Wednesday, September 24, 2025
Homeតារាខ្មែរម៉េង កែវពេជ្ជតា - អ៊ូ រស្មី ទាស់គ្នា លោកខេវិន ប្រតិកម្ម

ម៉េង កែវពេជ្ជតា – អ៊ូ រស្មី ទាស់គ្នា លោកខេវិន ប្រតិកម្ម

ភាពចម្រូងចម្រាសបានកើតមានឡើងរវាងតារាចម្រៀងម៉េង កែវពេជ្ជតា និងអ្នកនាងអ៊ូ រស្មី ដោយសារតែអ្នកនាងរស្មី បានយកបទចម្រៀងមួយបទដែលមានចំណងជើងថា​”សម្រស់នារីខ្មែរ” របស់ផលិតកម្មឆ្លងដែន ដែលផលិតកាលពីឆ្នាំ២០០១នោះ​ច្រៀង Cover តែមិនមានឡើងអក្សរថា ម្ចាស់ដើមបទនេះជាអ្នកណាឡើយ។

លោកគួច ខេវិន និងអ្នកនាងម៉េង កែវពេជ្ជតា

អ្នកនាងម៉េង កែវពេជ្ជតា បានចេញ Live ជាបន្ដបន្ទាប់ ជុំវិញរឿងការរំលោភលើកម្មសិទ្ធិបញ្ញានេះ ប៉ុន្តែភាគីពាក់ព័ន្ធ គឺអ្នកនាងអ៊ូ រស្មី និងអ្នកតំឡើងហ្វេសប៊ុកនិងយូធូបឲ្យនាង លោកឈិន សុដារិទ្ធ ហាក់មិនទទួលស្គាល់កំហុសឆ្គង និងឆ្លើយដាក់គ្នា ទើបធ្វើឲ្យរឿងចម្រូងចម្រាសនេះ នៅតែមិនទាន់អាចរកទីបញ្ចប់ឃើញ។

អ្នកនាងម៉េង កែវពេជ្ជតា និយាយថា កន្លងមកមានតារាចម្រៀងមួយចំនួនបានយកបទរបស់អ្នកនាងទៅច្រៀង​និងមិនបានដាក់ម្ចាស់ដើមថា អ្នកនាងជាអ្នកច្រៀងទេ ប៉ុន្ដែក្រោយមានប្រតិកម្មពីនាងទៅតារាទាំងនោះដឹងកំហុស និងបានសុំទោសនាង ក៏បញ្ចប់រឿងទៅ​ព្រោះជាអ្នកសិល្បៈដូចគ្នា នាងមិនចង់បានរឿងនោះទេ។

ប៉ុន្ដែទាក់ទងបទ ”សម្រស់នារីខ្មែរ” នេះ អ្នកនាងអ៊ូ រស្មី បានយកទៅ Cover ហើយមិនបានដាក់ថានាងជាម្ចាស់បទនោះទេ ទើបនាង Live និយាយពីរឿងនេះ ហើយ១ថ្ងៃក្រោយមក អ្នកនាងអ៊ូ រស្មី បានទូរស័ព្ទមកសុំទោសនាង​ដោយទទួលស្គាល់នូវកំហុសនេះ ហើយនាងក៏ព្រមលើកលែងទោសឲ្យ។

អ្នកដែលធ្វើបទនេះជាថ្មី និងជាអ្នកតំឡើងហ្វេសប៊ុកនិងយូធូប ឲ្យអ្នកនាងអ៊ូ រស្មី ច្រៀង​គឺលោកឈុន សុខដារិទ្ធ បែរជាចេញវីដេអូជេបញ្ចោរនាងទៅវិញ ទើបនាងមិនអាចលើកលែងឲ្យក្រុមចោរដែលលួចចម្រៀងគេទៅហើយ មកវាយប្រហារម្ចាស់ដើមនេះ រួចខ្លួនទេ គឺត្រូវតែចាត់ការប្ដឹងទៅតាមផ្លូវច្បាប់ឲ្យជួយរកយុត្តិធម៌ឲ្យ។

អ្នកនាងម៉េង កែវពេជ្ជតា

អ្នកនាងម៉េង កែវពេជ្ជតា ថាមុននឹងឲ្យមេធាវីរៀបចំពាក្យបណ្ដឹងលោកឈុន សុខដារិទ្ធ នេះ នាងក៏ធ្លាប់ប្រាប់ទៅអ្នកនាងអ៊ូ  រស្មី ដែរថា ឲ្យលោកសុខដារិទ្ធ ចេញសារសុំទោសនាងជាធារណៈទៅ នាងនឹងមិនប្ដឹងនោះទេ។ ប៉ុន្ដែអ្នកនាងរស្មី បែរជាថា គាត់និយាយទៅលោកសុខដារិទ្ធ ដែរ តែគេមិនស្ដាប់នោះទេ ហេតុនេះហើយបានជានាងរកអ្នកច្បាប់ឲ្យចាត់ការរឿងនេះ។

អ្នកនាងពេជ្ជតា បន្ថែមថា រឿងដែលនាងហួសចិត្តនោះ ស្រាប់តែនាងបង្ហោះរូបភាពមួយមិនទាន់ទងរឿងនេះសោះ ស្រាប់តែអ្នកនាងរស្មី បញ្ចេញសារបែបឌឺដងឲ្យនាងថា ”ការពិតនោះ ជួនកាលម្ចាស់ដើមច្រៀងមិនបានការផង ក៏អាចថាបានណាអ្នកបង អរគុណអ្នកច្រៀង Cover ទៅដែរ គេអាចធ្វើឲ្យអ្នកបងបានល្បី ព្រោះប្រវត្តិកេរ្ដិ៍ឈ្មោះអ្នកបង ក៏មិនសូវមានគេចូលចិត្តស្រាប់ផង ព្រោះតែពូកែតែខាំគេចង្អៀតចង្អល់ ហ្វេនហ្វេន អាចស្ដាប់សំឡេងខ្ញុំនិងអ្នកបង ថ្លឹងមើលថា មួយណាពិរោះចាក់ចំគល់កជាង ចម្លើយប្រាកដជាខ្ញុំហើយដែលពិរោះ ខ្ញុំគេដាក់ឈ្មោះជាតារាចម្រៀងកន្ទុំរុយ សួរមើលដែរថា មួយណាមិនស្គាល់ ចុះបង ខ្ញុំគុំយូរហើយ សុំទោសមិនចង់ជ្រលក់មាត់”។

អ្នកនាងអ៊ូ រស្មី

ក្រោយមានសារពីនាងអ៊ូ រស្មី បែបនេះ អ្នកនាងម៉េង កែវពេជ្ជតា បានបញ្ចេញសារថា ”រឿងនេះមិនងាយចប់ងាយៗទេ ព្រោះសម្ដីនាងម្នាក់ហ្នឹង ក៏ឈ្លើយរកលេខដាក់គ្មានដែរ”។

បទ ”សម្រស់នារីខ្មែរ” និពន្ធទំនុកច្រៀងដោយលោកប៊ី ប៊ុនធួក ដឹកនាំសម្ដែងដោយលោកគួច ខេវិន ច្រៀងដោយអ្នកនាងម៉េង កែវពេជ្ជតា ដែលផលិតកម្មឆ្លងដែន ផលិតអំឡុងឆ្នាំ២០០១។ ​ក្រោយមានរឿងរ៉ាវទាស់គ្នារវាងអ្នកនាងម៉េង កែវពេជ្ជតា និងនាងអ៊ូ រស្មី បែបនេះ លោកគួច ខេវិន បានបញ្ចេញប្រតិកម្មជុំវិញរឿងរ៉ាវទាំងនេះថា ”ចំពោះអ្នកដែលនិយមចូលចិត្តចម្លង (Copy) ក៏គួរណា ឬចាំបាច់ត្រូវមានការអនុញ្ញាតពីម្ចាស់ និងត្រូវមានឈ្មោះអ្នកចម្រៀងដើម ដោយបញ្ជាក់ពីប្រភពដកស្រង់ណាមួយច្បាស់លាស់ ទើបមានសិទ្ធិត្រឹមត្រូវ បើមិនដូច្នេះទេ មិនខុសពីគេហៅថា ”ចោរ” នោះទេ។

លោកខេវិន បន្តថា បទ ”សម្រស់នារីខ្មែរ” របស់ផលិតកម្មឆ្លងដែន ដែលច្រៀងយ៉ាងពីរោះរណ្ដំពីតារាចម្រៀងម៉េង កែវពេជ្ជតា អំឡុងឆ្នាំ២០០១ កាលនោះបញ្ចេកទេសថត និងឧបករណ៍ផលិតមិនទាន់គ្រប់គ្រាន់ មិនសម្បូរបែបដូចបច្ចុប្បន្នឡើយ។ ទោះជាដូច្នេះក្ដី ក៏មានអ្នកចម្រៀងខ្លះនាពេលបច្ចុប្បន្ន អួតក្ដែងៗថា ជាបទរបស់ខ្លួនទៅវិញ”។

ក្រោយឃើញសារពីលោកគួច ខេវិន ដែលជាអ្នកដឹកនាំសម្ដែងបទ ”សម្រស់នារីខ្មែរ” លូកដៃចូលរឿងនេះ អ្នកនាងម៉េង កែវពេជ្ជតា បានចូលទៅខមិនថា ”អរគុណលោកខេវិន ដែលបានធ្វើការពន្យល់បន្ថែមរក្សាឈ្មោះឲ្យម្ចាស់ដើម ទៅកាន់អ្នកមួយចំនួនយកស្នាដៃរបស់គេប្រើមិនសុំ មិនឲ្យលុយ ហើយថែមទាំងចង់បំបាត់ឈ្មោះម្ចាស់ដើមទៀត។ បើមានអ្នកប្រកាន់ទស្សនៈដូចលោកខេវិន ឲ្យបានច្រើនថែមទៀតនោះ ស្នាដៃសិល្បៈ ក៏ដូចជាតម្លៃម្ចាស់ដើមពិត មិនសាបសូន្យដាច់ខាត”៕ ហ៊ឹម វិចិត្រ

RELATED ARTICLES