Wednesday, September 24, 2025
Homeព័ត៌មានជាតិម៉ែឪមិននៅ កូនៗដាំបាយ រួចចេញទៅផ្ទះអ៊ំ... ស្រាប់តែមានរឿងតែម្តង

ម៉ែឪមិននៅ កូនៗដាំបាយ រួចចេញទៅផ្ទះអ៊ំ… ស្រាប់តែមានរឿងតែម្តង

ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធ២នាក់បាននាំគ្នាធ្វើចំណាកស្រុកដើម្បីរកប្រាក់ចិញ្ចឹមក្នុងគ្រួសារ ដោយទុកកូនៗជំទង់ៗចំនួន៤នាក់ឱ្យនៅចាំផ្ទះ ស្រាប់តែអកុសលកូនៗដាំស្លហូបរួច ភ្លេចពន្លត់ភ្លើងចង្ក្រាន រួចក៏នាំគ្នាចេញទៅដេកផ្ទះអ៊ំអស់ លុះពាក់កណ្តាលអធ្រាត្រ ក៏មានភ្លើងឆេះផ្ទះខ្ទេចអស់គ្មានសល់។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅម្តុំខាងលិចវត្តប្រហាល ស្ថិតនៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ។

តាមប្រភពព័ត៌មានពីអ្នកភូមិ បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ងួន ភឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធនិងកូនប្រុសស្រីជំទង់ៗចំនួន៤នាក់ ក្នុងក្នុងបន្ទុក។ រាល់ថ្ងៃនេះ ប្តីប្រពន្ធជាម្ចាស់ផ្ទះបានទៅធ្វើការងារនៅប្រទេសថៃ បាត់ទៅហើយ  ដោយទុកកូនៗជំទង់៤នាក់ ឱ្យនៅថែរក្សាផ្ទះសម្បែង។

ប្រភពព័ត៌មានពីអ្នកភូមិខាងលើ បន្តថា ផ្ទះសម្បែងដែលត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ រនាបក្រាលក្តារ។ ចំណែកមូលហេតុដែលនាំឱ្យមានការឆាបឆេះនេះ គឺដោយសារក្មេងៗដាំស្ល រួចមិនពន្លត់ភ្លើងចង្ក្រានឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យភ្លើងឆេះរាលដាលដល់ផ្ទះខ្ទេចអស់បែបនេះតែម្តង។

រីឯទ្រព្យសម្បត្តិ និងសម្ភាររងការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង អង្ករចំនួន៥០គីឡូក្រាម ជីបាចស្រូវចំនួន៣ការ៉ុង ម៉ាស៊ីនបូមទឹក១គ្រឿង កាតគ្រីម៉ូតូ១សន្លឹក សៀវភៅគ្រួសារ (ក៤) ១ក្បាល ប្លង់ដី១សន្លឹក ទូរទស្សន៍១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

តាមសម្តីក្មេងៗជាកូនរបស់ម្ចាស់ផ្ទះខាងលើ បានប្រាប់ថា ករណីនេះបណ្តាលមកពីភ្លើងចង្ក្រាន ព្រោះពួកគេដាំស្លរួចភ្លេចពន្លត់ភ្លើង លុះពេលនាំគ្នាហូបបាយពេលល្ងាចរួច ក៏នាំគ្នាទៅដេកផ្ទះអ៊ុំដូចសព្វមួយដងអស់ទៅ ស្រាប់តែពាក់កណ្តាលយប់ ក៏មានភ្លើងឆេះបែបនេះតែម្តង។

ក្រោយកើតហេតុ គេឃើញអាជ្ញាធរបានចុះសួរនាំ ដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូន ថ្នាក់លើផងដែរ៕

RELATED ARTICLES