ភ្នំពេញ ៖ ប្អូនស្រីនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រីហ៊ុន ស៊ីណាត បានព្រមានរកមុខព្រះរាជអាជ្ញា និងសមត្ថកិច្ចណាដែលហ៊ានដោះលែងស្ត្រីសង្ស័យម្នាក់ដែលប្រព្រឹត្តបទល្មើសផលិតស្ករត្នោតក្លែងក្លាយ ត្រូវសមត្ថកិច្ចចាប់រួចដោះលែងវិញ ៨លើកមកហើយ ដូច្នេះក្នុងការចាប់ខ្លួនលោកទី៩នេះ បើហ៊ានដោះលែងស្ត្រីនោះឱ្យមកផលិតស្ករត្នោតក្លែងក្លាយដដែលវិញទៀត លោកស្រីនឹងទៅរកមុខអ្នកដោះលែងនោះមិនខាន។

លោកស្រីហ៊ុន ស៊ីណាត បានបង្ហោះរូបភាពស្ត្រីសង្ស័យជាម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយដែលសមត្ថកិច្ចឃាត់ខ្លួននោះ នៅក្នុងគណនីនិងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាមួយសំណេរថា “សូមបងប្អូន កូន ក្មួយ មិត្តរួម Facebook ទាំងអស់ ជួយឃ្លាំមើលការឃាត់ខ្លួនថៅកែឈ្មោះជួន មុំ ផលិតស្ករត្នោតក្លែងក្លាយ បង្កផលប៉ះពាល់ដល់សុxភាពប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃ បើហ៊ានលែងយាយជួន មុំ ទៀត ខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ ពីព្រោះការផលិតស្ករត្នោតក្លែងក្លាយ ចាប់ថៅកែនេះ៨ដង តែមិនដែលកាត់ទោសទេ ចាំមើលសានេះ តុលាការគិតយ៉ាងម៉េច លែងឱ្យទៅផលិតទៀតដែរទេ? សូមមិត្តរួមហ្វេសប៊ុកជួយឃ្លាំមើលតុលាការ ទាំងអស់គ្នា”។

ជុំវិញការព្រមានខាងលើនេះ “នគរធំ” មិនអាចសុំយោបល់បន្ថែមពីលោកស្រី ហ៊ុន ស៊ីណាត និងសមត្ថកិច្ចពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា តាមព័ត៌មានថា ក្រោយការឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះជួន មុំ អាយុ ៤៩ឆ្នាំ ដែលជាម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះរួចមក សមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បាននាំខ្លូនស្ត្រីសង្ស័យទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ដោយមិនបានដោះលែងដូចការចាប់ខ្លួនចំនួន៨ដង កន្លងទៅនោះទេ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះជួន មុំ ភេទស្រី អាយុ៤៩ឆ្នាំ រូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ចំនួន៨ដងរួចមកហើយ។ ប៉ុន្តែស្ត្រីរូបនេះមិនញញើតច្បាប់សោះ នៅតែបន្តផលិតស្ករត្នោតក្លែងក្លាយដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទើបនៅថ្ងៃទី១៥ ខែសីហា ឆ្នា២០២០ ក្រោមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនករបាលខេត្តកណ្តាល កម្លាំងនគរបាលរបស់លោកបានចុះបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយរបស់ស្ត្រីឈ្មោះជួន មុំ នោះ ជាលើកទី៩ ក្រោយពីស្ត្រីរូបនេះបានបំពានកិច្ចសន្យាពីមុនៗមក។

ក្នុងប្រតិបត្តិការបង្ក្រាបលើកទី៩នោះ កម្លាំងសមត្ថកិច្ចរកឃើញវត្ថុតាងនៅទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើ រួមមាន ៖ ស្ករត្នោតក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើនឹង៣៤៨គីឡូក្រាម ស្ករ-សចំនួន៣បាវ ស្មើនឹង១៥០គីឡូក្រាម ប្រេងឆាមួយប៊ីដុង កន្លះស្មើនឹង៧,៥លីត្រ ម៉ូទ័រកូរស្ករចំនួន១ ខ្ទះស្ករធំៗចំនួន៣។
វត្ថុតាងទាំងនេះត្រូវបានដកហូតយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕