Wednesday, September 24, 2025
Homeព័ត៌មានជាតិអ្នកជិតខាងភ័យយ៉ាងនេះ... ប៉ះចំផ្ទះលក់កាំជ្រួចផង

អ្នកជិតខាងភ័យយ៉ាងនេះ… ប៉ះចំផ្ទះលក់កាំជ្រួចផង

ខេត្តបាត់ដំបង ៖ ផ្ទះឈើ១ខ្នងដែលម្ចាស់រកស៊ីផលិតកាំជ្រួចសម្រាប់បាញ់ក្នុងពេលបូជាសពទុកលក់ ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បន្ទាប់ពីម្ចាស់ផ្ទះផ្សារដែកដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យខ្ទាតផ្កាភ្លើងត្រូវចំលើកាំជ្រួយ ធ្វើឱ្យផ្ទុះឆេះហ្មត់។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ៩ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី មានម្ចាស់ឈ្មោះអូន វិទូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផលិតកាំជ្រួចសម្រាប់បាញ់ក្នុងពេលបូជាសពលក់ មានលំនៅក្នុងកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះខាងលើបានផ្សារដែកនៅក្នុងផ្ទះ លុះក្រោយមកកំទេចផ្កាភ្លើងបានខ្ទាតទៅប៉ះចំកាំជ្រួច ដែលដាក់តាំងលក់សម្រាប់បាញ់ពេលដុតខ្មោច ទើបបណ្តាលឱ្យឆេះឡើងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងបានយឺតពេលពេក ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

តាមការបញ្ជាក់ឱ្យដឹងពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើនេះបានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភារ រួមមាន ផ្ទះ១ខ្នងទាំងស្រុង ឆេះកាំជ្រួចសម្រាប់បាញ់ពេលដុតខ្មោចសរុបអស់ចំនួន៧០០ដើម រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលសរុបជាទឹកប្រាក់អស់ចំនួន១២០០០ដុល្លារ៕

RELATED ARTICLES