Wednesday, September 24, 2025
Homeតារាខ្មែរអ្នកនាងពេជ្រ សោភា ធ្វើឲ្យ "គ្រូអួយ" ស្រក់ទឹកភ្នែក នៅមុខសង្សារ

អ្នកនាងពេជ្រ សោភា ធ្វើឲ្យ “គ្រូអួយ” ស្រក់ទឹកភ្នែក នៅមុខសង្សារ

តារាចម្រៀងពេជ្រ សោភា បានធ្វើឲ្យលោកមាស សុគន្ធ ដែលជាអ្នកនិពន្ធបទភ្លេង (Music Composer) របស់ហង្សមាស នោះ រំភើបរហូតរលេងរលោងស្រក់ទឹកភ្នែកតែម្ដង កាលពីរាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ដោយសារតែនៅក្នុងកម្មវិធីជប់លៀងមួយ នៅភោជនីយដ្ឋាន Topaz ក្បែរវិមានឯករាជ្យ ដែលលោកសុគន្ធ ចុះកុងត្រាជាមួយក្រុមហ៊ុន Zion & The Beauty មកពីកូរ៉េនោះ ​នាងបានចាក់ស្លាយវីដេអូខ្លីៗជាបទចម្រៀងរបស់នាង ដែលជាការនិពន្ធបទភ្លេងដោយលោកសុគន្ធ ដើម្បីសម្ដែងការដឹងគុណចំពោះលោកសុគន្ធ ដែលធ្វើបទចម្រៀងឲ្យនាងច្រៀងល្បីៗជាច្រើនបទមកហើយ អំឡុងអ្នកទាំង២​រួមការងារជាមួយគ្នារយៈពេលជាង១០ឆ្នាំមកនេះ។

បទចម្រៀងទាំងនោះ មានដូចជាបទ ”អរគុណបង តែអូនសុំទោស”, ”ហេតុអ្វីស្រលាញ់អូនតែពេលស្រវឹង” និងបទចម្រៀងមួយចំនួនទៀត។

ពេជ្រ សោភា បានឲ្យដឹងថា នៅបរទេស គេឲ្យតម្លៃណាស់ចំពោះអ្នកនិពន្ធបទភ្លេង (Music Composer) ព្រោះគេគិតថា បើគ្មានអ្នកធ្វើភ្លេងទេ តើតារាបានបទចម្រៀងមកពីណាច្រៀង? បានអីល្បីកើតទៅ? នាងថា អំឡុងពេលដែលនាងគ្មានបទចម្រៀងច្រៀង គឺលោកសុគន្ធ ហៅអួយ នេះ ហើយធ្វើបទភ្លេងឲ្យនាងច្រៀងជាបន្ដបន្ទាប់ ហេតុនេះហើយបានជានាងចងក្រងវីដេអូខ្លីមួយ ដើម្បីឲ្យលោកគ្រួអួយសប្បាយចិត្ត។

សោភា បន្តថា កាន់តែរំភើបជំនួសលោកគ្រួអួយ ថែមទៀតនោះ គឺគាត់ត្រូវបានផលិតផលល្បីមួយចុះកុងត្រាជ្រើសគាត់ធ្វើជាទូតសុច្ឆន្ទៈ ដែលមានតម្លៃខ្លួនខ្ពស់ ហើយរូបភាពគាត់នឹងត្រូវបានផ្សព្វផ្សាយនៅលើពិភពលោក នាពេលខាងមុខនេះផងដែរ។

ចំណែកលោកមាស សុគន្ធ អាយុ៣៥ឆ្នាំ ដែលត្រូវបានពេជ្រ សោភា ធ្វើឲ្យចង់ស្រក់ទឹកភ្នែកនោះ បានអះអាងថា លោកបានចាប់អាជីពជាអ្នកនិពន្ធបទភ្លេងនៅហង្សមាស នេះ រយៈពេលជាង១០ឆ្នាំមកហើយ ដែលលោកធ្លាប់ធ្វើឲ្យតារាស្ទើរតែទាំងអស់នៅហង្សមាស ច្រៀង។ លោកថា មិននឹកស្មានដល់ថា សោភា ធ្វើឲ្យលោកស្រឡាំងកាំងបែបនេះទេ ព្រោះបទភ្លេងចម្រៀងទាំងនោះ លោកធ្វើឲ្យនាងច្រៀងមែន ប៉ុន្ដែដោយលោកចង់ភ្លេចអស់ទៅហើយ។

លោកសុគន្ធ បន្តថា សម្រាប់និយមន័យ “Music Composer” គឺជាការចង់ឲ្យល្បីយកឈ្នះលើទីផ្សារឲ្យបាន ដែលប្លែកពីគេ និងខុសពីគេផងដែរ។ លោកថា ក្រោយក្លាយជាទូតសុច្ឆន្ទៈផលិតផលមួយនេះមក លោកសង្ឃឹមថា ជាឱកាសដែលលោកអាចធ្វើឲ្យមហាជនកាន់តែច្រើនស្គាល់រូបលោក ហើយនៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ លោកនឹងពេជ្រ សោភា ក៏ត្រូវបណ្ដើរគ្នាទៅកូរ៉េ តាមការអញ្ជើញរបស់លោក​ Sang Hyun Cho ដែលជា CEO ក្រុមហ៊ុននោះ ដើម្បីទៅទស្សនៈកិច្ចផ្ទាល់នៅគ្លីនិក WONJIN ផងដែរ។

ពេជ្រ សោភា បានឈរជើងនៅផលិតកម្មរស្មីហង្សមាស ជាង១៥ឆ្នាំមកហើយ ដែលពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាចម្រៀងស្រីលំដាប់ Grade A ទាំង៣ដួង គឺមានមាស សុខសោភា , ឱក សុគន្ធកញ្ញា និងរូបនាង។

អ្នកចម្រៀងទាំង៣ដួងនេះ មានតម្លៃខ្លួនប្រហាក់ប្រហែលគ្នា ពោលគឺច្រៀង១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារ សម្រាប់ការប្រគំតន្ត្រីតាមបណ្ដាខេត្ត។ ប៉ុន្ដែទោះជាត្រូវបាន់អាជីពចម្រៀង និងស្ពតពាណិជ្ជកម្មយ៉ាងណាក្ដី ក៏សោភា មិនពឹងផ្អែកតែលើអាជីពចម្រៀងមួយផ្នែកនោះទេ គឺនាងបានឈានទៅរកស៊ីអាជីវកម្មខាងក្រៅសិល្បៈដ៏មមារញឹកថែមទៀត ពិសេសគឺក្រោយទទួលបានសិទ្ធិពិសេសជាអ្នកនាំចូលផ្ដាច់មុខផលិតផលពីគ្លីនិកមួយ នៅកូរ៉េនេះ។

ថ្វីត្បិតតែសោភា ជាអ្នកចម្រៀងដែលចេះធ្វើបទភ្លេង និងនិពន្ធបទចម្រៀងដោយខ្លួនឯងក្ដី ប៉ុន្តែពេលនេះនាងបានចេញមុខលើកសរសើរលោកគ្រួអួយ ពេញៗមាត់តែម្ដងថា ជាមនុស្សដែលមិនចេះរួញរាចិត្តក្នុងការជួយតារាចម្រៀងឡើយ។ នាងថា បើនៅស្រុកគេវិញ លោកគ្រួអួយ នឹងល្បី ហើយរកលុយបានដូចតារាចម្រៀងល្បីៗជាមិនខាន។

គេសង្កេតឃើញដែរថា នៅក្នុងពិធីដែលសោភា ធ្វើឲ្យគ្រូភ្លេងទប់ទឹកភ្នែកមិនចង់ជាប់នោះដែរ គេក៏ឃើញសង្សារបស់នាង លោកឆឹម សក្កដា ទៅចូលរួមផងដែរ ហើយអ្នកទាំង២ នៅតែអះអាងប្រាប់អ្នកយកព័ត៌មានយើងថា មិនបានរួមរស់នៅក្រោមដំបូលផ្ទះតែមួយនោះទេ ខណៈដែលរឿងរៀបការវិញ ពួកគេមិនកំណត់ថា នឹងធ្វើពិធីរៀបអាពាហ៍ពិពាហ៍នៅពេលណាឲ្យប្រាកដឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES