Wednesday, September 24, 2025
Homeព័ត៌មានជាតិហ៊ានអីក៏ហ៊ានយ៉ាងនេះ... បណ្តើរកាត់ភូមិ មិនក្រែងចិត្តអ្នកណាសោះ

ហ៊ានអីក៏ហ៊ានយ៉ាងនេះ… បណ្តើរកាត់ភូមិ មិនក្រែងចិត្តអ្នកណាសោះ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនក្នុងអំពើលួច ក្រោយពីពួកគេធ្វើសកម្មភាពលួចគោអ្នកភូមិ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទីព្រឹក បន្ទាប់ពីជនរងគ្រោះបានដឹកគោយកទៅចងនៅខាងលិចភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រួចត្រឡប់មកផ្ទះវិញរហូតដល់ម៉ោង១និង៣០នាទីរសៀល មានជនសង្ស័យចំនួន៣នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកអ៊ែប៊្លែត ពណ៌សលាយក្រហម គ្មានស្លាកលេខ បានធ្វើសកម្មភាពលួចគោរបស់ជនរងគ្រោះដឹកកាត់តាមភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដោយមានការសង្ស័យ នគរបាលប៉ុស្តិ៍សំរោងក្រោម ឃាត់បានម្នាក់។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជ្រុន ភាស់ ពេលនាំទៅសាកសួរ បានសារភាពថា ខ្លួននិងបក្ខពួកចំនួនពីរនាក់ទៀត ពិតជាបានលួចគោរបស់ជនរងគ្រោះនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ប្រាកដមែន។

ក្រោយទទួលបានព័ត៌មានពីនគរបាលប៉ុស្តិ៍សំរោងក្រោម កម្លាំងប៉ុស្តិ៍កំបូល និងកម្លាំងជំនាញនៃអធិការដ្ឋាន បានសហការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់ទៀត នៅចំណុចបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ទៀតនេះ ឈ្មោះផេង ហ៊ុយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោះម៉ាន់ ឈឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES