Friday, April 26, 2024
Homeព័ត៌មានជាតិប្រុសភ្លេចបិទទ្វារបន្ទប់មួយភ្លែត ស្រីស្ទុះវឹង... ៧ថ្ងៃទើបរកឃើញ

ប្រុសភ្លេចបិទទ្វារបន្ទប់មួយភ្លែត ស្រីស្ទុះវឹង… ៧ថ្ងៃទើបរកឃើញ

ភ្នំពេញ ៖ បុរសម្នាក់ចេញទៅធ្វើការភ្លេចចាក់សោបន្ទប់ ក៏ត្រូវនារីដៃរហ័សម្នាក់ឆ្មក់ចូលឆែកឆេរឃើញប្រាក់២ម៉ឺនដុល្លារ ក៏ប្រមូលយកអស់ រួចរត់គេចខ្លួនបាត់ស្រមោល លុះ៧ថ្ងៃក្រោយមក បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួននារីដៃស្អិតបាន និងយកបានប្រាក់មកវិញជាង១ម៉ឺន៣ពាន់ដុល្លារ។ ចំណែកប្រាក់ជាង៦ពាន់ដុល្លារផ្សេងទៀត ត្រូវនារីរូបនោះចាយហ្មត់ទៅហើយ។

ករណីលួចប្រាក់២ម៉ឺនដុល្លារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់របស់ជនរងគ្រោះ លេខ៩០១ ជាន់ទី៩ Hotel Points មានទីតាំងស្ថិតនៅផ្ទះលេខ១០ ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

លុះមកដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ទើបសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្រាវជ្រាវឃាត់ខ្លួនស្ត្រីដៃស្អិតខាងលើបាន នៅចំណុចភោជនីយដ្ឋាន Big Easy តាមផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

នារីដៃរហ័សដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអែល នូរី អាយុ៣១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ CHEN CHINGWEN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិតៃវ៉ាន់ មុខរបរបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅ Hotel Points ទីតាំងកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានចាកចេញពីបន្ទប់ស្នាក់នៅ ទៅធ្វើការដោយភ្លេចបិទទ្វារបន្ទប់។ លុះដល់ព្រឹកស្អែកឡើង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ពេលជនរងគ្រោះត្រឡប់មកបន្ទប់វិញ ក៏ឃើញទ្វារបន្ទប់របើក។

ចំណែកអីវ៉ាន់ក្នុងបន្ទប់មានសភាពរាយប៉ាយ រើកកាយខ្ទេចអស់គ្មានសល់ ឃើញបែបនេះ ជនរងគ្រោះក៏បានស្ទុះរត់ទៅរកមើលលុយដែលខ្លួនទុក ស្រាប់តែបាត់អស់ចំនួន២ម៉ឺនដុល្លារ។ ភ្លាមៗនោះ ជនរងគ្រោះក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍តែម្តង។

សមត្ថកិច្ចបន្តថា ក្រោយពីទទួលពាក្យបណ្តឹងខាងលើ កម្លាំងជំនាញបើកការស្រាវជ្រាវនិងកំណត់បានមុខសញ្ញា រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននារីជាជនសង្ស័យខាងលើ នៅចំណុចភោជនីយដ្ឋាន Big Easy នៅតាមផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួចក៏បញ្ជូនទៅកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ក្នុងករណីនេះដែរ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកលុយរបស់ជនរងគ្រោះមែន។ ប៉ុន្តែកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានផ្ទេរប្រាក់ដែលលួចនោះ ចំនួន១៣៣០០ដុល្លារ តាមគណនី ABA ទៅឱ្យជនរងគ្រោះវិញហើយ ដោយខ្លួនបានស្គាល់លេខកុងធនាគាររបស់ជនរងគ្រោះតាមរយៈមិត្តភក្តិម្នាក់ទៀត។ រីឯប្រាក់នៅសល់ចំនួន៦៧០០ដុល្លារ ខ្លួនបានចាយអស់ទៅហើយ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES