ស្រីស្រស់តូចច្រឡឹង ជាតិ សុច្ចកា បានជាប់គាំងជើងយន្ដហោះនៅអូស្រា្ដលី បន្ទាប់ពីត្រូវលោកអែន ឌី បានបណ្ដើរនាងទៅរាំច្រៀងនៅទីនោះ តាំងពីថ្ងៃទី១១ ខែមីនា ហើយតាមគម្រោងពួកគេត្រូវដឹកដៃគ្នាមកវិញ តាំងពីថ្ងៃទី១១ ខែមេសា តែពេលនេះត្រូវបានពន្យារពេលរហូតដល់ទៅជិត៥ខែទៅហើយដោយសារតែកូវីដ-១៩ ទើបអ្នកទាំង២បានច្រៀងសម្ដែងបានតែម្ដងគត់ ខណៈដែលកាលពីថ្ងៃទី១២ ខែកក្កដា លោកអែន ឌី បានហោះមកដល់ស្រុកវិញ តែកញ្ញាសុច្ចកា វិញ នៅមិនទាន់វិលចូលស្រុកទេ។
ប្រភពបានឲ្យដឹងថា ស្រីស្អាតជាតិ សុច្ចកា អាចស្ទាក់ស្ទើក្នុងចិត្ត ព្រោះថានាងត្រូវបានប្រុសនៅអូស្រា្ដលី តាមស្នេហា ហេតុនេះហើយបានជានាងបន្ដពន្យារពេលមកស្រុក ព្រោះចង់ផ្ញើបេះដូងទុកនៅទីនោះ។
លោកអែន ឌី បានឲ្យដឹងថា លោកពិតជាបានធ្វើដំណើរមកមុនជាតិ សុច្ចកា មែនប៉ុន្ដែនាងមិនមែននៅតែម្នាក់ឯងនោះទេ គឺនៅជាមួយដៃគូម្នាក់ទៀត គឺតារាចម្រៀងខៀវ សុភា។
លោកអែន ឌី បន្ថែមថា ជើងយន្ដហោះពីអូស្រា្ដលី មកកម្ពុជា មិនទាន់បើកទេ គឺលោកជិះយន្ដហោះទៅចុះនៅកូរ៉េ ហើយបន្ដមកកម្ពុជា ទើបអាចមកវិញបានមុនតារាស្រីទាំង២។
ជាតិ សុច្ចកា កាន់តែមានអារម្មណ៍ឯកោនៅពេលដែលនាងត្រូវបានលោកអែន ឌី ហោះមកស្រុកមុននេះ។ ប៉ុន្ដែស្រីស្រស់រូបនេះក៏អាចពិចារណាសំណើស្នេហ៍ប្រុសអូស្រា្ដលី ដែលចង់ឲ្យនាងបន្ដរស់នៅទីនោះជាអចិន្ត្រៃយ៍ផងដែរ ព្រោះកន្លងមកមានតារាសម្ដែងស្រីស្អាតមួយចំនួន បានយកស្វាមីនៅអូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា , អឿន ដាលីស , គឹម លីហ្សា និងសុខ ច័ន្ទណានូ ជាដើម។
ជាតិ សុច្ចកា ជាអតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ ហើយនាងក៏ជាតារាចម្រៀងប្រចាំហាងវីហ្រេ្វន ផងដែរ។ មុនហោះទៅអូស្រា្ដលីនេះ សុច្ចកា បានទិញផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ តែនាងថា គ្មានប្រុសណាឧបត្ថម្ភនោះទេ គឺនាងទិញដោយបង់រំលស់រយៈពេល១០ឆ្នាំ ទើបរួច៕