Wednesday, September 24, 2025
Homeព័ត៌មានជាតិប្តីដឹងត្រឹមថា ប្រពន្ធទៅធ្វើការ ប៉ុន្តែពេលនេះបាត់ឈឹង មិនដឹងទៅណា?

ប្តីដឹងត្រឹមថា ប្រពន្ធទៅធ្វើការ ប៉ុន្តែពេលនេះបាត់ឈឹង មិនដឹងទៅណា?

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់បានជិះម៉ូតូចេញពីផ្ទះ សំដៅទៅធ្វើការរោងចក្រដូចសព្វដង រួចក៏ស្រាប់តែបាត់ខ្លួនឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យបុរសជាប្តីភ័យព្រួយ ព្យាយាមតាមរកអស់ជាច្រើនថ្ងៃ នៅតែមិនឃើញ ទើបសម្រេចរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ជួយតាមរកប្រពន្ធឱ្យត្រឡប់មកផ្ទះវិញ។

ស្ត្រីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះជិន សំណាង អាយុ៣២ឆ្នាំ មុខរបរកម្មការិនី ធ្វើការនៅរោងចក្រ ពុន ស៊ុយស៊ីង ស្ថិតក្នុងសង្កាត់ច្បារមន មានលំនៅក្នុងភូមិល្វាទេ ឃុំយាអង្គ ស្រុកថ្ពង។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះប៉ោក ផាន់ណា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិល្វាទេរ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិនរដ្ឋបាលយាអង្គ អំពីករណីបាត់ប្រពន្ធអស់ជាច្រើនថ្ងៃ ដោយមិនដឹងមូលហេតុ។

តាមសម្តីបុរសឈ្មោះប៉ោក ផាន់ណា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ត្រូវជាប្តីស្ត្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ប្រពន្ធរបស់គាត់ឈ្មោះជិន សំណាង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពងស្ពឺ 1S-5333 ចេញពីផ្ទះសំដៅទៅធ្វើការនៅរោងចក្រ ដូចសព្វដង។

បុរសជាប្តីបន្តថា ចាប់តាំងពីពេលនោះមក  ប្រពន្ធរបស់គាត់មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយបានបាត់ដំណឹងសូន្យឈឹង ទោះបីក្រុមគ្រួសារស្វះស្វែងរកយ៉ាងណាក៏គ្មានទទួលលទ្ធផលដែរ។ ដោយអស់សង្ឃឹម និងភ័យខ្លាចភរិយាជួបគ្រោះថ្នាក់ដោយប្រការណាមួយ ទើបនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ គាត់ក៏សម្រេចស្វែងការជួយ អន្តរាគមន៍ពីនគរបាលតែម្តង៕

RELATED ARTICLES