តារាសម្ដែងរូបសង្ហា លោកលឹម ជាឡាយ បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលប្រមុខរដ្ឋាភិបាលអនុញ្ញាតឲ្យបើករោងភាពយន្ដ ដំណើរឡើងវិញ ដោយលោកអះអាងថា ទន្ទឹងរង់ចាំដំណឹងនេះជាយូរខែមកហើយ ក្រោយផ្ទុះកូវីដ-១៩។

លោកជាឡាយ បានលេចមុខទៅកម្មវិធីសំណោះសំណាលជាមួយតារារួមអាជីព ក្នុងរឿង ”ស្នាមញញឹមចុងក្រោយ” នៅរោងភាពយន្ដ Major Cineplex ផ្សារទំនើបអ៊ីអន១ កាលពីរសៀលថ្ងៃទី៧ ខែសីហា ដោយមានតារាសម្ដែងក្នុងរឿងនេះ មានដូចជា ធារិទ្ធ , អ៊ុំ សុវណ្ណគិរី, លុច , ឈន ដានី និងអ៊ែលឡា ជាដើម។ ភាពយន្ដនេះមានតួស្រី កញ្ញាអ៊ែល ឡា ខណៈតួឯកប្រុសមាន២ដួង គឺលោកលឹម ជាឡាយ និងលោកធារិទ្ធ ហើយមានឈុតឆាកស្នេហាជាច្រើនប្លង់ តម្រូវឲ្យតួអង្គទាំង៣សម្ដែងរួមគ្នា។

ស្រីស្អាតអ៊ែល ឡា បានឲ្យដឹងថា ពិតជាមានឈុតស្នេហាជាច្រើនត្រូវបានរំលេចក្នុងខ្សែភាពយន្ដនេះមែន ហើយនាងមានការតាំងអារម្មណ៍បានល្អ ដោយមានឈុតខ្លះមានបឺតមាត់គ្នាក៏មានដែរ តែក្រោយសម្ដែងចប់ទៅជាការរាប់អានគ្នាធម្មតា។

ដោយឡែក លោកជាឡាយ វិញថា លោកមិនបានយកចំណេញលើតួស្រីទេ គឺធ្វើទៅតាមអ្នកដឹកនាំរឿងបញ្ជាប៉ុណ្ណោះ ខណៈដែលលោកធារិទ្ធ វិញថា លោកមានមោទកភាពដែលបានសម្ដែងភាពយន្ដមួយនេះ ឲ្យ LD។

គេកត់សម្គាល់ថា ក្រោយថតភាពយន្ដរឿង ”ស្នាមញញឹមចុងក្រោយ” នេះចប់ លោកលឹម ជាឡាយ បានបញ្ចេញសារនៅលើហ្វេសប៊ុកថា លោកចងចាំរឿងនេះក្នុងចិត្តជានិច្ច។
ការថ្លែងសារបែបនេះ ត្រូវបានលោកជាឡាយ អះអាងថា ដោយសារតែភាពយន្ដនេះធ្វើឲ្យលោកមានអារម្មណ៍ប្លែកក្នុងចិត្ត ក៏ដូចជាចាប់ផ្ដើមជឿលើអបិយជំនឿផ្សេងៗ ខណៈដែលកន្លងមក លោកមិនដែលជឿទាល់តែសោះ។

លោកលឹម ជាឡាយ ក៏បានបញ្ជាក់ថា ទាក់ទងការគ្រោះថ្នាក់ចរាចរណ៍របស់លោកកន្លងមក ក៏ធ្វើឲ្យលោកកាន់តែយល់ច្បាស់ថា អបិយជំនឿមានមែន ហើយលោកធ្លាប់ឃើញខ្មោច និងត្រូវគេសណ្ឋិតបញ្ជាឲ្យនិយាយ ជាដើម ទើបពេលនេះលោកចាប់ផ្ដើមជឿលើការស្រោចទឹករំដោះគ្រោះទៀតផង។

លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD Picture បានឲ្យដឹងថារឿង”ស្នាមញញឹមចុងក្រោយ” មានប្លង់ថតនៅខេត្តមណ្ឌលគិរី, ភ្នំពេញ និងគិរីរម្យ ជាដើម។ រឿងនេះទាំងមូលមានការអប់រំទៅលើចិត្តស្មោះត្រង់ ការលះបង់ចំពោះមនុស្សដែលខ្លួនឯងស្រលាញ់ និងពេលវេលាដែលខ្លួនឯងមាន។

”ស្នាមញញឹមចុងក្រោយ” ចំណាយទុនអស់ក្បែររឿងមុនៗ របស់ LD ដែរ គឺជាង១០ម៉ឺនដុល្លារ ហើយដាក់បញ្ចាំងចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នេះតទៅ៕