ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធ២នាក់បានចាក់សោផ្ទះចោលព្រោះជាប់រវល់នៅខាងក្រៅ លុះយប់បន្តិចក៏ស្រាប់តែកំប៉ុងហ្គាសនៅក្នុងផ្ទះបាយ១កំប៉ុង បានផ្ទុះឡើងបណ្តាលឱ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១៤នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ជាប្រភេទផ្ទះតៀមផ្ទាល់ដី សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ឈ្មោះហ៊ន ហ៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះឌិន សាមន អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្ទះខាងលើមិនមានមនុស្សនៅទេ ដោយម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ បានចាក់សោចោល។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លាន់ឮសំឡេងផ្ទុះចេញពីផ្ទះខាងលើ រួចក៏កើតមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្បែរខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយពន្លត់ភ្លាមៗដែរ តែមិនអាចសង្គ្រោះបានឡើយ ពោលគឺផ្ទះទាំងមូលត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះគ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង គ្រែឈើចំនួន១ ទូរឈើចំនួន១ តុក្តារមូលចំនួន២០គ្រាប់ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួនទៀត។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ខណៈដែលម្ចាស់ផ្ទះមិននៅ។

នៅក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ចេញអន្តរាគមន៍ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង៨ម៉ែត្រគូប។ ក្នុងនោះក៏មានការចូលរួមពីកម្លាំងអន្តរាគមន៍ពន្លត់ចំនួន១៥នាក់ ប្រជាការពារនិងប្រជាពលរដ្ឋចំនួន១៧នាក់៕