អតីតតារាចម្រៀងម៉ូលីកា និងស្វាមីនាង តារាសម្ដែងលោកហុង មានុន ហៅឆានុន បានបង្ហាញទឹកមុខរីករាយខ្លាំងណាស់នៅថ្ងៃចេញខែកូនស្រីរបស់ពួកគេ ឈ្មោះ ”នុន ច័ន្ទម៉ូលីតា” គម្រប់១ខែ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ។
ម៉ូលីកា និងស្វាមី បានរៀបចំពិធីចេញខែជូនកូនស្រីសំណព្វចិត្តរបស់ពួកគេ ដោយមានតាំងប៉េងប៉ោង និងភ្ជាប់រូបភាពថ្ងៃសម្រាលទៀតផង។

ម៉ូលីកា បានចាត់ទុកកូនស្រីរបស់នាងថាជា”កូនមាស កូនពេជ្រ“ ខណៈដែលក្រុមអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរម៉ូលីកា ដែលពេលនេះនាងមានសុភមង្គលក្នុងគ្រួសារខ្លាំងណាស់ ក្រោយទទួលបានចំណងដៃកូនស្រីដ៏Cute Cute នេះ។

ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានចំណាយលុយជាង១០ម៉ឺនដុល្លារ រៀបការផ្អើលពេញផ្ទៃប្រទេស ជាមួយលោកហុង មានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ហើយនាងបានសម្រាលកូនស្រី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។

គូស្នេហ៍តារា១គូនេះ មានប្រវត្តិតស៊ូកម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំ ទើបរៀបការ ហើយពេលនេះពួកគេមានជីវភាពធូរធាបើកហាងអស់ទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ទិញបានផ្ទះធំ រួមទាំងទិញរថយន្ដទំនើបៗជិះទៀតផង។

យ៉ាងណា កាដូដែលរឹតតែមិនអាចកាត់ថ្លៃបានហើយធ្វើឲ្យចំណងស្នេហាម៉ូលីកា និងស្វាមី រឹងមាំថែមទៀតនោះគឺការមានកូនស្រីដ៏គួរឲ្យស្រលាញ់នៅពេលនេះតាមបំណងរបស់ពួកគេហើយតាមគម្រោងត្រឹមមានកូន១នេះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់គូស្នេហ៍តារាវ័យក្មេង១គូនេះ ព្រោះនៅថ្ងៃរៀបអាពាហ៍ពិពាហ៍ អ្នកទាំង២ ប្រកាសថា ចង់បានកូន៣នាក់ ហេតុនេះហើយត្រូវតែតាមយកឲ្យបាន២នាក់ថែមទៀត។

ដោយឡែក ទាក់ទងអាជីពសិល្បៈវិញ ម៉ូលីកា នៅតែអះអាងថា នាងស្រលាញ់អាជីពចម្រៀងនិងចង់វិលវិញនៅពេលដែលអាចដកឃ្លាបាន ខណៈដែលលោកឆានុន រាងរយាលៗពីការថតសម្ដែង ដោយពេលខ្លះលោក Live លក់ផលិតផលជំនួសភរិយា និងពេលខ្លះទៀត លោកចំណាយពេលមើលថែកូនជំនួសប្រពន្ធទៀតផង។

គូស្នេហ៍មិនតិចនាក់ទេ ច្រណែនម៉ូលីកា ដែលមានស្វាមីរូបសង្ហា និងកាន់តែស្រលាញ់ថ្នាក់ថ្នមប្រពន្ធក្រោយមានកូន១បែបនេះ៕


