ចំណងស្នេហ៍បុរសរូបសង្ហា លោកយឹត មាសឧស្សាហ៍ ហៅអេដវីន និងអ្នកមេម៉ាយកូន២ អ្នកនាង Panhchaka ដែលជាអតីតប្រពន្ធថៅកែ LD នោះ គ្មានឧបសគ្គរារាំងភ្លើងស្នេហាអ្នកទាំងពីរបានឡើយ ខណៈដែលថ្មីៗនេះ អេដវីន ថែមទាំងបាននាំគូស្នេហ៍ទៅជួបមុខម្ដាយរបស់លោក និងញាំអាហាររួមគ្នា ហើយម្ដាយលោកមិនបានប្រឆាំងរឿងស្នេហានេះឡើយ។

ដោយឡែក អតីតស្វាមីអ្នកនាង Panhchaka លោកលៀក លីដា ដែលជាថៅកែផលិតកម្ម LD នោះ ក៏មិនដែលតាមឆាឆៅ និងរំខានសេចក្ដីសុខរបស់អតីតប្រពន្ធដែរ ព្រោះថា ពេលនេះលោកមានស្រីក្មេងសាឡាត់ ស្រីឡាង ស្អំរបួសបេះដូងលោកទៅហើយ។

ប៉ុន្ដែតាមព័ត៌មានថា តាំងពីផ្ទុះរឿងអេដវីន ស្នេហ៍អតីតភរិយាលោកមក ពេលនេះ លោកលៀក លីដា និងតារាសម្ដែងអេដវីន មិនដែលនិយាយរកគ្នាទៀតទេ បើទោះជាកន្លងមកអ្នកទាំង២ ធ្លាប់រួមការងារជាមួយគ្នាតាមរយៈលោកអេដវីន ធ្លាប់បានថតភាពយន្ដឲ្យ LD ក្ដី។

អេដវីន ជាពិធីករនិងតារាសម្ដែង ដែលមានសាច់ដុំធំៗ ធ្វើឲ្យស្រីៗអ្នកមានទ្រព្យគ្រឺតក្នាញ់លោកជាខ្លាំង រហូតចង់ទំនុកបម្រុងប្រុសរូបសង្ហានេះជាថ្នូរស្នេហាទៀតផង។ ប៉ុន្ដែអេដវីន មិនបេតីស្រីៗទាំងនោះទេ ហើយចុងក្រោយ លោកសម្រេចចិត្តជ្រើសស្នេហ៍អ្នកមេម៉ាយកូន២ ប្រពន្ធថៅកែ LD នាំឲ្យមានការភ្ញាក់ផ្អើលអស់ក្នុងពិភពអ្នកសិល្បៈ។

គូស្នេហ៍ខុសវ័យ អេដវីន និងអ្នកនាង Panhchaka នេះ ពួកគេគ្រោងនឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះទៀតផង ព្រោះតែមុននេះ អតីតប្រពន្ធលោកលីដា រូបនេះ បានអះអាងថា អ្នកនាងនិងអេដវីន ប្រឹងធ្វើការរៀងៗខ្លួនដើម្បីសន្សំលុយរៀបការតាមប្រពៃណីខ្មែរ។

ដោយឡែក លោកលីដា មិនមានប្រតិកម្មចំពោះអតីតភរិយាត្រៀមរៀបការជាមួយបុ្រសរូបសង្ហានោះទេ ខណៈដែលគូស្នេហ៍ថ្មីរបស់លោក សាឡាត់ ស្រីឡាង និងអ្នកនាង Panhchaka តែងតែឆ្លើយឆ្លងសារឌឺដងដាក់គ្នាជាញឹកញាប់ ទើបធ្វើឲ្យរយៈពេលចុងក្រោយនេះ ស្រីឡាង កាន់តែស្ងប់ស្ងាត់អាជីពសម្ដែងកាន់តែខ្លាំង៕

