សួស វីសា មានផ្ទៃពោះកាន់តែរីកធំឡើងៗ ដែលត្រូវសម្រាលនៅដើមខែសីហា ឆ្នាំ២០២០នេះហើយ ខណៈដែលមិនទាន់កើតកូនផង នាងបានដាក់ឈ្មោះឲ្យកូនស្រីរបស់នាង ថា Jenny។

ទោះជាយ៉ាងណា មុនចូលសម្រាលកូននេះ វីសា មួម៉ៅក្ដៅចិត្តជាខ្លាំង ព្រោះតែមានមនុស្សមួយចំនួនបានមើលមកនាងក្នុងន័យមិនពេញចិត្ត ដោយសារឃើញនាងមានការប្រែប្រួលរូបរាងកាយទាំងស្រុង ពិសេសគឺការឡើងគីឡូនោះតែម្ដង ដែលធ្វើឲ្យនាងពិបាកផ្គាប់ចិត្តមនុស្សទាំងឡាយ ព្រោះធាត់ពេកក៏មិនត្រូវចិត្ត ស្គមពេកក៏ខុសចិត្តដែរ។

យ៉ាងណា នាងបានផ្ដាំដល់មនុស្សទាំងឡាយដែលពូកែពេបជ្រាយនាងនោះថា ពេលនាងមានផ្ទៃពោះនេះ នាងមានស្វាមីដ៏ល្អម្នាក់ចេះមើលថែ ដោយចាត់ទុកនាងដូចព្រះនាង និងថ្នមនាងស្មើកែវភ្នែក ដែលសារនេះចង់បញ្ជាក់ថា នាងជានារីម្នាក់ដែលមានសំណាងជាងគេ…។

សួស វីសា បានដឹកដៃលោកប៊ុនថុល ប៊ុនថង រៀបការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះជាង៩ខែទៅហើយ ដែលនឹងត្រូវសម្រាលឆាប់ៗនេះ។

គេកត់សម្គាល់ឃើញថា តាំងពីមានផ្ទៃពោះមក វីសា ពិតជាត្រូវបានស្វាមីរបស់នាងថ្នាក់ថ្នមចិត្តមិនឲ្យមានទាស់មែន ហើយលោកថមមី ថែមទាំងសន្យាថា នឹងមើលថែនាង និងកូនអស់១ជីវិតទៀតផង។

វីសា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា មុនផ្ទុះកូវីដ-១៩ នាងត្រៀមទៅសម្រាលកូននៅប្រទេសថៃ ដោយថែមទាំងមានការពិភាក្សាគ្នាជាមួយមន្ទីរពេទ្យ ក្នុងការថតស្ពតទៀតផង។ប៉ុន្ដែរដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ពេលនេះនាងសម្រេចចិត្តថា នឹងសម្រាលកូននៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយនាងបានសុំច្បាប់ថៅកែហង្សមាស ផ្អាកច្រៀងជិត១ឆ្នាំ សម្រាប់ការត្រៀមខ្លួនសម្រាលកូនទី១នេះ។

ចំណែកនៅថ្ងៃរៀបការវិញ វីសា ថា នាងចង់បានកូន៣ ខណៈលោកថមមី ថាចង់បានកូន៥ ហេតុនេះហើយពួកគេប្រាកដជារៀបគម្រោងយកកូនថែមទៀតជាមិនខាន៕

