ខេត្តព្រះវិហារ ៖ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត បានឈ្លក់ទឹកស្លាប់នៅក្នុងរថយន្ត។ រីឯ៣នាក់ទៀតបានរួចផុតជីវិត ក្នុងករណីបើករថយន្តឆ្លងទឹកកំពុងហូរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។

យោងតាមរបាយការណ៍របស់ការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឱ្យដឹងថា នៅមុនពេលហេតុការណ៍កើតឡើង គេឃើញមានរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 2R-7811 បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅមើលដីចម្ការស្វាយរបស់លោកង៉ែត ចាន់ថុន តែដោយសារខ្លួនមិនសូវស្គាល់ភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុ ក៏បានបើករថយន្តឆ្លងទឹកអូរដែលកំពុងហូរបណ្តាលឱ្យប៉ើងរថយន្តទៅទឹកជ្រៅលិចស្លាប់ មន្ត្រីយោធាបម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ម្នាក់ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត នៅនឹងកន្លែងភ្លាមៗ ចំណែក៣នាក់ទៀតរួចផុតជីវិតដោយសារតែការវាយបំបែកកញ្ចក់រថយន្តផ្នែកខាងក្រោយ។

លោកវរសេនីយ៍ទោ ផង់ អឿន នាយការិយាល័យទី២ បានឱ្យដឹងថា អ្នករងគ្រោះទាំងអស់រួមមាន ៖ ទី១-ឈ្មោះលេង ចាន់ធារា ភេទប្រុស អាយុ២៨ឆ្នាំ មុខងារជំនួយការការិយាល័យទី២ កងពលធំអន្តរាគមន៍លេខ៣ ជាអ្នកបើកបរ (ស្លាប់) មានលំនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
ទី២-ឈ្មោះសំ សុង ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីយោធាចូលនិវត្តន៍ ម្ចាស់រថយន្ត (ស្លាប់) រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត
ទី៣-ឈ្មោះតា ខ្មៅ ហៅតា៨ជ្រុង (រងរបួសធ្ងន់)
ទី៤-ឈ្មោះឃន ឃិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួស ស្រាល)
ទី៥-ឈ្មោះសុង មេត ភេទប្រុស អាយុ១០ឆ្នាំ (របួសស្រាល) ត្រូវជាកូនរបស់ជនរងគ្រោះឈ្មោះសំ សុង។

បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរត្រូវបានរថយន្តសាមុយរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដឹកយកទៅកាន់លំនៅប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យឧទ្ទិសកុសលទៅតាមប្រពៃណី៕