ភ្នំពេញ ៖ តារាកំប្លែង ឃុន ចាន់ក្តឹប ហៅនាយក្តឹប និងលោកសួស សងវាចា ដែលកំពុងធ្លាក់ខ្លួនឈឺ បានទទួលអំណោយជាថវិកាពីសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះ នាយក្តឹប ទទួលបាន១០០០ដុល្លារ និងលោកសួស សងវាចា ទទួលបាន២០០០ដុល្លារ។
ថវិកាឧបត្ថម្ភរបស់សម្តេចស ខេង ខាងលើ ត្រូវបានលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម នាំយកទៅប្រគល់ជូនតារាកំប្លែងនាយក្តឹប និងតារាចម្រៀង លោកសួស សងវាចា ដោយផ្ទាល់ដៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ថា “សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានផ្តល់ថវិកាជួយដល់សិល្បករ តារាចម្រៀង និងតារាកំប្លែង ដែលបាត់បង់សមត្ថភាព ៖
១-លោកសួស សងវាចា (ចំនួន២០០០ ដុល្លារ)
២-លោកឃុន ចាន់ក្តឹប (ចំនួន១០០០ ដុល្លារ)
តាមរយៈខ្ញុំបាទ អ៊ូ ប៉ុណ្ណារ៉ាត់ (នាយក្រឹម) បានយកទៅឱ្យដោយផ្ទាល់ដៃដល់លោកទាំងពីរ។
ខ្ញុំបាទសូមប្រសិទ្ធពរជ័យជូនដល់សម្តេច និងលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រីជាទីស្រឡាញ់ ជួបប្រទះតែសេចក្តីចម្រុងចម្រើន សុខដុមរមនា វិបុលសុខបវរមហាប្រសើរ សិរីមង្គល និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ”៕ ខៀវទុំ