Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងទូច ស្រីលក្ខណ៍ បង្ហាញគូស្នេហ៍ថ្មី ខណៈអន់ចិត្តប្ដីចាស់

អ្នកនាងទូច ស្រីលក្ខណ៍ បង្ហាញគូស្នេហ៍ថ្មី ខណៈអន់ចិត្តប្ដីចាស់

អ្នកមេម៉ាយកូន១ អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី ជាគ្រូបង្ហាត់កីឡាសាច់ដុំធំៗ ហើយបុរសនោះថែមទាំងយកចិត្តទុកដាក់នាង ដោយយកកាដូពិសេសជូនទៅនាងដល់ផ្ទះវីឡារបស់នាងទៀតផង មុនពេលដែលពួកគេដឹកដៃគ្នាទៅថតរូបភាព ដោយតែងខ្លួនប្លែកកដូចសាសន៍គេ នៅប្រាង្គប្រាសាទមួយ។

ទោះជាពេលនេះមានប្រុសថ្មីមកស្អំរបួសបេះដូងក្ដី ក៏អ្នកមេម៉ាយកូន១ ស្រួយដូចដូងដុតរូបនេះ នៅតែបង្ហាញអារម្មណ៍អាក់អន់ស្រពន់ចិត្ត ដោយសារតែអតីតប្ដីសញ្ជាតិន័រវែស លោកម៉ូរធែន ក្វារមែន ដែលកំពុងមានក្ដីសុខជាមួយគូស្នេហ៍ថ្មីនោះ មិនដែលគិតគូររឿងកូន ឬផ្ញើលុយ១កាក់១សេន ឲ្យកូនចាយឡើយ។

ស្រីលក្ខណ៍ ថ្លែងសារបង្កប់ដោយអត្ថន័យឈឺចាប់ថា ”ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថា ហេតុអីបានជាខ្ញុំអាចឈរបានដោយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហើយ រូបខ្ញុំនៅឡើយមិនតតប? ប្រុសដែលថ្លៃ គឺគ្មានថ្ងៃធ្វើឲ្យប្រពន្ធទឹកភ្នែកស្រែករកប្ដីរាល់យប់ រូបខ្ញុំសុខចិត្តដេកអោបទុក្ខជាច្រើនឆ្នាំ រង់ចាំបើកទ្វារឲ្យគេជាប្ដី មិនដែលស្គាល់ថាដើរចាយលុយ បំផ្លាញ ឬក៏មានមិត្តភក្ដិចូលបារ ឬក៏ទៅបង្កបញ្ហា ឲ្យគ្រួសារមានទុក្ខ

នៅសុខៗស្រីរបស់គេមកបរិហាកេរ្ដិ៍ខ្ញុំជាប្រពន្ធ ដោយបំពានហ៊ានធ្វើមកលើរូបខ្ញុំនិងកូន ទទួលបានដោយការរងទុក្ខជាច្រើនឆ្នាំ រូបខ្ញុំក៏កើតជំងឺវិបត្តិផ្លូវចិត្ត ខ្លាចនិងជួបមនុស្ស ខ្លាចនិងគេសួរ រងចាំការប៉ះពាល់ផ្លូវចិត្តជាច្រើនខែ ព្យាយាមកែហើយគេចពីផ្លូវដែលឈឺចាប់មួយនេះ រូបខ្ញុំបានទទូលអីខ្លះ ក្រៅពីទុក្ខលំបាកគេឆក់យកអតីតប្ដីយើងទាំងដែលយើងមិនដឹងថា គេរួមគំនិតក្បត់យើងជាប្រពន្ធ ទុក្ខដែលធ្ងន់គឺត្រូវប្រឈមនិងបង្ហាញដែលគាត់បន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង គេជាប្រុសគេងសប្បាយសាសងជាមួយស្រីថ្មី មួយម៉ាត់ក៏មិនដែលតេរកកូន គឺគ្មានសោះ មួយរយរៀលខ្មែរ ក៏មិនដែលផ្ដល់ឲ្យកូនប្រុសដែរ ជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់ តែខ្ញុំមិនទាមទារ ខ្ញុំសូមលើកដៃបន់ផ្សង កុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែលហ៊ានប្រហារចិត្តខ្ញុំដូចពេលនេះទៀត”។

អ្នកយកព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅទូច ស្រីលក្ខណ៍ ជាច្រើនដង ប៉ុន្ដែទូរស័ព្ទរបស់នាងជាប់រវល់រហូត ហេតុនេះហើយបានជាមិនទទួលបានចម្លើយបន្ថែមពីលើសំណេរ ដែលនាងទម្លាយរឿងឈឺចាប់ដោយសារស្នាដៃអតីប្ដី និងរឿងដែលកំពុងបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយគ្រូកីឡាសាច់ដុំធំៗម្នាក់នោះឡើយ

យ៉ាងណា តារាដែលចូលចិត្តតែងខ្លួនបែបនារីអឺរ៉ុបរូបនេះ ត្រូវបានគេបង្ហើបថា ក្រោយលែងប្ដីចាស់ជនជាតិន័រវែសភ្លាម នាងមានប្រុសបរទេសថ្មីទៀតតាមសុំស្នេហាជាបន្ដបន្ទាប់ តែស្រីលក្ខណ៍ បែរជាបង្ហាញកាយវិការពេញចិត្តជាមួយគ្រូកីឡាមាឌឌាំងនោះទៅវិញ។

គួររំលឹកថា ទូច ស្រីលក្ខណ៍ បានរៀបការជាមួយលោកម៉ូធែន ក្វារមែន ជនជាតិន័រវេស កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ហើយចំណងស្នេហ៍ជាង៦ឆ្នាំនេះ មានភាពរកាំរកូសតាំងពីឆ្នាំ២០១៨ម្ល៉េះ ទើបធ្វើឲ្យនាងខកគម្រោងពពោះយកកូនស្រីទី២។

ស្រីក្ខណ៍ បន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះម៉ាកានេស ម៊ូណារិទ្ធ យ៉ែម ក្វារមែន អាយុជាង៤ឆ្នាំ។ ក្រោយចែកផ្លូវគ្នាជាមួយអតីតប្ដីនេះ ស្រីលក្ខណ៍ ច្រើនតែបង្ហូរទឹកនេត្រានៅលើឆាកតន្រ្ដី ហើយនាងច្រៀងតែបទដែលកម្សត់ៗ ខូចចិត្តជាប្រចាំទៀតផង ដែលអត្ថន័យបទខ្លះត្រូវនឹងសាច់រឿងពិតរបស់នាងតែម្ដង។

ប៉ុន្ដែររហូតមកដល់ពេលនេះ នាងមិនបញ្ចេញឲ្យគេដឹងទេថា ស្រីដែលឆក់ប្ដីន័រវេស ពីនាងនោះ ជាអ្នកណាមុខមាត់យ៉ាងម៉េចឡើយ​តែនាងបង្ហាញអារម្មណ៍ហាក់បាក់ស្បាត ក្រោយយកប្ដីខុស​ នាំឲ្យនាងធ្លាក់ខ្លួនមេម៉ាយកូន១នេះ៕

RELATED ARTICLES