Wednesday, September 24, 2025
Homeតារាខ្មែរមាស សុខសោភា នៅតែមិនអាចបំពេញបំណងព្រាប សុវត្ថិ

មាស សុខសោភា នៅតែមិនអាចបំពេញបំណងព្រាប សុវត្ថិ

មាស សុខសោភា និងព្រាប សុវត្ថិ ស្ថិតនៅលំដាប់តារាចម្រៀងកំពូលដូចគ្នា ប៉ុន្ដែអ្នកទាំង២ មិនទាន់សាងស្នាដៃរួមគ្នាក្នុងទីផ្សារបទចម្រៀង តាមរយៈការចេញបទឆ្លងឆ្លើយគ្នានៅឡើយទេ។

ការអាក់ខាននេះ ដោយសារតែមាស សុខសោភា ដែលធ្លាប់លេចឮដំណឹងថា ចូលហង្សមាសៗ ជាច្រើនឆ្នាំមកហើយនោះ ទីបំផុត នាងនៅតែមិនទាន់ក្លាយទៅជាសមាជិករបស់ផលិតកម្ម ដែលមានថៅកែជាលោកឧកញ៉ាអ៊ឹង ឆៃងួន នេះនៅឡើយទេ ទើបធ្វើឲ្យព្រាប សុវត្ថិ ដែលមានបំណងចង់ច្រៀងឆ្លើយជាមួយនាងនូវចម្រៀងជាផ្លូវការ ជា Audio និង MV នោះ នៅតែមិនទាន់បានដូចបំណង ខណៈដែលកន្លងមកកំពូលតារាចម្រៀងរូបនេះធ្លាប់ចាប់ដៃគូជាមួយអ្នកនាងហ៊ឹម ស៊ីវន,ខាត់ សុឃីម, គឹម លក្ខិណា , ពេជ្រ សោភា , សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើម។

ដោយឡែក​ មាស សុខសោភា វិញ នាងធ្លាប់ច្រៀងជាមួយដៃគូតារាចម្រៀងប្រុសជាច្រើនដួងមកហើយ សម្រាប់ផលិតកម្មក្រៅប្រទេស តែនៅផលិតកម្មថោន វិញ នាងធ្លាប់ចាប់ដៃគូតែជាមួយលោកខេម ប៉ុណ្ណោះ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងនិងលោកព្រាប សុវត្ថិ បានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយនៅលើឆាកតន្រ្ដីតាមបណ្ដាកម្មវិធីមួយចំនួន ជាច្រើនលើកច្រើនសាមកហើយ។ ប៉ុន្ដែការច្រៀងបទថ្មីជាផ្លូវការ ឬថត MV ជាមួយគ្នានោះ នៅមិនទាន់បានរួមការងារជាមួយគ្នាទេ​ព្រោះនៅផលិតកម្មផ្សេងគ្នា។

យ៉ាងណា សោភា ថា លោកព្រាប សុវត្ថិ ធ្លាប់និយាយប្រាប់នាងថា លោកចង់ចេញបទចម្រៀងឆ្លងឆ្លើយជាមួយនាងមែន គឺបើទោះជាមិនបានរួមផលិតកម្មជាមួយគ្នា ក៏អាចធ្វើបទចម្រៀងនៅខាងក្រៅបានដែរ។ ចំណែកករូបនាងវិញ ក៏ចង់ច្រៀងដៃគូជាមួយលោកព្រាប សុវត្ថិ ដែរ។

មហាជនបានលើកឡើងថា ប្រសិនបើមាស សុខសោភា ក្លាយជាដៃគូចម្រៀងព្រាប សុវត្ថិ នាពេលខាងមុខមែននោះ ទីផ្សារចម្រៀងនឹងមានការប្រែប្រួលជាមិនខាន ព្រោះអ្នកទាំង២​សុទ្ធតែនៅចំណុចខ្ពស់ដូចគ្នានៃអាជីពចម្រៀង ខណៈលោកព្រាប សុវត្ថិ បានល្បីរយៈពេល២៣ឆ្នាំមកហើយ ស្របពេលដែលសោភា ល្បីជាង១០ឆ្នាំផងដែរ។

ប៉ុន្ដែការខ្វែងគំនិតគ្នារវាងមាស សុខសោភា និងហង្សមាស ធ្វើឲ្យសោភា នៅតែមិនទាន់ក្លាយទៅជាដៃគូរបស់ព្រាប សុវត្ថិ បន្ដទៅទៀត ព្រោះតែនាងចង់ច្រៀងដោយគ្មានកុងត្រា ចំណែកហង្សមាស ចង់កុងត្រាជាមួយសោភា រយៈពេល៥ឆ្នាំ ដូចខេមរៈ សិរីមន្ដ ដែរ។

សោភា ធ្លាប់អះអាងថា តាំងពីនាងចាប់អាជីពចម្រៀងមក គឺធ្លាប់ចុះកុងត្រាតែម្ដងគត់ គឺអំឡុងពេលដែលនាងច្រៀងឲ្យផលិតកម្មសាន់ដេ ហើយកុងត្រាត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ក្រៅពីផលិតកម្មនេះនាងមិនធ្លាប់កុងត្រាឲ្យផលិតកម្មណាទេ រួមទាំងផលិតកម្មថោន ផងដែរ។ ពេជ្រ សោភា បន្ថែមថា ជាទម្លាប់ នាងចូលចិត្តរស់នៅដោយសិទ្ធិសេរីភាពពេញលេញ ហេតុនេះហើយបានជានាងមិនដែលចង់ច្រៀងដោយមានកុងត្រានោះទេ។ នាងថា ប្រសិនបើហង្សមាស ចង់បាននាងធ្វើជាតារាចម្រៀងឲ្យផលិតកម្មនេះមែន គាត់ប្រាកដជាយល់ តែបើឲ្យនាងចូលហង្សមាស ហើយមានកុងត្រានោះ នាងមិនទៅនោះទេ។

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីនាងបានផ្ញើខ្លួននៅទ្រនំនេះ រយៈពេល៩ឆ្នាំមក។ រហូតមកដល់ពេលនេះ សោភា នៅតែមិនទាន់ចូលហង្សមាស នៅឡើយ បើទោះជាមតិភាគច្រើនយល់ថា ភាគរយខ្ពស់បំផុតនាងនឹងពិបាកគេចផលិតកម្មមួយនេះក្ដី។

មាស សុខសោភា បានចេញបទថ្មីៗរបស់ខ្លួន២បទ នៅផលិតកម្មផ្ទាល់ខ្លួនរបស់នាង Camtrax គឺបទ ”ស្រណោះដៃប្ដី” និងបទ ”ចាំជានិច្ច” ក្រោយនាងចេញពីថោន ជាង២ខែនេះ ដែលបទនោះមានការគាំទ្រមធ្យមប៉ុណ្ណោះ។

យ៉ាងណា ស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រង Camtrax នោះ បានសម្របខ្លួនតាមនាងជានិច្ច ទោះជាសោភា ចង់ទៅច្រៀងនៅផលិតកម្មណា ឬច្រៀងតែផលិតកម្មផ្ទាល់ខ្លួន ក៏លោកមិនហ៊ានប្រឆាំងឡើយ។ ប៉ុន្ដែរឿងរៀបការវិញ នៅតែគ្មានស្រមោលដដែល ក្រោយពីសោភា-រ៉ាដា ស្រលាញ់គ្នា១៣ឆ្នាំមក៕

RELATED ARTICLES