ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកកាសែតថា នាងមិនមែនជាតារាប្រេនប្រេន ប្រើប្រាស់សម្លៀកបំពាក់ថ្លៃៗនោះទេ គឺនាងចូលចិត្តតែពាក់ខោអាវជជុះទិញនៅផ្សារទួលទំពូង ប៉ុណ្ណោះ ដែលអាវយឺត១ថ្លៃ ត្រឹមពី២ទៅ៣ដុល្លារប៉ុណ្ណោះ។

ប៉ុន្ដែការអះអាងបែបនេះមិនសូវមានគេជឿជាក់នោះទេ ព្រោះតែសោភា ច្រៀងតាមខេត្ត ១កម្មវិធី ស៊ីថ្លៃ៣០០០ដុល្លារ រឿងអីបានជាមិនហ៊ានទិញខោអាវថ្លៃៗពាក់ដូចគេ?
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ អំឡុងពេលដែលពេជ្រ សោភា ទៅសម្ពោធផលិតមួយនៅហាង Topaz នោះ នាងបានយួរកាបូបដៃតូចមួយ ពណ៌ផ្ទៃមេឃ ហើយជំនួយការនាងប្រាប់អ្នកយកព័ត៌មានយើងថា កាបូបសោភា កំពុងកាន់នោះមានតម្លៃរហូតដល់ទៅ៦០០០ដុល្លារឯណោះ។

អ្នកយកព័ត៌មានយើងបានព្យាយាមសួរពេជ្រ សោភា រឿងហ៊ានទិញកាបូបដៃ១ ថ្លៃ៦០០០ដុល្លារ ស្មើនាងច្រៀងរាំ២កម្មវិធីនោះ តែនាងមិនប្រាប់ពីតម្លៃនោះទេ ដោយបែរជាថាឲ្យអ្នកកាសែតតាមដានដោយខ្លួនឯងទៅចុះ។នាងថា សួររឿងត្រៀមចេញបទចម្រៀងអី ត្រៀមនាំយកផលិតផលអីមកពីកូរ៉េ មិនសួរបែរជាសួររឿងតម្លៃកាបូបដៃទៅវិញ អីចឹងនាងមិនប្រាប់ទុកឲ្យឆ្ងល់…។

ថ្វីត្បិតតែពេជ្រ សោភា ធ្លាប់តាំងចិត្តថា មិនចំណាយលុយទៅលើសម្ភារៈថ្លៃៗទេ ដោយអំឡុងនាងជិះរថយន្ដ Lexus RX 300 នាងថា ជិះទាល់តែដាំខ្ទឹមក្ដី តែ២ឆ្នាំចុងក្រោយនេះ គេឃើញនាងមានការប្ដូរជំហរច្រើនទៅតាមពេលវេលា ដូចជា ពេលនេះនាងជិះរថយន្ដ២គ្រឿងឆ្លាស់គ្នា ដែលមានតម្លៃជិតកន្លះលានដុល្លារ គឺ Porsche និង Range Rover។

ក្រៅពីលេងឡានថ្លៃៗនេះ សោភា ក៏ត្រូវបានគេដឹងថា នាងជាតារាដែលស្រលាញ់ និងចូលចិត្តពាក់នាឡិកាដៃបំផុត ពិសេស គឺម៉ាក Rolex ១គ្រឿង ដែលមានតម្លៃដល់ទៅជាង២ម៉ឺនដុល្លារ។
ប៉ុន្ដែរឿងស្នេហាជាមួយប្រុសក្មេង ឆឹម សក្កដា វិញ សោភា នៅតែថា គ្មានគម្រោងដឹកដៃគ្នាចូលរោងការឆាប់ៗឡើយ៕
ហ៊ឹម វិចិត្រ