Tuesday, September 23, 2025
Homeព័ត៌មានជាតិឆ្នេរកែប អ្នកលក់ កោរអត់ដាក់ទឹក... ទោះជាអាជ្ញាធរធ្វើការណែនាំ

ឆ្នេរកែប អ្នកលក់ កោរអត់ដាក់ទឹក… ទោះជាអាជ្ញាធរធ្វើការណែនាំ

ខេត្តកែប ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍កែប ជាច្រើនឆ្នាំមកនេះ តែងល្បីតៗគ្នាមិនដាច់ពីរឿងក្រុមអាជីវករលក់តាមអំពើចិត្ត ពោលគឺអ្វីៗក៏លក់ថ្លៃតាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរសោះឡើយ ជាក់ស្តែងភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តកាលពីអំឡុងថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ បានត្អូញត្អែរជាថ្មីម្តងទៀតពីរឿងអ្នកលក់កោរភ្ញៀវអត់ដាក់ទឹក។

តាមប្រភពពីប្រជាពលរដ្ឋដែលបានទៅកម្សាន្តនៅឆ្នេរកែប កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ បានទម្លាយរឿងរ៉ាវពិតយ៉ាងដូច្នេះ ថា “បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែប ប្រាកដជាបានដឹងហើយពីការគាបស៊ី តាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ។ ពេលចូលទឹកដីខេត្តកែប ចង់មើលឆ្នេរកែប អ្នកត្រូវចំណាយហោចណាស់៤ពាន់រៀល សម្រាប់អ្នកជិះរថយន្ត។ ពេលទៅដល់ឆ្នេរកែប បើអ្នកចង់រកកន្លែងអង្គុយគយគន់ទេសភាព អ្នកត្រូវចំណាយប្រមាណ១០ម៉ឺនរៀល ជាថ្លៃកន្ទេលក្រាលលើការ៉ូឡា។ អ្នកចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ អ្នកត្រូវចំណាយប្រមាណ២ម៉ឺនរៀលទៀត ហើយបើអ្នកឃ្លានអាហារចង់ញ៉ាំអាហារ អ្នកក៏ត្រូវចំណាយប្រមាណ៦ម៉ឺនរៀលសម្រាប់ម្ហូបមួយមុខ…”។

ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀតបានបង្ហាញពីតម្លៃម្ហូបនៅតំបន់ទេសចរណ៍កែប ថា “ម្ហូប១មុខ តម្លៃ៦ម៉ឺនរៀល គឺគ្រប់មុខតែម្តង។ បាយឆាគ្រឿងសមុទ្រ១ចាន ៥៥០០០រៀល។ ស្ងោរជ្រក់មាន់ សាច់មាន់សុទ្ធតែក និងទ្រូង ដោយមាន់១ តម្លៃ៦ម៉ឺនរៀល។ បង្គារស្រុះ ចំនួន២២ក្បាល តម្លៃ៦ម៉ឺនរៀល។ ត្រីជូរអែម១ក្បាល ៦ម៉ឺនរៀល។ បាយស១ឆ្នាំង ១៥០០០រៀល។ ទឹកក្រូច ១កំប៉ុង ៥ពាន់រៀល។ ទឹកកក១កាតូ ៥ពាន់រៀល។ សរុបទូទាត់ទៅ ឃើញហើយអ្នកណាមានគម្រោងចង់ទៅដើរលេងខេត្តកែប តែ២នាក់ប្តីប្រពន្ធ ថ្ងៃបុណ្យទាននោះ កុំទៅល្អជាង ពោលគឺទុកលុយ៧០ដុល្លារ ទៅជួល Bungalow គេវិញល្អជាង ដោយ១បន្ទប់៥០ដុល្លារ។ យប់ឡើង មានសាច់អាំងផឹកស្រាក្រហម Romantic ប្រសើរជាងទៅអង្គុយត្រមង់ត្រមោច ស្តាប់តែបាសគេ ស្តាប់តែគេស្រែកច្រៀងតម្លង់នោះ…។

ជុំវិញករណីខាងលើនេះ លោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា បញ្ហានេះ ខាងលោកបានហៅក្រុមអាជីវករមកអប់រំណែនាំរួចមកហើយ មុនថ្ងៃឈប់សម្រាក ដើម្បីកុំអោយឡើងថ្លៃសេវាកម្មម្ហូបអាហារ ផ្ទះសំណាក់ និង សណ្ឋាគារ។ ប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្តែង។ សរុបទៅកែបមិនអាក្រក់ទេ គឺអាក្រក់តែអាជីវករ មួយចំនួនតូចនៅតំបន់នោះប៉ុណ្ណោះ។

យ៉ាងណា ប្រជាពលរដ្ឋបានលើកឡើងថា បញ្ហានេះ សង្ឃឹមថា លោកសោម ពិសិដ្ឋ ដែលទើបឡើងជាអភិបាលខេត្តកែបថ្មី នឹងមានវិធានការណ៍ ឬ កែប្រែបញ្ហានេះឱ្យបានជោគជ័យផង ព្រោះប្រសិនបើរូបភាពទាំងនេះនៅតែកើតមានដដែលជាដដែលបែបនេះ មិនយូរមិនឆាប់ទេ តំបន់ទេសចរណ៍មួយនេះ (កែប) ច្បាស់ជាបាត់បង់ភ្ញៀវអស់មិនខាន៕

RELATED ARTICLES