ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិនម្នាក់បានប្រើល្បិចហៅនារីជាបុគ្គលិកសណ្ឋាគារ ផ្នែកម៉ាស្សាម្នាក់ឱ្យចូលមកម៉ាស្សាឱ្យខ្លួនដល់ក្នុងបន្ទប់ រួចក៏ធ្វើសកម្មភាពភ្ជង់កាំបិតគំរាមប្លន់យកលុយពីនារីរងគ្រោះអស់ចំនួន៦ពាន់ដុល្លារ បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេលជាងកន្លះខែ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាននាំយកមកចាត់ការតាមច្បាប់។

ករណីលួចមានស្ថានទម្ងន់ទោស ប្រើហិង្សាយកកាំបិតចុងស្រួចគំរាមប្លន់យកលុយចំនួន៦០០០ដុល្លារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ប្រាប់ថា ជនរងគ្រោះមានឈ្មោះ Huang Jie ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារផ្នែកម៉ាស្សា ស្នាក់នៅផ្ទះជួល សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ចំណែកជនសង្ស័យមានឈ្មោះ Xie Mohai ភេទប្រុស ជនជាតិចិន អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនបាន និងបន្ទាប់ពីសាកសួរយកចម្លើយរួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិតជាបានទូរស័ព្ទហៅនារីរងគ្រោះឱ្យទៅម៉ាស្សាឱ្យខ្លួននៅសណ្ឋាគារស៊ីទូហាយកាង រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកលុយចំនួន៦០០០ដុល្លារ ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕