Wednesday, September 24, 2025
Homeព័ត៌មានជាតិចម្រឹងបង្អួចឥឡូវផុយៗណាស់ កុំទុកចិត្តពេក... សូមប្រុងប្រយ័ត្នទាំងអស់គ្នា

ចម្រឹងបង្អួចឥឡូវផុយៗណាស់ កុំទុកចិត្តពេក… សូមប្រុងប្រយ័ត្នទាំងអស់គ្នា

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើគាស់ចម្រឹងដែកបង្អួចលួចគ្រឿងសង្ហារិម) នៅផ្ទះលេខ២៩៧ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ម៉ោង៥និង០០នាទី។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងអំពើលួចនេះ មានឈ្មោះហេ សុខហេង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ចំណែកជនសង្ស័យដែលត្រូវចាប់ខ្លួន រួមមាន ទី១-ឈ្មោះហេង មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះឈីម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប្រភពសមត្ថកិច្ចឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារផ្ទះទុកចោល (ចំណុចកើតហេតុ) រួចទៅមើលចម្ការនៅខេត្តកំពង់ធំ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ដែកចម្រឹងបង្អួចចូលក្នុងផ្ទះជនរងគ្រោះលួចយកបន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រីធ្វើពីឈើបេង១គូ ទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះ រួច នាំគ្នាគេចខ្លួន។

លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកផ្ទះវិញ ឃើញមានស្នាមគាស់ចម្រឹងបង្អួច ហើយបាត់គ្រឿងសង្ហារិមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ម៉ោង២រសៀល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងខាងលើបានមកវិញ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយកវត្ថុតាងដែលលាក់ទុកក្នុងព្រៃដីឡូត៍ខាងលើ ប្រគល់ជូនជនរងគ្រោះវិញ ហើយបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES