បន្ទាប់ពីកត់សម្គាល់ថា តាំងពីដើមឆ្នាំ២០២០មក សិល្បករនិងគ្រួសារសិល្បករជាច្រើន មានរឿងទទួលមរណភាពគ្រោះថ្នាក់ និងបាត់បង់សមាជិកក្នុងគ្រួសារបណ្ដាក់គ្នា ទើបកាលពីព្រឹកថ្ងៃទី12 ខែសីហា ឆ្នាំ2020 គ្រួសារតារាកម្ពុជា ដែលមានលោកផាត់ តារារដ្ឋ ជាស្ថាបនិកបានដឹកនាំសិល្បករទាំងក្នុងក្រុម និងក្រៅក្រុមជាច្រើនរូប ធ្វើពិធីសូត្រមន្តលើករាសីបណ្ដោះគ្រោះ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តសំរោងអណ្ដែត ដោយមានវត្តមានសិល្បកររៀមច្បង គឺលោកសុះ ម៉ាច លោកជំទាវ រីយ៉ា ភរិយាលោកបណ្ឌិត មីសែលត្រាណេ និងសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។

នេះជាការជួបជុំធ្វើបុណ្យបណ្ដោះគ្រោះលើកដំបូងរបស់សិល្បករសិល្បការិនី បន្ទាប់ពីមានការកត់សម្គាល់ថា សិល្បករ និងគ្រួសារសិល្បករជាច្រើនបានជួបរឿងមរណភាព និងមានទុក្ខជាហូរហែតាំងពីដើមឆ្នាំ2020មកនេះ។

លោកផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកផ្ដើមបុណ្យ បានបញ្ជាក់ថា ហេតុផលដែលលោកផ្ដើមឱ្យមានពិធីជួបជុំនេះឡើង គឺដោយសារតែលោក និងលោកសុះ ម៉ាច បានពិភាក្សាគ្នា បន្ទាប់ពីកត់សម្គាល់ថា សិល្បករយ៉ាងហោច 20រូប ឬ20គ្រួសារ មានទុក្ខបណ្ដាក់គ្នាជាហូរហែដែលគួរតែរួមគ្នាធ្វើបុណ្យដើម្បីសិរីសួស្ដីជារួមនៅក្នុងសង្គមសិល្បៈ។

លោកសុះ ម៉ាច អតីតប្រធានសមាគមសិល្បៈខ្មែរ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះការជួបជុំសិល្បករសិល្បការិនីក្នុងជំនួបធ្វើបុណ្យរួមគ្នា ដោយលោកចាត់ទុកថា នេះជាការបណ្ដេញគ្រោះចង្រៃដែលកំពុងកើតមានលើសិល្បករ និងគ្រួសារសិល្បករ បណ្ដាក់គ្នាយ៉ាងចម្លែក តាំងពីដើមឆ្នាំ 2020 មកនោះ។

លោកថាពលរដ្ឋកម្ពុជា មិនអាចមិនជឿលើអបិយជំនឿបានទេ ជាពិសេស គឺសិល្បករសិល្បការិនីដែលជាគម្រូរបស់មហាជនត្រូវតែបង្ហាញពីជំនឿដើម្បីលើកស្ទួយដល់សាសនារបស់ជាតិ ក៏ដូចជាការចូលរួមធ្វើបុណ្យទានមិនខុសពីពាក្យចាស់ថា “អាគមផ្សំអាយុ” នោះ។

លោកបន្តទៀតថា ការជួបជុំដ៏ល្អនេះ ក៏ជាឱកាសធ្វើបុណ្យរួមគ្នាដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា ក៏ដូចជាសុំសេចក្ដីស្រណុកសុខសប្បាយ ក្នុងនាមជាគ្រួសារសិល្បកររួមគ្នាផងដែរ។ លោកថា សិល្បករម្នាក់ៗសុទ្ធតែបានធ្វើបុណ្យធ្វើទាន ប៉ុន្តែលោកនៅតែចាត់ទុកថា ការធ្វើបុណ្យរួមគ្នាលើកនេះ គឺជាការបណ្ដេញគ្រោះភ័យចង្រៃឧបទ្រព្យដែលបានកើតមានលើសិល្បករនិងគ្រួសារសិល្បករ។

កម្មវិធីនៅក្នុងថ្ងៃនោះ មានការប្រោះព្រំនិងរៀបចំពិធីដោយផ្ទាល់ដោយសម្ដេចសង្ឃ រ័ត្ន សារឿន ដែលជាព្រះចៅអធិការវត្ត ដោយសម្ដេចគឺជាអ្នកចាត់ចែងពិធីជូនដល់ក្រុមគ្រួសារតារាកម្ពុជា ដោយផ្ទល់ព្រះអង្គផងដែរ។

សិល្បករសិល្បការិនីដែលបានចូលរួមនៅក្នុងកម្មវិធី រួមមាន លោក សុះ ម៉ាច, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងក្រុមគ្រួសារ, លោកជំទាវ រីយ៉ាត្រាណេ, អ្នកនាង ឆ័យលី ដាឡែន, តារាចម្រៀងអ្នកនាងឈឹម ស្រីអូន, ពិធីករលោក រុន ណាកូ , កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោកពិសិដ្ឋ រាជ, លោក ឆាលី ផាវ៉ាត់, កញ្ញា រចនា វត្តី, អ្នកនាង យិន ស្រីពៅ, លោក មាស សំណាង, អ្នកនាង សាង សុរិយា, អ្នកនាង សាណា, លោក យិន ឃីន, លោក ស៊ឹម សុវណ្ណដូឡា, លោក សែម ធារិន្ទ, លោក សុខ វិសាល, លោក ឯក រ៉ាវ័ន្ត, កញ្ញា ស្រីថូ, កញ្ញ មុត សុវណ្ណារិទ្ធ និងសិល្បករសិល្បការិនីជាច្រើនផ្សេង៕




