លោកមាស សុគន្ធ ដែលជាអ្នកធ្វើបទភ្លេង (Music Composer) នៅផលិតកម្មរស្មីហង្សមាសនោះ ត្រូវបាន Zion The Beauty នៅប្រទេសកូរ៉េ ជ្រើសធ្វើជាទូតសុច្ឆន្ទៈដែលបានប្រកាសជាផ្លូការកាលពីពេលថ្មីៗនេះ ខណៈដែលមានពេជ្រ សោភា ជាអ្នកមានសិទ្ធិនាំចូលផ្ដាច់មុខរបស់ផលិតនេះពីកូរ៉េ។

យ៉ាងណា ពេជ្រ សោភា ថ្លែងសារតាមបណ្ដាញសង្គមថា នាងមិនមែនជាអ្នកជ្រើសរើសលោកមាស សុគន្ធ ដោយផ្ទាល់ទេនោះទេ គឺក្រុមហ៊ុននៅកូរ៉េ ជាអ្នកជ្រើសលោក។

សោភា បញ្ចេញសារថា ”ខ្ញុំមិនមានសិទ្ធិជ្រើសរើស តែ Zion The Beauty នៅប្រទេសកូរ៉េ ជាអ្នកជ្រើសគាត់ ដោយហេតុផលតែមួយគត់ គាត់ស័ក្តិសម គឺគាត់អាចធ្វើឲ្យគេល្បីបានតាមរយៈបទភ្លេងរបស់គាត់ អរគុណលោកមាស សុគន្ធ ដែលជាអ្នកនិពន្ធ”។

គេនៅមិនទាន់ដឹងទេថា តើលោកមាស សុគន្ធ ចុះកុងត្រាជាមួយ Zion The Beauty រយៈពេលប៉ុន្មានឆ្នាំឡើយ ស្របពេលដែលផលិតផលមួយនេះកន្លងមក តែងតែជ្រើសរើសតំណាងរបស់ខ្លួន គឺជាតារាល្បីៗជួរមុខរបស់កូរ៉េ តែម្ដង។
ប៉ុន្ដែលោកសុគន្ធ ពិតជាបានក្លាយទៅជាទូតសុច្ឆន្ទៈរបស់ផលិតផលមួយនេះមែន តាមរយៈការបង្ហោះជាផ្លូវការរបស់ផេកមួយនេះ នៅកូរ៉េ។

តាមអ្នកជំនាញសម្រស់បានឲ្យដឹងថា ការដែល Zion The Beauty ជ្រើសយកលោកមាស សុគន្ធ ជាទូតសុច្ឆន្ទៈរបស់ផលិតផលល្បីល្បាញមួយនេះ ដោយសារតែគេមើលឃើញលោកជាអ្នកដែលមានទេពកោសល្យម្នាក់ក្នុងការនិពន្ធបទភ្លេង ធ្វើឲ្យតារាល្បីៗជាច្រើនមកហើយមានឈ្មោះបោះសំឡដោយសារលោក ហេតុនេះហើយបានជាគេមានជំនឿថា លោកសុគន្ធ ក៏អាចជួយផ្សព្វផ្សាយផលិតផលមួយនេះឲ្យជោគជ័យនៅលើទីផ្សារបានដែរ។
ប្រភពបានឲ្យដឹងថា ក្រុមហ៊ុនយល់ថា តារាចម្រៀងល្បីមិនអាចអត់អ្នកធ្វើបទភ្លេងបានទេ អីចឹងផលិតផលល្បី ក៏ត្រូវតែជ្រើសយកអ្នកមានសមត្ថភាពធ្វើតំណាងដែរ ទើបគេជ្រើសយកគាត់តែម្ដង។

លោកមាស សុគន្ធ ជាអ្នកនិពន្ធបទភ្លេងជាច្រើនឆ្នាំមកហើយ នៅហង្សមាស ដែលតារាល្បីៗជាច្រើនដួងមានឈ្មោះល្បីរន្ទឺ ក៏ជាផ្នែកមួយនៃការជួយជ្រោមជ្រែងរបស់លោកដែរ។ បច្ចុប្បន្នលោកមាស សុគន្ធ ក៏កំពុងតែលេចធ្លោក្នុងកម្មវិធីប្រលងចម្រៀង “I Am A Singer Cambodia” រដូវកាលទី២ ដែលលោកជាគ្រូបង្វឹករបស់កញ្ញាប៉ាច គីមមួយ។

គេជឿថា ការលេចមុខជាទូតសុច្ឆន្ទៈរបស់ Zion The Beauty នេះ នឹងធ្វើឲ្យលោកសុគន្ធ កាន់តែមានឈ្មោះល្បីថែមទៀតជាមិនខាន៕