគារអភិវឌ្ឍន៍ជនបទ រំពឹងថា បញ្ហា ខាងលើនេះ អាចនឹងត្រូវបានដោះស្រាយ។

ជាថ្មីម្តងទៀត ធនាគារអភិវឌ្ឍន៍ជនបទ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ បន្តជួយ “មួយ គ្រួសារទិញអង្ករខ្មែរមួយបាវ រួមគ្នាជួយកសិករ ខ្មែរ”។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ មន្ត្រីរាជការ និងម្ចាស់រោង ម៉ាស៊ីនទាំងអស់ ជ្រាបជាព័ត៌មាន”។

ពាក់ព័ន្ធទៅនឹងវិបត្តិតម្លៃស្រូវអង្ករនេះ ដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា មានរោងម៉ាស៊ីនប្រមាណជាង១៥០ ដែលជា សមាជិករបស់សហព័ន្ធ បានប្រមូលទិញស្រូវ សែនក្រអូបរបស់ប្រជាកសិករ ដែលជួបប្រទះ នូវបញ្ហាធ្លាក់ថ្លៃ បានប្រមាណជាង៣០ម៉ឺនតោន ហើយ ខណៈដែលស្រូវសែនក្រអូបរបស់កសិករ ប្រមាណ២០ម៉ឺនតោនទៀត កំពុងនៅវាលស្រែ ប្រមូលផលនៅឡើយ ដែលបញ្ហានេះ ទាមទារ ឱ្យសាធារណជន បន្តចូលរួមជួយទិញស្រូវអង្ករ របស់ប្រជាកសិករបន្ថែមទៀត ដើម្បីជួយកសិករ ខ្មែរ។

គួររំព្ញកថា បញ្ហាការធ្លាក់ចុះតម្លៃស្រូវ អង្ករនេះ បានធ្វើឱ្យប្រជាកសិករ ជួបប្រទះនូវ ផលលំបាកយ៉ាងខ្លាំង និងត្អូញត្អែរពីការខាតបង់ ខណៈដែលប្រមូលទិន្នផលបានខ្ពស់ ប៉ុន្តែតម្លៃ ធ្លាក់ចុះទាបមិនអាចទទួលយកបាន។ ជាដំណោះស្រាយរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ កម្មវិធីពិសេសមួយ តាមរយៈការទម្លាក់ថវិកា ចំនួន២០លានដុល្លារ រួមនិងធនាគារអភិវឌ្ឍន៍ ជនបទ បានបញ្ចោញថវិកាចំនួន៧លានដុល្លារ ផង ដែរ ដើម្បីផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីន កិនស្រូវនានាឱ្យប្រមូលទិញស្រូវពីប្រជាកសិករ។ ជាមួយនេះ រាជរដ្ឋាភិបាល រួមនិងធនាគារ អភិវឌ្ឍន៍ជនបទបានអំពាវនាវចលនាឱ្យប្រជាពលរដ្ឋទូទៅ រួមនិងមន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន ឯកជន ពាណិជ្ជករ ជួយទិញស្រូវអង្ករពីប្រជាកសិករក្នុងគោលបំណងជួយដល់កសិករខ្មែរ ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះតម្លៃ ស្រូវ”៕

RELATED ARTICLES