Saturday, April 20, 2024
Homeព័ត៌មានជាតិព្រៃ​ឈើ​បន្ត​វិនាស អ្នក​ការ​ពារ​ព្រៃ​ឈើ ប្រកាស​មិន​ទទួល​មេដាយ​កិត្តិ​យស

ព្រៃ​ឈើ​បន្ត​វិនាស អ្នក​ការ​ពារ​ព្រៃ​ឈើ ប្រកាស​មិន​ទទួល​មេដាយ​កិត្តិ​យស

ភ្នំពេញ ៖ ប្រធានអង្គការព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានប្រកាសថា ព្រះអង្គនឹងមិន ទទួលមេដាយកិត្តិយសពីប្រមុខរាជរដ្ឋាភិបាល កម្ពុជាទេ បើដរាបណាព្រៃឈើ នៅតែបន្ត វិនាស ដោយសារពួកអ្នកមានអំណាច និងឈ្មួញ ទុច្ចរិតកាប់បំផ្លាញ។

ព្រះតេជគុណប៊ុត ប៊ុនតិញ បានសរសេរ នៅក្នុងហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ថា “ព្រៃឈើនៅតែបន្ត កាប់យ៉ាងអនាធិបតេយ្យ នៅខេត្តព្រះវិហារ ដោយក្រុមហ៊ុនហុង សុភាព ដែលមានអ្នក មានអំណាចកាងក្រោយខ្នង។

អ្នកការពារព្រៃឈើមិនគួរទទួលមេដាយ កិត្តិយសទេ បើព្រៃឈើនៅតែត្រូវបានអ្នកមាន អំណាច និងឈ្មួញទុច្ចរិតកាប់បំផ្លាញ។

អាត្មាភាពភិក្ខុប៊ុត ប៊ុនតិញ ប្តេជ្ញាចិត្តថា មិនទទួលមេដាយដែលនឹងត្រូវប្រគេនដោយ រដ្ឋាភិបាលកម្ពុជាទេ។ អាត្មាភាព ត្រូវការព្រៃឈើខ្លាំងជាងមេដាយកិត្តិយស”។

ជុំវិញការប្រកាសមិនទទួលមេដាយកិត្តិយសពីរាជរដ្ឋាភិបាល ប្រសិនបើព្រៃឈើនៅ តែបន្តវិនាសដោយសារឈ្មួញទុច្ចរិតកាប់បំផ្លាញ នេះ “នគរធំ” បានធ្វើបទសម្ភាសន៍ជាមួយព្រះតេជគុណប៊ុត ប៊ុនតិញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ដែលមានខ្លឹមសារទាំងស្រុងដូច ខាងក្រោម ៖

នគរធំ ៖ សូមក្រាបបង្គំព្រះតេជគុណ ប៊ុត ប៊ុនតិញ ! តើព្រះអង្គអាចមានពុទ្ធដីកាបញ្ជាក់ បន្ថែមបានទេ មូលហេតុសំខាន់អ្វីខ្លះដែលព្រះអង្គប្រកាសមិនទទួលយកមេដាយកិត្តិយសពី រាជរដ្ឋាភិបាល?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ ពរ! និយាយ ពីមូលហេតុ បើមូលហេតុចម្បង អាត្មាទទួល ទៅ វាខ្មាសគេ ដោយសារព្រៃឈើ នៅតែកាប់ ហើយកាប់យ៉ាងគំហុកមែនទែន ហើយដល់ ពេលយើងទទួលមេដាយការពារព្រៃឈើ វាដូច កុហកខ្លួនឯង។ ឈើគេកាប់ពេញព្រៃ ហើយ អាត្មាទទួលមេដាយថា ការពារព្រៃ ស្នាដៃការពារព្រៃ អាត្មាវាមិនហ៊ានយក វាខ្មាសគេ អានោះឯងរឿងទី១។ ដូចអត់មានរឿងអីធំទេ គ្រាន់ថា យកមេដាយមក ដូចវាកុហកជីវិតខ្លួន ឯង កុហកការងារខ្លួនឯង ក្នុងនាមជាអ្នកការពារ ព្រៃ ហើយការពារអីមិនបានផង យើងយកតែ មេដាយ វាមិនខុសអីពីអ្នកមានស័ក្តិពាក់ពេញ ខ្លួន ប៉ុន្តែធ្វើអីវាមិនកើត ហើយអាត្មាមិនសូវ ពេញនិយមទេ អារឿងពាក់តែស្លាក ហើយធ្វើ អីវាមិនកើត។ បើសិនអាត្មាពាក់ស្លាកហើយ  ធ្វើអីមិនបាន មានអីខុសពីទីងមោង! ទីងមោង គេដាក់ឱ្យឈរមុខផ្ទះ ប៉ុន្តែចង់អាឡានចូល ក៏ ទីងមោងមិនដឹង អារឿងខ្មោចចូល ក៏ទីងមោងមិនដឹង។ អាហ្នឹងដែលអាត្មាអត់ចង់យក មេដាយហ្នឹង ហេតុផលតែប៉ុណ្ណឹងទេ ហើយរឿង មួយទៀត អាត្មាគិតថា ឱ្យមេដាយ ដោយសារ ស្នាដៃសកម្មភាពបំពេញការងារ ហើយជាការងារ ត្រឹមត្រូវបានផលប្រយោជន៍ទៅសង្គមនិងជាតិ ប៉ុន្តែបើឱ្យមេដាយហើយ ហាមអាត្មាមិនឱ្យធ្វើ សូម្បីតែឥឡូវបុណ្យ១០០ថ្ងៃលោកបណ្ឌិត កែម ឡី ដែលជាអំពើល្អ ដែលជាកិច្ចការរបស់ ជនរួមជាតិ ដែលត្រូវបន្តវប្បធម៌របស់ជាតិ យើងហាមមិនឱ្យធ្វើ អាជ្ញាធរមិនឱ្យធ្វើ មកដល់ ម៉ោងនេះហើយ អាត្មាពាក់មេដាយ មានន័យ អី បើអំពើល្អ អាត្មាធ្វើមិនបាន? ដូច្នេះហើយ បានអាត្មាដាក់លក្ខខណ្ឌថា អាត្មាយកមេដាយ មិនបដិសេធទេ ព្រោះប្រមុខរដ្ឋឱ្យ វាមាន កិត្តិយសណាស់ វាបានប្រយោជន៍ណាស់ ព្រោះ មនុស្សច្រើនណាស់ ដែលចង់ធ្វើអីៗដើម្បីបាន ស្គាល់ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី ឬក៏ព្រះមហាក្សត្រ កោតសរសើរដល់អាត្មា ធ្វើការបានតិចតួច គេកោតសរសើរ មានន័យថា អាត្មាមាន កិត្តិយសធំហើយ បានគេឱ្យ ក៏ប៉ុន្តែសុំបិណ្ឌបាត ដាក់លក្ខខណ្ឌថា ទី១ សុំឱកាសធ្វើអំពើល្អ ឱ្យ បានច្រើន រួមទាំងបុណ្យ១០០ថ្ងៃ របស់លោក បណ្ឌិតកែម ឡី ហើយមួយទៀត សុំឱ្យបង្ហាញ កាមេរ៉ាសុវត្ថិភាពដែលនៅស្តារម៉ាត ហើយមួយ ទៀត ក៏ផ្តល់យុត្តិធម៌ឱ្យគ្រួសារលោកកែម ឡី។ អាហ្នឹងរឿងដែលអាត្មាចង់បាន ហើយមេដាយ  អាត្មាទទួល អត់អីទេ ប៉ុន្តែរឿងដែលអាត្មា ឃើញសកម្មភាពកាប់ព្រៃវានៅតែធំ អាត្មាថា កុំទាន់ឱ្យអាត្មាៗមិនទាន់យកទេ ព្រោះព្រៃវា នៅតែកាប់ យកមកធ្វើមកអី ចុះមើលអាត្មា ចេញវស្សាហើយទៅព្រៃទៀត បើសិនណា ការ កាប់ព្រៃហ្នឹងវាថយចុះ ឬក៏មានការទប់ស្កាត់ ពេញលេញ ហើយមានខ្លាចអីរឿងយកមេដាយ ព្រោះអាហ្នឹងស្នាដៃរបស់យើង ។

នគរធំ ៖ ក្នុងន័យនេះ ជាសរុបទៅ ជំនួស ឱ្យការមិនទាន់ចង់ទទួលមេដាយ តើព្រះតេជគុណ ចង់បានអ្វីជាចម្បងពីរាជរដ្ឋាភិបាល?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ អាត្មាដូចជា មិនចង់បានអីពីរដ្ឋាភិបាល មានតែចង់ជួយរដ្ឋាភិបាលវិញ។ ចង់ជួយរដ្ឋាភិបាល តាមរយៈរូបភាព រុញឱ្យជនរួមជាតិហ្នឹង ចេះធ្វើអំពើល្អ កុំឱ្យធ្វើ អំពើអាក្រក់ ព្រោះសង្គមយើងអន់ថយ សង្គម យើងដើរក្រោយគេ ដោយសារយើងមិនសូវ បានធ្វើអំពើល្អច្រើន យើងធ្វើអំពើល្អបន្តិចបន្តួច លុបលាងអំពើអាក្រក់ដែលយើងធ្វើ។ ឧទាហរណ៍ ថា ទៅធ្វើព្រះវិហារមួយ ដោយសារយើងកាប់ ព្រៃអាមួយព្រៃ បានយើងធ្វើព្រះវិហារមួយ។ អាហ្នឹងគេហៅថា លុបលាង ដូច្នេះអត់ចង់ឱ្យ មានសកម្មភាពបែបលុបលាងទេ គឺថា អំពើល្អ ដឹងល្អ អាក្រក់ ដឹងអាក្រក់ យើងជំរុញឱ្យជន រួមជាតិហ្នឹងធ្វើ។ កាលណាជនរួមជាតិក្លាយទៅ ជាជនរួមជាតិ និងពលរដ្ឋល្អ វាកាត់បន្ថយបន្ទុក រដ្ឋាភិបាល អាហ្នឹងរឿងមួយ។ មួយទៀត យើង មើល ឧទាហរណ៍ដូចជាមនុស្សល្មើសច្បាប់ចរាចរណ៍ បើកបរមិនគោរពច្បាប់ ផឹកគ្រឿងស្រវឹង អីជាដើម អ៊ីចឹងដល់ពេលពិការ បន្ទុករបស់ជាតិ បន្ទុករបស់រដ្ឋ ហើយរដ្ឋខាតសេដ្ឋកិច្ច ខាតអី ណាស់។ ដូច្នេះអ្វីដែលអាត្មាធ្វើ គឺចង់រុញឱ្យមនុស្ស ធ្វើអំពើល្អ ដើម្បីកាត់បន្ថយបន្ទុករបស់រដ្ឋ ហើយ កាលណារដ្ឋយើងមានបន្ទុកច្រើន យើងចេះតែ ក្រទៅៗ ដើរមិនទាន់គេទេ អាហ្នឹងដែលអាត្មា ចង់ជួយរដ្ឋាភិបាលទៅវិញទេ អត់ចង់បានអីពី រដ្ឋាភិបាលទេ អាហ្នឹងមួយ ហើយមួយទៀត បិណ្ឌបាតថា រដ្ឋាភិបាលមកដល់ថ្ងៃនេះ បើមុន សម្រេចចិត្តធ្វើអីត្រូវតែពិនិត្យឆន្ទៈពលរដ្ឋចង់ បានអី ពលរដ្ឋគេស្រលាញ់អី ក្រឡេកមើល ឆន្ទៈគេទៅ ហើយយើងធ្វើបំពេញឆន្ទៈពលរដ្ឋ ព្រោះយើងអ្នកដឹកនាំរដ្ឋ មានន័យថា អ្នកការពាររាស្ត្រ អ្នកបម្រើរាស្ត្រ។ កាលណាយើង អ្នកបម្រើរាស្ត្រ ហើយយើងមិនស្តាប់មតិគេ យើងមិនមើលឆន្ទៈគេ យើងបម្រើមិនត្រូវតាម សេចក្តីត្រូវការរបស់រាស្ត្រទេ។ អាហ្នឹងជាការ បិណ្ឌបាតរបស់អាត្មា មានប៉ុណ្ណឹងឯង។

នគរធំ ៖ តើមេដាយនោះអាចប្រគល់ជូន ព្រះតេជគុណ នៅពេលណាដែរ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ មិនដឹងទេ ចម្រើនពរ ! ប្រហែលគេប្រគល់ឆាប់នេះឯង  ប៉ុន្តែអាត្មាមិនទាន់យក បើគេប្រគល់ក៏ប្រគល់  ទៅ អាត្មាមិនយក មានអី បើអាត្មាយក ខ្មាសគេ ណាស់ ដោយសារព្រៃវាកាប់យ៉ាងគំហុក ហើយ គេយកពាក់មេដាយទៅ វាអត់មានន័យ អាត្មា មិនយកទេ។

នគរធំ ៖ ប៉ុន្តែតើព្រះតេជគុណចាត់ទុក ថា ជាចេតនាល្អទេ ដែលរាជរដ្ឋាភិបាលសម្រេច ប្រគល់មេដាយថ្នាក់ធិបឌិន្ទជូនព្រះតេជគុណ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ អាត្មាមើល មកថា វាជារឿងត្រឹមត្រូវ ហើយជាការសម្រេចចិត្តត្រូវហើយ ប៉ុន្តែការឱ្យហ្នឹងវាហាក់បីដូចជា  មិនបានពិនិត្យមើលពីទំហំការកាប់ព្រៃហ្នឹងវា ធំប៉ុនណា? ហើយឱ្យក្នុងពេលដែលព្រៃកំពុង តែកាប់ គេអត់ដែលធ្វើអ៊ីចឹងទេ ជោគជ័យគេ បំពាក់មេដាយក៏ដោយ គេឱ្យជារង្វាន់អីមួយក៏ ដោយ គឺក្រោយពីអ្វីៗគេធ្វើបានចប់សព្វគ្រប់។  ឧទាហរណ៍ថា គេសម្ពោធព្រះវិហារ គេអត់ ដែលសម្ពោធពេលដែលវិហារទើបចាក់គ្រឹះទេ  ទាល់វិហារហ្នឹងបញ្ចុះសីមារួច ចាក់គ្រឹះរួច បាន គេសម្ពោធ ហើយគេបំពាក់មេដាយ ហើយដល់ អាត្មាទើបបុកគ្រឹះនៅក្នុងព្រៃ គឺបុកគ្រឹះការពារ ព្រៃទើបនឹងធ្វើ មកឱ្យរង្វាន់ មានន័យថា វាមិន ទាន់បានធ្វើអីសោះ ហើយយើងឱ្យរង្វាន់ដូច ទិញទឹកចិត្ត។ ប៉ុន្តែនេះជាការគិតគូរត្រឹមត្រូវ មួយហើយ ប៉ុន្តែមិនគួរឱ្យនៅពេលនេះទេ ចាំ វិហារធ្វើរួច បានគេបំពាក់មេដាយ ចាំព្រៃការពារ គង់សិន ចាំឱ្យ អាហ្នឹងអត់អីទេ ប៉ុន្តែអ្វីដែល ត្រូវឱ្យមុនគេ គឺថាឱ្យការសហការ ឱ្យការជ្រោមជ្រែងបច្ចេកទេសណាមួយ ឬក៏ផ្តល់លទ្ធភាពឱ្យ គេការពារព្រៃ ដោយមិនមានការគំរាមកំហែង អានោះជាមហារង្វាន់។ ដូច្នេះការចាត់ទុកថា  ការការពារព្រៃឈើសំខាន់ជាងមេដាយ ត្រឹមត្រូវ អាត្មាស្រលាញ់អាពាក្យហ្នឹង ហើយអាត្មា ចូលចិត្តធ្វើអាហ្នឹង។

នគរធំ ៖ អ៊ីចឹង ចុងក្រោយ ព្រះតេជគុណ មានអ្វីជាសំណូមពរបន្ថែមទៀតឬទេ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ ទេ ! ដូច គ្រប់ហើយ អាត្មាគិតថាល្មមហើយ បិណ្ឌបាត ប៉ុណ្ណឹង ឱ្យតែសហការល្អ ឱ្យគេធ្វើការពេញលេញ ទៅ ព្រៃវាគង់ អាត្មាសប្បាយចិត្ត។ អាត្មាគិត ថា ពេលវេលាមកដល់ហើយ យើងសង្ឃឹមថា វាមានប្រសិទ្ធភាពជាងមុន ដោយសារបើសិន ជាមិនយកចិត្តទុកដាក់នៅក្នុងពេលនេះទេ ទាំង រដ្ឋហើយនិងរាស្ត្រយើង អន្តរាយជាតិខ្មែរមួយ ទាំងមូលអន្តរាយ វាមិនមែនអន្តរាយរដ្ឋាភិបាល ញោមហ៊ុន សែន ឯណា ប្រជាពលរដ្ឋលរស់នៅ ក្នុងប្រទេសខ្មែរហ្នឹងក៏អន្តរាយ រដ្ឋាភិបាលដឹក នាំដោយញោមនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ អន្តរាយ។ ដូច្នេះពេលវេលាដែលយើងរួមគ្នា ទប់ស្កាត់កុំឱ្យជាតិយើងអន្តរាយ អាហ្នឹងវាដល់ ពេលហើយ វាអាចមានប្រសិទ្ធភាពហើយ។

គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបំពាក់មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ប្រគេនព្រះសង្ឃ២អង្គ ដែលមានស្នាព្រះហស្តក្នុងការរួមចំណែក ដល់ការថែរក្សា កិច្ចការពារ និងអភិរក្សធនធានធម្មជាតិក្នុង ព្រះរាជាណាចក្រកម្ពុជា កន្លងមក។ ក្នុងនោះ ១ព្រះតេជគុណប៊ុត ប៊ុនតិញ នាយកប្រតិបត្តិ អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងជា ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម និង២ព្រះគ្រូឧត្តរមណីប៊ុន សាលួត ព្រះមេគុណខេត្តឧត្តរមានជ័យ៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES