ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានលក់ដីអណ្តូងទឹកទៅឱ្យសាច់ញាតិរបស់ខ្លួន ដោយមិនបានប្រាប់ប្តីឱ្យដឹងជាមុន លុះបុរសជាប្តីបានដឹងក៏ស្រាប់តែផ្ទុះកំហឹងកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់បុរសជាប្តីទប់កំហឹងមិនជាប់ក៏បានស្ទុះវាយបោចសក់ប្រពន្ធយ៉ាងចាស់ដៃ និងត្រូវបានប្អូនថ្លៃថតសកម្មភាពបានបង្ហោះហ្វេសប៊ុក ក៏ត្រូវសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនបុរសជាប្តីនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារប្តីវ៉ៃប្រពន្ធបោចសក់ខាងលើនេះ បានកើតឡើងតាំងពីងវេលាម៉ោង៥ និង២៨នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។ លុះមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្រោយពីវីដេអូអំពើហិង្សាខាងលើត្រូវបានបែកធ្លាយលើបណ្តាញសង្គមហ្វេសប៊ុក ទើបសមត្ថកិច្ចចុះស្រាវជ្រាវចាប់ខ្លួនបុរសជាប្តី។
តាមចម្លើយសារភាពរបស់បុរសជាប្តីខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង២៨នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ខ្លួននិងប្រពន្ធបានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាយ៉ាងខ្លាំងពីរឿងប្រពន្ធលួចលក់ដីអណ្តូងទឹកដែលមានទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រ ទៅឱ្យបងប្អូនរបស់នាងក្នុងតម្លៃ៥០ម៉ឺនរៀល និងបានលាក់បាំងមិនឱ្យខ្លួនជាប្តីដឹងសោះឡើយ។ រហូតដល់ក្រោយមក ខ្លួនជាប្តីបានដឹងរឿងក៏ខឹងសម្បាយ៉ាងខ្លាំង រហូតដល់ទប់ចិត្តមិនបានក៏ធ្វើឱ្យកើតជាជម្លោះនិងឈានដល់អំពើហិង្សាបែបនេះតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា នៅអំឡុងពេលដែលបុរសជាប្តីខាងលើប្រើអំពើហិង្សាវាយបោចសក់ប្រពន្ធដែលកំពុងអង្គុយលើអង្រឹងនោះ ត្រូវបានប្អូនថ្លៃរបស់បុរសជាប្តីឃើញក៏ទាញទូរស័ព្ទមកថតសកម្មភាពជាប់ រួចក៏បានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
ក្រោយពីទទួលបានព័ត៌មានបែកធ្លាយវីដេអូឃ្លីបប្រើអំពើហិង្សាខាងលើភ្លាម លោកអធិការនគរបាលស្រុកសង្កែ បានបញ្ជាកម្លាំងឱ្យចុះទៅនាំខ្លួនបុគ្គលប្រើអំពើហិង្សាខាងលើ មកធ្វើការសាកសួរនៅអធិការស្រុកសង្កែ។

តាមសំណូមពររបស់ប្រពន្ធ បានស្នើឱ្យសមត្ថកិច្ចស្រុកសង្កែ អប់រំប្តីរបស់ខ្លួន និងនាំយកទៅដាក់មណ្ឌលអប់រំកែប្រែ ដើម្បីបន្សាបសារជាតិញៀន៕