កាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2020 ក្រុមហ៊ុន សេង ហាន ដែលជាក្រុមហ៊ុនអចលនទ្រព្យធំមួយបានសម្រេចបើកគម្រោងយក្សរបស់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវធំមួយ នៅចន្លោះបង្គោលលេខ19 និងបង្គោលលេខ20 រហូតដល់ជិត50ហិកតា ដែលក្រុមហ៊ុនចាត់ទុកថាជាគម្រោងយក្ស។

នេះគឺជាការបើកលក់ដីឡូតិ៍ជាទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនមួយនេះ ដែលបង្ហាញយ៉ាងច្បាស់ថា វិស័យដីធ្លីកំពុងហក់ឡើងជាថ្មី។

លោកហែម ធឿន នាយកប្រតិបត្តិក្រុមហ៊ុន សេង ហាន បានថ្លែងបញ្ជាក់ថា នៅក្នុងគម្រោងដីឡូតិ៍ដែលជាគម្រោងទី7នេះ មានដីសរុបជាង3000ឡូតិ៍ ដែលមានតម្លៃចាប់ពី5000$ឡើងទៅ និងមានការបង់រំលស់ជាប្រចាំខែផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុងគម្រោងនេះ គឺក្រុមហ៊ុនមានការអភិវឌ្ឍជាផ្សារ សួនកុមារ ភោជនីយដ្ឋាន KTV និងមានគម្រោងផ្ទះល្វែងដែលធ្វើឱ្យគម្រោងទាំងមូល នឹងអ៊ូអរមិនខុសពីទីប្រជុំជនមួយឡើយ។

លោកធឿន បន្ថែមថា ក្នុងរយៈពេលនេះ ត្បិតថា កូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់មែន ប៉ុន្តែជំនួញពុះដីឡូតិ៍របស់ក្រុមហ៊ុនសេងហាន ឃើញថាមានសន្ទុះ ដោយស្ទុះឡើងជាងកំឡុងពេលកូវីដផ្ទុះខ្លាំងរហូតដល់ជាង80% ។ ជាក់ស្ដែងគម្រោងទី7 ដែលទើបបើកដំណើរការនេះ គឺបានបើកលក់មួយរយៈមកហើយដោយគិតត្រឹមថ្ងៃបើកសម្ភោធលក់អស់រហូតដល់ជាង40%។

លោកធឿម បន្ថែមទៀតថា នេះជាគម្រោងយក្សរបស់ក្រុមហ៊ុនព្រោះមានផ្ទៃដីធំជាងគម្រោងកន្លងមកនិងជាគម្រោងស្ថិតនៅក្នុងតំបន់អភិវឌ្ឍផ្លូវជាតិលេខ 41 ដែលមានសក្ដានុពលខ្លាំង។

គួរបញ្ជាក់ផងដែរថា គម្រោងទី7 ដែលបានបើកសម្ពោធនេះមានការចូលរួមពីសំណាក់អតិថិជនប្រមាណជាង1000នាក់ ដោយលោកឧកញ្ញាសេង ហាន និងលោកជំទាវ ម៉ៃ សុម៉ាលី ក៏បានចូលរួមកាត់ខ្សែបូរជាគណអតិបតី និងមានការចូលរួមពីមន្ត្រីមកពីបណ្ដាស្រុក មេភូមិ និងមេឃុំផងដែរ៕


