ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់ដែលត្រូវបានមនុស្សប្រុស៣នាក់ ធ្វើសកម្មភាពចាប់បញ្ចូលក្នុងរថយន្ត រួចបើកគេចចេញសំដៅទៅផ្លូវជាតិលេខ៤ កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងលក់សម្លៀកបំពាក់កូកូ កែងមហោស្រពចាស់ ក្រុងព្រះសីហនុ មកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចតាមរំដោះបានមកវិញហើយ បន្ទាប់ពីត្រូវក្រុមជនសង្ស័យនាំយកទៅបង្ខាំងទុកក្នុងទូកុងតឺន័រ១កន្លែង នៅក្នុងព្រៃ ត្រង់ចំណុចព្រែកត្រែង ស្រុកស្ទឹងហាវ។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចហាងលក់សម្លៀកបំពាក់កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយនារីរូបស្រស់ម្នាក់ត្រូវបានមនុស្សប្រុស៣នាក់ បានធ្វើសកម្មភាពចាប់បញ្ចូលក្នុងរថយន្ត រួចបើកចេញទៅបាត់ស្រមោល ដោយគ្មានអ្នកណាម្នាក់បានជួយសង្គ្រោះទាន់ពេលនោះឡើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមានគ្នាចំនួន៣នាក់ ដែលមានភិនភាគដូចខាងក្រោម ទី១-មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។ ទី២-មនុស្សប្រុស ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ។ និងទី៣-តៃកុងឡាន មិនចុះពីលើឡាន។ ចំណែកឯរថយន្តធ្វើសកម្មភាពម៉ាកហាយឡេនឌ័រ ពណ៌ទឹកមាស មិនចាំស្លាកលេខ។

ចំណែកនារីរងគ្រោះមានឈ្មោះ Wu Jia Jia ជនជាតិចិន ស្លៀករ៉ូបពណ៌ខ្មៅលាយស និងបើករថយន្តទំនើប១គ្រឿង ម៉ាក Range Rover ពណ៌ស។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានបើករថយន្តទំនើបមកឈប់ត្រង់ចំណុចកើតហេតុខាងលើ លុះពេលចុះពីលើរថយន្តក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ សុទ្ធតែមនុស្សប្រុស និងសង្ស័យថាជាជនជាតិចិន បានបើករថយន្តហាយឡែនឌ័រ១គ្រឿង មកឈប់ពីក្រោយរថយន្តរបស់នារីរងគ្រោះ បន្ទាប់មកជនសង្ស័យចំនួន២នាក់បានចុះពីរថយន្តដើរសំដៅនារីរងគ្រោះ រួចហើយក៏ចាប់បង្ខំនារីរងគ្រោះបញ្ចូលក្នុងរថយន្តដឹកគេចចេញបាត់ស្រមោលភ្លាមៗតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពចាប់មនុស្សស្រីដាក់ចូលទៅក្នុងរថយន្តរួចហើយ ក្រុមជនសង្ស័យ បានបើករថយន្តឆ្ពោះទៅផ្លូវជាតិលេខ៤បាត់ទៅ។
ក្រោយកើតមានករណីចាប់នារីម្នាក់ដាក់ឡាន ភ្លាមៗនោះដែរ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងបានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លី សុខហ៊ី នាយការិយល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចព្រែកត្រែង ស្រុកស្ទឹងហាវ ក្រុមសមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះបានសម្រេច។

ដោយឡែកជនសង្ស័យកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕