Tuesday, September 23, 2025
Homeព័ត៌មានជាតិទាំងលើកនេះទៀត ៤ដងហើយ... មិនដឹងថា គាត់កែឬអត់?

ទាំងលើកនេះទៀត ៤ដងហើយ… មិនដឹងថា គាត់កែឬអត់?

ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែវក់វីនឹងគ្រឿងញៀនចេះតែអុកទ្បុកគ្រួសារមិនឈប់ ក៏ត្រូវឪពុកម្តាយប្តឹងសមត្ថកិច្ចចាប់ដាក់មណ្ឌលអប់រំកែប្រែ តែមិនរាងសោះ គ្រាន់តែចេញមកវិញមិនបានប៉ុន្មាន សុំលុយម្តាយអត់បាន បែរជាបង្កការអុកឡុកលើសដើម និងថែមទាំងគំរាមដុតផ្ទះចោលទៀតផង ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចនាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសគំរាមដុតផ្ទះម្តាយខ្លួនឯងនេះ បានកើតទ្បើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

យុវជនដែលគំរាមដុតផ្ទះម្តាយខ្លួនឯងរូបនេះ មានឈ្មោះផុន ចម្រើន ហៅតាប់ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ ធ្លាប់ប្រើប្រាស់ថ្នាំញៀនយូរខែឆ្នាំមកហើយ ដោយក្រុមគ្រួសារបានប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន៣លើកផងដែរ ព្រោះសេពគ្រឿងញៀនតែងវាយបំផ្លិចបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ អុកឡុកក្នុងគ្រួសារ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកយុវជនខាងលើតែងអុកឡុកក្រុមគ្រួសារជាញឹកញាប់ និងមិនស្តាប់តាមដំបូន្មានឪពុកម្តាយសោះ ទើបក្រុមគ្រួសារទ្រាំមិនបានប្តឹងសមត្ថកិច្ចចាប់ដាក់មណ្ឌលកែប្រែ ទើបនឹងចេញវិញបាន២ខែប៉ុណ្ណោះ លុះមកដល់យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ គ្រាន់តែខឹងសុំលុយម្តាយមិនបាន ក៏ចាប់ផ្តើមបង្ករឿងវាយខ្ទេចចានឆ្នាំង ម្តាយខឹងប្តឹងប៉ូលិស អាជ្ញាធរចុះទៅឃាត់យុវជនខាងលើ ប៉ុន្តែដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។

រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក៏លេចមុខកូនប្រុសកំណាចរូបនេះវិលចូលផ្ទះ វាយបំបែកឆ្នាំងបាយ និងគំរាមដុតផ្ទះចោលទៀតផង ទើបត្រូវសមត្ថកិច្ចចុះចាប់ខ្លួនជាប់ រួចនាំខ្លួនប្រគល់ឱ្យទៅនគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីណែនាំសារជាថ្មី ហើយនេះក៏ជាលើកទី៤ផងដែរ ដែលត្រូវបានចាប់ខ្លួន៕

RELATED ARTICLES