Wednesday, September 24, 2025
Homeតារាខ្មែរធ្លាយចម្ងល់ ហេតុអីអ៊ីវ៉ា មិនដែលឡើងច្រៀងនៅទូរទស្សន៍ហង្សមាស?

ធ្លាយចម្ងល់ ហេតុអីអ៊ីវ៉ា មិនដែលឡើងច្រៀងនៅទូរទស្សន៍ហង្សមាស?

តារាចម្រៀងសាន់ដេ ដូចជា សុខ ពិសី , ខាន់ ជែមស៍ និងឆាយ វីរៈយុទ្ធ  ជាដើម សុទ្ធតែឡើងច្រៀងនៅស្ទូឌីយោទូរទស្សន៍ហង្សមាស ដូចគ្នា ដោយមិនប្រកាន់ថាជាផលិតកម្មផ្សេងគ្នា ឬផលិតមានការប្រកួតប្រជែងគ្នាឡើយ។

ប៉ុន្ដែស្រីស្អាតអ៊ីវ៉ា វិញ នាងមិនដែលឡើងច្រៀងនៅស្ទូឌីយោហង្សមាស ក្នុងកម្មវិធីប្រគំតន្រ្ដីណាមួយទេ តាំងពីស្ថានីយទូរទស្សន៍នេះបើកមក ទើបធ្វើឲ្យមានចម្ងល់ថា ហេតុអីបានជាអ៊ីវ៉ា ព្យាយាមគេចពីហង្សមាស ជាច្រើនឆ្នាំបែបនេះ?

លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់តារាចម្រៀងអ៊ីវ៉ា បានប្រាប់អ្នកយកព័ត៌មានយើង ដោយស្ទាក់ស្ទើរ ហើយថារឿងនោះលោកមិនចង់និយាយទៅវិញ។ លោកថា កន្លងមក ខាងហង្សមាស ក៏ធ្លាប់ហៅអ៊ីវ៉ា ឡើងច្រៀងដែរ ប៉ុន្តែកូនស្រីរបស់លោកពិតជាមិនដែលបានទៅច្រៀងឲ្យមែន។

លោកវ៉ាវ បន្តថា ពិបាកនិយាយ ឬមិនចង់និយាយរឿងនេះទេ តែប្រហែលជាប៉ះចំថ្ងៃកូនស្រីរវល់ហើយ ប៉ុន្តែថៅកែផលិតកម្មសាន់ដេ មិនដែលបិទតួមិនឲ្យទៅច្រៀងនៅប៉ុស្ដិ៍ណានោះទេ។

ក្រៅពីមិនធ្លាប់ឡើងច្រៀងកម្មវិធីប្រគំតន្រ្ដីនៅស្ទូឌីយោទូរទស្សន៍ហង្សមាស នោះ អ៊ីវ៉ា ក៏ធ្លាប់ត្រូវបានផលិតកម្មមួយនេះទាក់ទងឲ្យនាងចូលធ្វើជាសមាជិកនៅទ្រនំធំនេះ ដូចថោន ផងដែរ ប៉ុន្ដែនាងបែរជារារែកចិត្ត ដោយគិតថា ផ្ទះធំនោះហាក់ចង្អៀតបន្ដិចហើយ ទើបនាងសម្រេចចិត្តបន្ដច្រៀងនៅផលិតកម្មសាន់ដេ ដោយគ្មានកុងត្រាបែបនេះ។

អ៊ីវ៉ា ថា ពេលនេះបទចម្រៀងថ្មីៗរបស់នាង ក៏មានផលិតរួចខ្លះហើយដែរ ប៉ុន្ដែដោយសារតែកូវីដ-១៩ មិនទាន់ស្ងាត់ ទើបធ្វើខាងផលិតកម្មមិនទាន់ហ៊ានបញ្ចេញបទថ្មីៗទាំងនោះលើទីផ្សារ ព្រោះខ្លាចចេញទៅខុសពេលវេលា។

អ៊ីវ៉ា បន្ថែមថា ​តាំងពីជំងឺកូវីដ-១៩នេះ ផ្ទុះមក នាងក៏ដូចជាតារាផ្សេងៗទៀតដែរ គឺបាត់បង់ការងារសិល្បៈដូចគ្នា តែនៅខែសីហា នេះ កម្មវិធីមួយចំនួនចាប់ផ្ដើមគេរៀបចំធ្វើឡើងវិញ នៅតាមខេត្តក៏មាន ក្រុងក៏មានដែរ។ ប៉ុន្ដែរសម្រាប់ឆាកតន្ត្រីធំៗវិញ គេមិនទាន់រៀបចំឡើងវិញទេ គឺមានតែតាមស្ថានីយទូរទស្សន៍ប៉ុណ្ណោះ។

ដោយឡែក រឿងរៀបការវិញ​នាងនៅតែនិយាយដូចមុនថា ឆ្នាំនេះទើប២៤ឆ្នាំ អីចឹងត្រូវការពេលវេលាជិត៦ឆ្នាំទៀត ទើបយកប្ដី ព្រោះនាងនឹងរៀបការឲ្យបានមុនអាយុ៣០៕

RELATED ARTICLES