Tuesday, September 23, 2025
Homeព័ត៌មានជាតិចង់សម្របសម្រួល ត្រឹមពាក្យសុំទោសមែន? នាងមិនព្រមទេ

ចង់សម្របសម្រួល ត្រឹមពាក្យសុំទោសមែន? នាងមិនព្រមទេ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចូលទៅលួចទូរស័ព្ទមួយគ្រឿងរបស់នារីរូបស្រស់ នៅក្នុងហាងអ៊ុតសក់ ក៏ត្រូវបានម្ចាស់ដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងជួយឃាត់ខ្លួនបាន ដកហូតទូរស័ព្ទមកវិញ និងប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ យកទៅប៉ុស្តិ៍។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងហាងអ៊ុតសក់មួយកន្លែង យីហោ “វណ្ណរ៉ា ប៊ីយូធី សាឡន” ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ទល់មុខវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ មានឈ្មោះ វណ្ណរ៉ា ភេទស្រី មុខរបរជាងអ៊ុតសក់ហាងកើតហេតុ។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ រីឯទូរស័ព្ទដែលជនសង្ស័យលួចនោះ ម៉ាក OPPO ពណ៌ក្រហម ត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ។

ប្រភពពីនារីរូបស្រស់ម្នាក់ដែលជាអ្នកកក់សក់ឱ្យម្ចាស់ហាង មិនបានប្រាប់ឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នារីរងគ្រោះបានដាក់ទូរស័ព្ទសាកថ្មនៅលើទូកញ្ចក់ក្រោយខ្នង ហើយនៅពេលរូបនាងកំពុងតែកក់សក់ឱ្យម្ចាស់ហាង ដោយមិនចាប់អារម្មណ៍ មិនដឹងជនសង្ស័យខាងលើជិះម៉ូតូមកឈប់មុខហាងតាំងពីពេលណា ស្រាប់តែដើរចូលមកដោយស្ងាត់ៗ រួចធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ម្ចាស់ហាងដាក់ចូលហោប៉ៅ រួចដើរចេញមកវិញបម្រុងឡើងជិះម៉ូតូគេចខ្លួន។

ប្រភពដដែលបន្តថា ពេលនោះចៃដន្យ មានបុរសម្នាក់ជាម្ចាស់ហាងជាប់ហាងកើតហេតុ បានឃើញជនសង្ស័យធ្វើសកម្មភាពលួចយកទូរស័ព្ទនោះ ក៏ស្រែកប្រាប់ថា មានចោរលួចទូរស័ព្ទ ទើបរូបនាងនិងម្ចាស់ហាង ស្រែកឆោឡោថា “ចោរៗ” ទើបប្រជាពលរដ្ឋនិងអ្នកជិតខាង ព្រមទាំងក្រុមម៉ូតូឌុប និងអ្នករត់កង់បី ស្ទុះទៅជួយចាប់ជនសង្ស័យបានភ្លាមៗ រួចនាំគ្នាឆែករកឃើញទូរស័ព្ទរបស់ម្ចាស់ហាងដែលជនសង្ស័យលួចទុកក្នុងហោប៉ៅខោ រួចប្រគល់ឱ្យម្ចាស់ហាងវិញ។

បន្ទាប់ពីឃាត់បានហើយ ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ច្បារអំពៅទី២ ចុះមកកន្លែងកើតហេតុ រួចនាំជនសង្ស័យ និងម៉ូតូមួយគ្រឿង ដែលជិះមកចតទុកនៅមុខហាងជារបស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាព ម៉ាកសេ១០០កូរ៉េ ស៊េរីចាស់ បាញ់ពណ៌ខ្មៅ គ្មានស្លាកលេខ យកទៅប៉ុស្តិ៍។

លុះមួយសន្ទុះក្រោយមក មិនទាន់ឃើញជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងឆែកឆេរមិនឃើញទូរស័ព្ទនៅជាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏នាំជនសង្ស័យចេញមកវិញ ពេលអ្នកសារព័ត៌មានគ្រាន់តែសាកសួរ សមត្ថកិច្ចក៏ប្រាប់ថា កុំទាន់ផ្សាយផ្តេសផ្តាស ហើយឱ្យជនសង្ស័យដើរទៅសុំទោសនារីរូបស្រស់ទាំងពីរដែលម្នាក់ជាម្ចាស់ទូរស័ព្ទ តែម្ចាស់ទូរស័ព្ទមិនព្រម សមត្ថកិច្ចមូលដ្ឋានបាននាំជនសង្ស័យត្រឡប់ទៅប៉ុស្តិ៍វិញ ហើយនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ច្បារអំពៅទី២ ផងដែរ៕

RELATED ARTICLES