ប្រភពព័ត៌មានស្ថិតក្នុងចំណោមយុវវ័យដែលគាំទ្រ សុខ ស្រីនាង តារាចម្រៀងរបស់ផលិតកម្មសាន់ដេ បានប្រាប់ “អង្គរធំ” នាពេលថ្មីៗនេះថា មានស្រីម្នាក់ បានតាមសុំស្នេហ៍ស្រីនាង ដល់ផ្ទះ និងនៅក្រោយឆាកតន្ត្រី ដែលនាងឡើងច្រៀង។
ដោយសុំមិនបញ្ចោញឈ្មោះ ប្រភពដែលបានទៅគាំទ្រ ស្រីនាង នៅតាមស្ថានីយទូរទស្សន៍នានា កាលពីដើមខែកញ្ញា នេះ និយាយថា នារីម្នាក់ដែលតាមស្រីនាង យ៉ាងប្រកៀកប្រកិតនោះ មានអាយុប្រហែល៣៥ ឬ៣៦ឆ្នាំ កាត់សក់ខ្លី និងតែងខ្លួនដូចប្រុស។
នាងលេចមុខគ្រប់ពេលស្រីនាង ឡើងឆាក ហើយថែមទាំងយកកាដូ និងបាច់ផ្កា ជូននាងមិនដែលខាន។ ប្រភពដដែលជឿថា ទង្វើនោះមិនមែនជាការស្រលាញ់រាប់អានធម្មតា ព្រោះនារីម្នាក់នេះមិនសប្បាយចិត្ត ពេលឃើញស្រីនាង ស្និទ្ធអ្នកគាំទ្ររបស់នាងដែលស្កាត់ជួបនាងនៅក្រោយឆាកតន្ត្រី។
ប្រភពនោះនិយាយថា “រាប់អានឯណា តាមគាត់ (ស្រីនាង) រហូតអ៊ីចឹង តាមតាំងពីឆាកទៅ ដល់ផ្ទះគាត់ទៀតផង”។
មានសេចក្តីរាយការណ៍ថា នារីម្នាក់នោះ ទំនងជាកូនអ្នកមានជីវភាពធូរធារទៀតផង។ ពេល ស្កាត់តាមស្រីនាង គេឃើញនាងជិះរថយន្ត Lexus 350 ផង និង Mazda 3 ផង។
ឆ្លើយតបនឹងរឿងនេះ សុខ ស្រីនាង ប្រាប់ថា នាងមិនបានចាប់អារម្មណ៍ហេតុការណ៍ដូចការរៀបរាប់ ខាងលើនេះទេ។ នាងថា ពេលនាងចេញច្រៀងមានយុវវ័យទៅគាំទ្រដល់ឆាកពិតមែន ប៉ុន្តែ ពួកគេមានចិត្ត ស្រលាញ់និងរាប់អាននាងដោយស្មោះត្រង់ ដូចដែលនាងស្រលាញ់ពួកគេវិញអ៊ីចឹងដែរ។ នាងថា នេះ អាចជាការយល់ច្រឡំ។
យ៉ាងណាក៏ដោយ ស្រីនាង ទទួលស្គាល់ថា មួយរយៈកន្លងទៅនេះ នាងទទួលបានសំណើសុំស្នេហ៍ខ្លះដែរ ទាំងតាមរយៈឪពុកម្តាយ និងសាច់ញាតិ ប៉ុន្តែ នាងមិនទាន់ចង់គិតគូរពីរឿងនេះទេ។ នាងថា នាងកំពុងផ្តោតលើការសាងកេរ្តិ៍ឈ្មោះឡើងវិញលើវិថីសិល្បៈ។ តែអ្នកខ្លះថា ស្រីនាង ស្ទាក់ស្ទើរ ព្រោះខ្លាចបរាជ័យម្តងទៀត។
នាងធ្លាប់បានរៀបការជាមួយគូសង្សារ ដែលបានស្រលាញ់គ្នា៥ឆ្នាំ គឺអតីតតារាចម្រៀងស៊ី សុវត្ថិ។ ពួកគេបានលែងលះគ្នាវិញ មិនយូរប៉ុន្មានក្រោយរៀបការរួច។ ស្រីនាង យល់ថា នាងបានជ្រើសមនុស្សដែលមិនស័ក្តិសមជាគូជីវិតរបស់នាង ហើយចង់ទុកពេលឱ្យខ្លួនឯងឱ្យបានច្រើន មុននឹងសម្រេចចិត្តជ្រើសគូថ្មី។
ក្រោយបែកអាពាហ៍ពិពាហ៍ ស្រីនាង បានចូលសិល្បៈវិញ ដោយផ្តើមច្រៀងឱ្យផលិតកម្មសាន់ដេ។ ទាំងខាងក្រុមហ៊ុន និងនាងផ្ទាល់ បានប្រឹងប្រែងស្រោចស្រង់កេរ្តិ៍ឈ្មោះរបស់នាងណាស់ដែរ ប៉ុន្តែ មិនសូវមានផលល្អ។ ទើបតែថ្មីៗនេះ វ៉ុលចម្រៀងសុទ្ធម្នាកឯងរបស់ស្រីនាង ទាក់ទាញ ចំណាប់អារម្មណ៍ច្រើន
មានការលើកឡើងថា បទទាំងនេះ ដែលបង្កប់ដោយភាពកម្សត់ ថ្ងួចថ្ងូរ ឈឺចាប់ដោយសាររឿងស្នេហា ធ្វើឱ្យអ្នកតាមស្រលាញ់ស្រីនាង ដែលក្នុងនោះ រួមទាំងនារីកូនអ្នកមានម្នាក់នោះផង កើតចិត្តអាណិតស្រីនាង ខ្លាំងឡើង បន្ថែមពីប្រវត្តិស្នេហាបរាជ័យរបស់នាង។
ទោះយ៉ាងណា ស្រីនាង សង្ឃឹមថា ចម្រៀង ទើបចេញចុងក្រោយនេះ នឹងជួយលើកស្ទួយ កេរ្តិ៍ឈ្មោះរបស់នាង បានមួយកម្រិត៕