Wednesday, October 30, 2024
Homeព័ត៌មានជាតិស្ងាត់ៗ លួចកាប់គ្រញូងតំបន់អង្គរ ១ដើមបាត់ ទុកគល់និងចុង ឲ្យអាជ្ញាធរមើល

ស្ងាត់ៗ លួចកាប់គ្រញូងតំបន់អង្គរ ១ដើមបាត់ ទុកគល់និងចុង ឲ្យអាជ្ញាធរមើល

ខេត្តសៀមរាប ៖ ដើមគ្រញូងមួយដើមដែលដុះនៅក្នុងតំបន់អង្គរ និងគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពលួចកាប់យកបាត់ដោយសុវត្ថិភាព។

ករណីជនមិនស្គាល់មុខលួចកាត់ឈើគ្រញូងក្នុងតំបន់អង្គរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចគោកបាខែង ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច  បានឱ្យដឹង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ឃើញថា ពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០,២០ម៉ែត្រ ពិតប្រាកដមែន ដោយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខលួចយកកំណាត់ពាក់កណ្តាល អស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់និងចុងប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់ថា ករណីនេះ ក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមរំលឹកដែរថា កាលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ចំណុចព្រៃឧទ្យានអង្គរ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈើគ្រញូង អស់ចំនួន៤ដើមផងដែរ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរជាតិអប្សរា ចាប់បានជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ។ ខណៈនៅក្នុងតំបន់ឧទ្យានអង្គរ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងតឹងរ៉ឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋ ជួសជុលលំនៅដ្ឋានបន្តិចបន្តួច ត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរា ចុះទៅដល់ភ្លាម វាយកម្ទេចចោលទៀតផង។

ជាការកត់សម្គាល់ បើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានហាមឃាត់មិនឱ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋាន ឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថា មានលិខិតអនុញ្ញាតឬយ៉ាងណានោះទេ។

ជុំវិញករណីនេះ មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលអាជ្ញាធរជាតិអប្សរា តើអាចវែកមុខជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានដែរ ឬយ៉ាងណា”៕

RELATED ARTICLES