ខេត្តកណ្តាល ៖ បុរសម្នាក់បានជិះម៉ូតូសេ១០០កូរ៉េកញ្ចាស់មួយគ្រឿង ទៅចតទុក រួចចុះរាយមង ភ្លេចត្រចៀកមួយភ្លែត ចោរជិះទៅបាត់។ នេះបើយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ។ ករណីលួចម៉ូតូនេះ បានកើតឡើង នៅចំណុចចុងព្រែកថ្មី ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះមឿន អឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះធីម ប៊ុនថា ហៅថាវ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលឱ្យដឹងដែរថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ម៉ោង៤និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ចេញពីផ្ទះ រួចចតទុកចោលនៅចុងព្រែកថ្មី ហើយចុះទៅដាក់មងមួយភ្លែត លុះពេលដែលឡើងមកវិញ ក៏ស្រាប់តែបាត់ម៉ូតូខាងលើ ក៏ឆោឡោរកម៉ូតូ ពេលនោះមានគេឃើញឈ្មោះធីម ប៊ុនថា លួចយកទៅបាត់។
រហូតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ។ ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានកោះហៅឈ្មោះធីម ប៊ុនថា មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋាន ឈ្មោះធីម ប៊ុនថា ហៅ ថាវ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន។ កន្លងមក ជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចជាញឹកញាប់នៅក្នុងមូលដ្ឋានផងដែរ។
បន្ទាប់ពីបានចម្លើយសារភាព ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕