Wednesday, September 24, 2025
Homeព័ត៌មានជាតិដោយសារបុរសម្នាក់ ទើបសមត្ថកិច្ចឃាត់នាងនៅមុខបន្ទប់ជួល

ដោយសារបុរសម្នាក់ ទើបសមត្ថកិច្ចឃាត់នាងនៅមុខបន្ទប់ជួល

ខេត្តកណ្តាល ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចមុខបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ បានចាប់ឃាត់ជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះសៀម ស្រីភ័ស្ត ភេទស្រី អាយុ២០ឆ្នាំ មុខរបរបម្រើការហាង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់, ទូរស័ព្ទចំនួន១ ម៉ាក OPPO ពណ៌ក្រហម, ដែកកេះចំនួន២, លុយខ្មែរចំនួន២១ ៥០០រៀល (ពីរម៉ឺនមួយពាន់ប្រាំរយរៀល) ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងតាខ្មៅ បានសហការនឹងកម្លាំងប៉ុស្តិ៍តាខ្មៅ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចកើតហេតុខាងលើ មានការប្រើប្រាស់និងជួញដូរគ្រឿងញៀន កម្លាំងក៏បានទៅដល់ចំណុចកើតហេតុ ឃើញជនសង្ស័យក៏ឃាត់សួរនាំ រកឃើញថ្នាំញៀនចំនួន១កញ្ចប់ ទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ឈ្មោះចាន់ នៅម្តុំព្រែកតាំងហ៊ុន ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតម្លៃដប់ម៉ឺនរៀល។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES