ខេត្តប៉ៃលិន ៖ ចាប់តាំងពីដាំដើមដំឡូងមី នៅចុងខែកុម្ភៈ រហូតមកដល់ដើមខែតុ លានេះ អស់រយៈពេលជាច្រើនខែ ទើបប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ៃលិន បាននាំគ្នាជួលកម្មករដកមើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន ដើម្បីលក់យកប្រាក់សងជំពាក់បំណុលអង្គការ និងធនាគារ ។ តែពួកគាត់ បានជួបនឹងទុក្ខលំបាកយ៉ាងខ្លាំង ដោយត្អូញត្អែរគ្រប់ៗ គ្នា ខណៈតម្លៃទីផ្សារមានការធ្លាក់ចុះយ៉ាងគំហុក គួរឱ្យកត់សម្គាល់ ធ្វើឱ្យអ្នកខ្លះសម្រេចចិ ត្តថានឹងឈប់ដាំដំឡូងមីនៅឆ្នាំក្រោយបន្តទៀត ហើយងាកបែរទៅដាំជី ស្លឹកគ្រៃ បន្លែ អន្ល ក់វិញម្តង ។
កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ មានកសិករម្នាក់ ឈ្មោះ ប៊ូ សារឿន ភេទស្រី អាយុ៥៧ឆ្នាំ មានស្រុកកំណើតរស់នៅភូមិសំណាញ់ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ដោយក្តីទុក្ខលំបាកឱ្យដឹងថា គាត់បានដាំដំឡូងមី ចំនួន៥០ហិកតា ហើយរហូតមកដល់ពេលនេះ គាត់បានធ្វើការប្រមូលផលចំនួន៧ហិកតា ដើម្បីលក់យកប្រាក់សងបំណុលអង្គការ ។ គាត់បន្តទៀតថា អ្វីដែលធ្វើឱ្យគាត់និយាយ និង យំមិនចេញនោះ ដោយសារតែតម្លៃទីផ្សារមើមដំឡូងមី មានការធ្លាក់ចុះ ព្រោះកាលពីឆ្នាំ២០១៥កន្លងទៅ គាត់បានដកដំឡូងមីមុនគេ ហើយតម្លៃដំឡូងមីស្រស់ លក់បានថ្លៃ១គីឡូ ក្រាម ចាប់ពី១.៥ ទៅ២បាត (ប្រាក់ថៃ) រីឯចំណិតដំឡូងមីក្រៀមវិញ ១គីឡូក្រាមលក់បានថ្លៃចាប់ពី៤.៥ ទៅ៥បាត ។ ប៉ុន្តែនៅឆ្នាំ២០១៦នេះ ដំឡូងមីស្រស់ក្នុង១គីឡូក្រាម លក់បានត្រឹមតែ០.៨បាត (ប្រហែល១រយរៀល) ក្នុង១គីឡូក្រាម ចំណិតដំឡូងមីស្ងួតក្នុង១គីឡូក្រា ម៣.៥ ទៅ៤បាត ប៉ុណ្ណោះ ។
គាត់បញ្ជាក់ទៀតថា ការធ្វើចម្ការ ដាំដំឡូងមីនេះ ជួលកម្មករសព្វគ្រប់ តាំងពីដាំ រួច ជួលបាញ់ស្មៅ រហូតដល់ជួលកាប់ដើម ក្នុង១បាច់អស់ថ្លៃ២រយរៀល ជួលដក ក្នុង១តោនអស់ថ្លៃ៣ម៉ឺនរៀល រហូតដល់ជួលរថយន្តគេដឹកចេញពីចម្ការយកទៅលក់នៅតាមស្តង់ដំឡូ ងមីថែមទៀតផង ហើយមើលទៅ បន្ទាប់ពីលក់មើមដំឡូងមីចប់សព្វគ្រប់ គ្មានលុយសល់ ដើម្បីសងជំពាក់គេនោះឡើយ ។ ដូច្នេះគាត់ ក៏សូមអំពាវនាវដល់មន្ទីរកសិកម្ម ក៏ដូចជាក្រ សួងកសិកម្ម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយរកទីផ្សារជូនប្រជាកសិករ ដើម្បីឱ្យងាយស្រួលក្នុងការលក់កសិកផល ដែលខ្លួនដាំបានហើយនេះផងដែរ ។ ម្យ៉ាងវិញទៀត បច្ចុប្ប ន្ននេះ មានការលំបាកក្នុងការរកជួលកម្មករឱ្យដកដំឡូងមី ព្រោះប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចាកចេញពីស្រុកកំណើតទៅស៊ីឈ្នួលធ្វើការឱ្យគេនៅប្រទេសថៃ ប្រទេសកូរ៉េ ហើយកម្មករដែលនៅសេសសល់តិចតួច ក៏ត្រូវជួលគេក្នុងតម្លៃថ្លៃដែរ ទើបអាចធ្វើការនៅក្នុងចម្ការរបស់ខ្លួន ៕
ដោយ ៖ រតនៈ