ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងរូបស្រស់ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) បានប្រតិកម្មច្រានចោលការចោទប្រកាន់របស់បុរសជនជាតិចិនតៃវ៉ាន់ ជាអតីតសង្សារ ដែលថា នាងបោកលុយចំនួនជិត៥ពាន់ដុល្លារ ខ្ចីមិនសងនោះ ដោយនាងព្រមានប្តឹងបុរសបរទេសនោះ បើមិនបញ្ឈប់ការបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាងតទៅទៀត។

កញ្ញារ៉ូស បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ថា ការចោទប្រកាន់ថា នាងបោកប្រាស់ខ្ចីលុយមិនសងនោះ គ្រាន់តែជាចេតនារបស់បុគ្គលជនជាតិចិនតៃវ៉ាន់ម្នាក់ ដែលជាអតីតសង្សាររបស់នាងដែលចង់បំផ្លាញកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់នាង ក្រោយពីនាងបានផ្តាច់ទំនាក់ទំនងជាមួយបុរសនោះ។
តារាសម្តែងស្រីរូបនេះបញ្ជាក់ថា បុរសជាអតីតសង្សារនាងនោះជាជនជាតិចិនតៃវ៉ាន់ អាយុ៤៥ឆ្នាំ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបង្កើតរឿងមិនពិតប្រាកដ ដើម្បីចោទប្រកាន់បង្កាច់បង្ខូច បំផ្លាញកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នាង ដូច្នេះនាងព្រមានបុរសនោះថា បើមិនបញ្ឈប់សកម្មភាពនេះទេ នាងនឹងចាត់វិធានការតាមផ្លូវច្បាប់។

កញ្ញារ៉ូស បានបញ្ជាក់យ៉ាងដូច្នេះថា “និយាយទៅ ខ្ញុំអត់មានបានដើរបោកប្រាស់អ្នកណាទេ គឺអាម្នាក់ហ្នឹងចោទខ្ញុំ ឆាតទៅអ្នកកាសែតគ្រប់គ្នា ចង់បង្ខូចកិត្តិយសខ្ញុំ ដោយសារម្នាក់ហ្នឹងពីមុនមក ធ្លាប់សង្សារគ្នាជាមួយខ្ញុំ ដល់ពេលបែកគ្នាទៅចង់បង្ខូចកិត្តិយសខ្ញុំ។ ម្នាក់ហ្នឹងជាចិនតៃវ៉ាន់ អាយុ៤៥ឆ្នាំ ឥឡូវខ្ញុំអត់ដឹងថា គាត់ធ្វើការនៅឯណាទេ តែគាត់នៅស្រុកខ្មែរហ្នឹង តែយើងអត់ដែលទាក់ទងគ្នាយូរហើយ។

ម្នាក់ហ្នឹង គឺមានគោលបំណងចង់ធ្វើបាបខ្ញុំ ហើយ account ដែលថាខ្ញុំឆាតទៅគេហ្នឹង គឺសុទ្ធតែ account Fakeទាំងអស់ រូបតុក្កតាទាំងអស់មិនមែនជា account របស់ម្នាក់ហ្នឹងពិតទេ។ និយាយទៅ ម្នាក់ហ្នឹងប្រើអាខោន Fake តុក្កតាហ្នឹង គឺដើរឆាតទៅគេគ្រប់គ្នាតែម្តង ដើម្បីបង្ខូចកិត្តិយស កេរ្តិ៍ឈ្មោះខ្ញុំ ដើម្បីកុំឱ្យមានអ្នកណាផ្សេងយកខ្ញុំ គឺមិនមែនជាការពិតទេ គឺគាត់ប្រើ Account ក្លែងក្លាយឆាតទៅគេគ្រប់គ្នា គ្រប់សារព័ត៌មានទាំងអស់ថា ខ្ញុំហ្នឹងបោកប្រាស់លុយគាត់ តែខ្ញុំទៅបោកប្រាស់ យ៉ាងម៉េចមនុស្សស្រលាញ់គ្នា គ្មានពាក្យថាបោកប្រាស់ទេ ហើយរឿងស្រលាញ់គ្នាហ្នឹង មិនមែនទើបឥឡូវទេ គឺជិត១ឆ្នាំហើយ។
ដូច្នេះខ្ញុំចង់និយាយថា បើសិនជាបុរសម្នាក់ហ្នឹងនៅតែចោទខ្ញុំថា ជំពាក់លុយ ឬក៏ខ្ចីលុយអី នៅតែចោទខ្ញុំអ៊ីចឹងទៀត ខ្ញុំចាត់ចែងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ ហើយបើសិនជាខ្ញុំមានជំពាក់ជំពិនអីជាមួយគាត់មែន ឱ្យគាត់បង្ហាញក្រដាសស្នាមមក ហើយរកសាក្សីរកភស្តុតាងមក”។

ពាក់ព័ន្ធករណីខាងលើនេះដែរ មានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយ ឈ្មោះ “Mo Lika” ដែលមជ្ឈដ្ឋានជាច្រើនជឿថា ជារបស់តារាសម្តែងម៉ូលីកា បានសរសេរនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ថា “មានជនបរទេសម្នាក់សុំឱ្យខ្ញុំជួយគាត់ ហើយបានបញ្ជាក់បូករួមទាំងភស្តុតាងច្បាស់លាស់ថា កញ្ញា Rose បោកប្រាស់គាត់។ គាត់បានបញ្ជាក់ថា Rose បានខ្ចីលុយគាត់ មកដល់ពេលនេះ Rose នៅជំពាក់គាត់៤១៦៦ដុល្លារទៀត ហើយ Rose បាន Block គាត់ដោយមិនព្រមសងលុយគាត់ សូម Rose ជួយចេញមុខតទល់នឹងគាត់ដើម្បីរកយុត្តិធម៌ទាំងសងខាង”។
ទោះបីជាយ៉ាងណា អ្នកនាងម៉ូលីកា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ថា គណនីហ្វេសប៊ុកនិងសំណេរខាងលើនេះ មិនមែនជារបស់អ្នកនាងទេ គឺជាអាខោន Fake (គណនីក្លែងក្លាយ) ព្រោះនាងមិនបានដឹងអ្វីទាំងអស់។

ចំណែកកញ្ញារ៉ូស ក៏បញ្ជាក់ថា គណនីហ្វេសប៊ុក “Molika” នោះ ជាគណនីហ្វេសប៊ុកក្លែងក្លាយដែលបង្កើតដោយបុរសជាអតីតសង្សារនាង ក្នុងបំណងបង្កាច់បង្ខូចនាង។
កញ្ញារ៉ូស បានបញ្ជាក់ថា “ចំពោះអាខោន Mo nika ហ្នឹង មុនដំបូងខ្ញុំឆាតទៅសួរគាត់ថា ជាអ្នកផុសមែនទេ? ហើយម៉ូនីកា ហ្នឹងនិយាយថា មិនមែនជាអាខោនគាត់ទេ គឺជាអាខោនចោរ អាខោនរូបតុក្តកា។ និយាយទៅ ម្នាក់ប្រុសដែលស្រលាញ់ខ្ញុំពីមុនមកហ្នឹង អត់ហ៊ានបញ្ចេញរូបខ្លួនឯងពិតទេ។

និយាយទៅ គោលបំណងគាត់ចង់ជាន់ខ្ញុំឱ្យដល់បាតតែម្តង មិនអាចឱ្យប្រុសណាមកស្រលាញ់ខ្ញុំបានឱ្យគេគិតថា ខ្ញុំហ្នឹងគឺអាក្រក់ជួជាតិ។ ប៉ុន្តែការពិត គឺនៅជាការពិត ខ្ញុំមិនបានទៅដើរបោកប្រាស់លុយអ្នកណា ជំពាក់អ្នកណាទេ គឺរវាងមនុស្សពីរនាក់ស្រលាញ់គ្នា តែគាត់ឈប់ស្រលាញ់ខ្ញុំ គាត់ធ្វើអ៊ីចឹង ហើយគាត់មិនហ៊ានបញ្ចោញមុខពិតមក។
បើសិនជាគេល្អត្រឹមត្រូវ យើងអាចទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលិសបាន គេអត់មានត្រូវធ្វើអ៊ីចឹងទេ ស្រុកទេសមានច្បាប់។ ដូច្នេះខ្ញុំសុំបដិសេធច្រានចោលទាំងអស់ ដែលថា ខ្ញុំបោកលុយហ្នឹង ហើយខ្ញុំឱ្យច្បាប់ចាត់ចែងទៅតាមផ្លូវច្បាប់ លើមនុស្សប្រុសម្នាក់ហ្នឹង”៕
កុលបុត្រ