Saturday, April 27, 2024
Homeសេដ្ឋកិច្ចជាតិខេត្ត​​ព្រះ​​សី​ហនុ​ ទាក់​ទាញ​​ទាំង​ទេស​ចរណ៍ និង​​ការ​​វិនិ​យោគ

ខេត្ត​​ព្រះ​​សី​ហនុ​ ទាក់​ទាញ​​ទាំង​ទេស​ចរណ៍ និង​​ការ​​វិនិ​យោគ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមុននេះ អាជ្ញាធរខេត្តព្រះសីហនុបានអះអាងថាទឹកដីរបស់ខ្លួនសម្រេចបាននូវគោលដៅទេសចរណ៍ដោយសារតែមានអ្នកទេចណ៍មកកម្សាន្តច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះជាពិធីបុណ្យឆ្នាំនេះត្រូវគេឃើញមានតំបន់ទេសចរណ៍ស្ទើរគ្រប់កន្លែងសុទ្ធតែបានរៀបចំក្នុងការទាក់ទាញអ្នកទេសចរណ៍។ ក្នុននោះគម្រោងវិនិយោគក៏ត្រូវគេឃើញលេចឡើងស្របគ្នានឹងកំណើនអ្នកទេសចរណ៍ផងដែរ។

seyhaknus1

យោងតាមការប្រកាសឲ្យដឹង ទឹកដីខេត្តព្រះសីហនុនៅតែអាចសម្រេចបានផែនការទាក់ទាញអ្នកទេសចរណ៍ឲ្យមានកំណើនខ្ពស់ជាងបុណ្យភ្ជុំបិណ្ឌចូលឆ្នាំក្នុងឆ្នាំ២០១៥ បើទោះជាចំនួនអ្នកទេសចរណ៍ដែលទៅកម្សាន្តនៅខេត្តផ្សេងភាគច្រើនសុទ្ធតែមានការកើនឡើងដែលធ្វើអោយគេយល់ថាអាចទាញអ្នកចុះមកលេងនៅខេត្តព្រះសីហនុអោយធ្លាក់ចុះ។ មិនថាតំបន់ឆ្នេរ សូម្បីតែតំបន់កោះជិតឆ្ងាយ និងនៅតាមរមណីយដ្ឋានទាំងឡាយនៅខេត្តព្រះសីហនុ សុទ្ធតែមានកំណើនអ្នកទៅកម្សាន្តច្រើនហួសពីការស្មានទាំងអស់ពេញរយៈពេល៤៥ថ្ងៃនៅក្នុងឱកាសបុណ្យភ្ជុំមុននេះ។ ជាក់ស្ដែងនៅតាមតំបន់ឆ្នេរអូរឈើទាលមានអ្នកទស្សនារហូតដល់រាប់ម៉ឺននាក់នៅពាក់កណ្ដាលយប់ ដោយសារតែក្រុមមន្ត្រីអាជ្ញាធរបានរៀបចំកែលម្អឆ្នេរឲ្យមានសោភ័ណ្ឌភាព និងឲ្យធំទូលាយជាងមុនផង។ យ៉ាងណាក៏ដោយក៏មានរិះគន់ដោយបើកចំហរជាច្រើន ពាក់ព័ន្ធនឹងបញ្ហាអនាម័យ និងការឡើងថ្លៃសេវាកម្មទេសចរណ៍ដែលនៅតែមានការឆ្លៀតឱកាសពីសំណាក់អ្នកលក់ដូរ និងម្ចាស់សេវាកម្មនៅរាល់អំឡុងបុណ្យទាននោះ។

ប្រភពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញមោទនភាពជាមួយនឹងការកើនឡើងនូវចំនួនអ្នកទេសចរណ៍ ដោយលោកអះអាងថាគឺជាអ្វីដែលខេត្តព្រះសីហនុសម្រេចបាន នៅក្នុងកាលៈទេសៈដែលនៅតំបន់ផ្សេងសុទ្ធតែបានរៀបចំការកម្សាន្តដើម្បីទាញទាញអ្នកកម្សាន្តពីខេត្តព្រះសីហុន នៅតែគ្មានឥទ្ធិពលប៉ះពាល់។ ក្នុងរយៈពេលបុណ្យចូលភ្ជុំទើបបញ្ចប់ ទឹកដីខេត្តព្រះសីហនុមានភ្ញៀវរហូតដល់រាប់ម៉ឺននាក់គឺខ្ពស់ជាងឆ្នាំ២០១៥ទៅទៀត សម្រាប់រយៈពេលដូចគ្នា។ លោកថាអ្នកទេសចរមិនថាជាពលរដ្ឋក្នុងស្រុក និងជនបរទេសនៅតែបន្តសម្រុកទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុ បើទោះបីជានៅកន្លែងផ្សេងមានភាពទាក់ទាញ។ ក្នុងនោះតំបន់សមុទ្រលេចធ្លោ និងមានភ្ញៀវសឹងមិនមានកន្លែងអង្គុយតែម្ដង អោយតែដល់រដូវកាលបុណ្យទានម្ដងៗ។ ទឹកដីខេត្តអោយតែដល់បុណ្យទានម្ដងៗ ជាពិសេសកាលពីអំឡុងចូលឆ្នាំខ្មែរ គឺមានដល់ជាង១១ម៉ឺននាក់ ដោយក្នុងបរិមាណភ្ញៀវសរុបមួយលើកៗ គឺភ្ញៀវជាតិមានចំនួនប្រមាណជាង៨០ភាគរយ និងភ្ញៀវជាតិមានជាង២០ភាគរយ។ ដោយសារតែកំណើនអ្នកទេសចរណ៍បង្ហាញខ្លួនកើនឡើងគ្រប់ពេលឱកាសបុណ្យទាននោះហើយ ដែលធ្វើអោយគម្រោងសំខាន់ៗនៅខេត្តព្រះសីហនុត្រូវបានលេចឡើង។ សំណង់ខុនដូរ បុរី និងបណ្ដាសណ្ឋាគារលំដាប់ផ្កាយត្រូវបានសុំសិទ្ធិបង្កើតឡើងជាហូរហែរ ដោយតាមការប្រកាសគឺនឹងធ្វើអោយបានរួចរាល់នៅមុនថ្ងៃទី១៧ ខែធ្នូ ក្នុងឆ្នាំ២០១៦នេះ ដើម្បីទទួលភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។ លោកនូ សុផល តំណាងមន្ទីរទេសចរណ៍ខេត្តធ្លាប់បានបញ្ជាក់ថា ខេត្តព្រះសីហុនមានកំណើនអ្នកទៅកម្សាន្តកើនឡើងដាច់ឆ្ងាយខុសពីបណ្ដាខេត្តខ្លះ បើទោះជាខេត្តទាំងនោះប្រឹងប្រែងរៀបចំអោយមានទម្រង់ទាក់ទាញ ដើម្បីបង្វែរអ្នកចង់មកកម្សាន្តនៅខេត្តព្រះសីហនុ អោយងាកទៅតំបន់ថ្មីទាំងនោះ។ លោកថា អំឡុងបុណ្យទានម្ដងៗកាលពីឆ្នាំមុនៗមានតែរង្វង់៤៥ម៉ឺននាក់ប៉ុណ្ណោះ សម្រាប់អ្នកចុះមកកម្សាន្ត ប៉ុន្តែសម្រាប់ឆ្នាំនេះ មិនថាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌគឺសុទ្ធតែដល់រង្វង់មួយសែននាក់ដែលមានអ្នកទេសចរណ៍ចុះមកលេង។

seyhaknus

លោក នូ សុផល បន្តថា មកទល់ពេលនេះទឹកដីខេត្តព្រះសីហនុ ដែលមាន សណ្ឋាគារចំនួនមាន៧១កន្លែងស្មើ៣.២៨៩បន្ទប់ និងផ្ទះសំណាក់ចំនួន២៦៩ទីតាំងស្មើនឹង ៣.៦៧៣បន្ទប់សឹងមិនគ្រប់តម្រូវការអ្នកទេសចរណ៍ដែលបុកមកកម្សាន្តនោះទេ ទើបគម្រោងវិនិយោគថ្មីៗ ដើម្បីបម្រើអោយក្រុមអ្នកចុះទៅលេង ដាច់ខាតត្រូវតែមានបន្ត។ លោកទទួលស្គាល់ថាតម្លៃម្ហូបអាហារគ្រឿងសមុទ្រដូចជាក្តាមសេះបានកើនឡើងខុសពីថ្ងៃធម្មតា អោយតែដល់បុណ្យទាន ប៉ុន្តែបណ្ដាអាជ្ញាធរបានរៀបចំអោយក្រុមអ្នកលក់ដូរទាំងនោះ ចេះតែកាប់តម្លៃឆៅៗ បណ្ដាលអោយមានការរិះគន់ដូចមុនទៀតទេ។ លោកថាសម្រាប់ខែបុណ្យទាន អាជ្ញាធរនឹងកំណត់អោយលក់ឡើងតែក្នុងចំនួនតិចតួចប៉ុណ្ណោះ ប៉ូន្តែក៏នៅតែមានក្រុមឈ្មួញឆ្លៀតឱកាសលក់ដល់ ក្ដាមពី១គីឡូក្រាមពី៤ម៉ឺនរៀលក្នុងថ្ងៃធម្មតាទៅ៩ម៉ឺនរៀល ត្រីកាម៉ុងពី១គីឡូក្រាម៤ម៉ឺនរៀលដល់១៣ម៉ឺនរៀល និងមឹក បង្គាជាដើមបានឡើងចន្លោះពី២ម៉ឺនទៅ៣ម៉ឺនរៀល លើសថ្ងៃធម្មតា។ ដោយឡែកសម្រាប់ផ្ទះសំណាក់វិញ ក៏តម្រូវអោយដំឡើងត្រឹមពី១៥ដុល្លារទៅ៣០ដុល្លារប៉ុណ្ណោះ ដើម្បីកុំអោយមានការរិះគន់។ លោកថាស្ថានភាពដំឡើងថ្លៃ មិនមានបញ្ហាចម្រូងចម្រាស់ជាមួយអ្នកទេសចរណ៍នោះទេ ដោយសារតែបទពិសោធន៍គឺក្នុងអំឡុងបុណ្យចូលឆ្នាំបែបនេះសកម្មនេសាទក៏មានការកាត់បន្ថយដែលនាំឲ្យតម្លៃគ្រឿងសមុទ្រឡើងថ្លៃ ហើយជាទ្រឹស្ដីសម្រាប់តំបន់ទេសចរណ៍គឺឲ្យតែមានតម្រូវការច្រើនគឺអ្វីៗប្រាកដជាត្រូវបានដំឡើង។ លោកថាកំណើនអ្នកទេសចរណ៍គឺជាប្រាក់ចំណូលយ៉ាងសំខាន់ដល់ដៃពលរដ្ឋដែលមានជំនួញពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ហើយក៏ជាចលករក្នុងការកែប្រែមុខមាត់អ្នករស់នៅក្នុងតំបន់ឲ្យមានជីវភាពកាន់តែប្រសើរ។ លោកមិនបានច្បាស់ពីប្រាក់ចំណូលដែលពលរដ្ឋទូទាំងខេត្តទទួលបាននោះទេ ដោយគ្រាន់តែអះអាងថាក្នុងចំណោមអ្នកទេសចរណ៍ដែលបានចុះទៅកម្សាន្តនៅខេត្តព្រះសីហនុ សុទ្ធតែបានចំណាយខ្ទង់រយដុល្លារក្នុងម្នាក់ៗ ដែលជួយអោយអ្នកខេត្តនោះ ទាំងមូលមានសេដ្ឋកិច្ចស្ទុះឡើង៕

ដោយ ៖ ប៉េង លី

RELATED ARTICLES