Friday, September 20, 2024
Homeសេដ្ឋកិច្ចជាតិរដ្ឋា​ភិបាល​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូល​ផ្សារ​ហ៊ុន

រដ្ឋា​ភិបាល​លើក​ទឹក​ចិត្ត​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ចូល​ផ្សារ​ហ៊ុន

ភ្នំពេញ ៖ រដ្ឋាភិបាលបាននិងកំពុងលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាចូលផ្សារហ៊ុន តាមរយៈការជំរុញឲ្យសហគ្រាសទាំងនោះរៀបចំខ្លួនឲ្យមានតម្លាភាព ដើម្បីអាចចូលផ្សារហ៊ុនបាន។

លោកហុង សុខហួរអគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញថា វិស័យសហគ្រាសខ្នាតតូច និងមធ្យមភាគច្រើន សុទ្ឋតែប្រឈមមុខនឹងកង្វះទុន ដើម្បីពង្រីកក្រុមហ៊ុនរបស់ខ្លួន ដូច្នេះទើបពួកគេចាប់អារម្មណ៍ច្រើនក្នុងការចូលផ្សារហ៊ុន ដើម្បីស្វែងរកប្រភពទុនយកទៅពង្រីកអាជីវកម្មរបស់ពួកគេ។លោកបន្តថា ផ្សារហ៊ុននឹងព្យាយាមឲ្យម្ចាស់សហគ្រាសទាំងនោះយល់ពីយន្តការទីផ្សារ និងផលប្រយោជន៍បែបណានៅពេលចូលផ្សារហ៊ុន ហើយពួកគេក៏ត្រូវជាប់កាតព្វកិច្ចមួយផងដែរពេលចូលផ្សារហ៊ុន តាមរយៈការរៀបចំក្រុមហ៊ុនឲ្យដំណើរការ និងផ្តល់ព៌តមានជាក់លាក់ ដែលសាធារណៈជនអាចយល់បាន។

cam1

លោកបន្តថា “ក្រុមហ៊ុនដែលអាចចូលផ្សារហ៊ុនបាន ពួកគេត្រូវមានក្រុមប្រឹ ក្សាភិបាលច្បាស់លាស់ មានរបាយការណ៍ចំណូលចំណាយច្បាស់លាស់ ពោលគឺ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់ខ្លួនមានស្តង់ដា និងមានតម្លាភាព”។

ឯកឧត្តមស៊ូ សុជាតិអគ្គនាយកគណៈកម្មាធិការផ្សារមូលបត្រកម្ពុជាបានថ្លែងថា អ្វីដែលសំខាន់ជាងគេគឺបង្កើនការយល់ដឹងដល់ក្រុមហ៊ុន ហើយតើក្រុមហ៊ុននិមួយៗមានលក្ខខ័ណ្ឌគ្រប់គ្រាន់ឬនៅ និងត្រូវរៀបចំខ្លួនយ៉ាងដូចម្តេច ដើម្បីអាចរៀបចំខ្លួនចូលផ្សារហ៊ុនបាន ដូច្នេះគណៈកម្មាធិការផ្សារមូលបត្រកម្ពុជានឹងធ្វើការនេះជាមួយសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យម ដើម្បីបណ្តុះបណ្តាលនិងណែនាំដល់សហគ្រាស ដែលមានសក្តានុពលអាចចូលផ្សារហ៊ុនបានឲ្យរៀបចំខ្លួនជាបណ្តើរនៅចុងឆ្នាំនេះឬដើមឆ្នាំ២០១៧ខាងមុខ។

លោកបន្តថា “អ្វីដែលសំខាន់ពេលនេះ គឺធ្វើឲ្យគាត់យល់ពីផ្សារហ៊ុន ដើម្បីពួកគេអាចរៀបចំខ្លួន ដើម្បីអាចចូលផ្សារហ៊ុនបាន ដូច្នេះក្រុមហ៊ុនរបស់ពួកគាត់ត្រូវរៀបចំខ្លួនឲ្យក្លាយជាក្រុមហ៊ុនស្តង់ដា និងមានតម្លាភាព”។លោកបន្តថា “មានសហគ្រាសជាច្រើនមានឆន្ទៈចង់ចូលផ្សារហ៊ុន ដើម្បីពួកគេអាចប្រមូលប្រភពទុនយកមកពង្រីកក្រុមហ៊ុនរបស់ពួកគេ”។

លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងថា សហគ្រាសធុនតូច និងមធ្យមប្រហែលជាចូលផ្សារហ៊ុនច្រើនជាងក្រុមហ៊ុនធំៗ ប៉ុន្តែនៅមាននិតិវិធីច្រើនដែលសហគ្រាសនានាត្រូវរៀបចំ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការផ្សារមូលបត្រកម្ពុជានឹងជួយជាបច្ចេកទេសដល់ក្រុមហ៊ុនទាំងនោះ។លោកបន្តថា ប្រសិនជាសហគ្រាសធុនតូច និងមធ្យមចូលផ្សារហ៊ុនបាន ពួកគេនឹងអាចពង្រីកសក្តានុពលរបស់ពួកគេ តាមរយៈការទទួលបានទុនយកមកពង្រីកអាជីវកម្ម ឬផលិតកម្មរបស់ពួកគេដោយមិនអស់ការប្រាក់។

លោកបន្តថា ប្រសិនជារដ្ឋាភិបាលជួយសម្រួលលើកលែងការយកពន្ឋពីសហគ្រាសធុនតូច និងមធ្យមពី៣ទៅ៥ឆ្នាំ បន្ទាប់ពីចូលផ្សារហ៊ុននោះជាការល្អ ព្រោះនឹងជួយឲ្យវិស័យនេះអាចអភិវឌ្ឍន៍ខ្លួនបានល្អ និងរីកចំរើនបាន”។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES