Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ​ ទៅផលិតកម្ម Galaxy ច្រៀង ឬលក់ដីឡូតិ៍?

លោកព្រាប សុវត្ថិ​ ទៅផលិតកម្ម Galaxy ច្រៀង ឬលក់ដីឡូតិ៍?

ព័ត៌មានដែលផ្អើលថា ព្រាប សុវត្ថិ ដើរចេញពីផលិតកម្មរស្មីហង្សមាស ចូលផលិតកម្ម Galaxy Navatra ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលទាំងក្នុងនិងក្រៅសិល្បៈ ខណៈដែលផលិតកម្មជើងថ្មីដែលជាកម្មសិទ្ធិរបស់អតីតពលករមកពីកូរ៉េ លោកឧកញ៉ាឡេង ណាវ៉ាត្រា នោះ នឹងរៀបចំធ្វើសន្និសីទកាសែតជុំវិញរឿងនេះ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារ Garden City ទល់មុខទូរទស្សន៍ PNN។

ប៉ុន្ដែមិនទាន់ដល់ថ្ងៃដែលលោកព្រាប សុវត្ថិ ត្រូវឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនស្ថាប័ននោះផង មានភាពខ្វែងគំនិតរវាងអ្នកគាំទ្ររបស់លោក បានកើតមានជាបន្ដបន្ទាប់ ដោយអ្នកខ្លះលើកឡើងថា ព្រាប សុវត្ថិ ច្រៀងនៅហង្សមាស ២៣ឆ្នាំ មិនដែលមានកុងត្រា រឿងអីដែលលោកទៅចុះកុងតា្រនៅផលិតកម្មថ្មី ដល់ទៅ៥ឆ្នាំ?

ចំណែកអ្នកជំនាញសិល្បៈខ្លះ បានយល់ឃើញថា ព្រាប សុវត្ថិ ទៅកុងត្រាជាមួយ Galaxy Navatra នោះ គឺមិនមែនទៅច្រៀងទេ តែលោករកស៊ីលក់ដីឡូតិ៍ដោយបើកចំហតែម្ដង។

លោកសុខ ជំនោរ ដែលជាអតីតអ្នកនិពន្ធ និងគ្រប់គ្រប់ផលិតកម្ម Pleng Record ជាសាខារបស់ហង្សមាស ហើយលោកធ្លាប់បាននិពន្ធបទចម្រៀងជាច្រើនបទឲ្យព្រាប សុវត្ថិ ច្រៀងនោះ បានប្រាប់ថា ព្រាប សុវត្ថិ មិនមែនទៅច្រៀងនៅ Galaxy Navatra ហ្នឹងទេ គឺគាត់ទៅរកស៊ី ធ្វើជំនួញ។

លោកសុខ ជំនោរ ថា តាមពិត ព្រាប សុវត្ថិ ទៅរកស៊ីយូរហើយ ដោយគ្រាន់តែពីមុនមិនបើកចំហពេញទំហឹងដូចពេលនេះ តែឥឡូវលោកទៅរកស៊ីហើយ។

លោកជំនោរ បន្ថែមថា ព្រាប សុវត្ថិ ជាមនុស្សដែលមានសិល្បៈក្នុងខ្លួន ហេតុនេះហើយគាត់ចង់ដើរ ដេក អង្គុយ ច្រៀងក៏បានដែរ អីចឹងលោកក៏ចេះយល់ព្រម និងចេះស្នើសុំដែរ។

អតីតគូស្នេហ៍របស់សុគន្ធ និសា ដែលធ្លាប់និពន្ធបទល្បីជាច្រើនបទឲ្យព្រាប សុវត្ថិ ច្រៀងដូចជាបទ ”Sexy Lady”, ”នំបញ្ចុកព្រាប សុវត្ថិ“ និងបទ ”លោកឪពុក” ជាដើម បានអះអាងថា មូលហេតុដែលពីមុនព្រាប សុវត្ថិ មិនចេញទៅច្រៀងឲ្យផលិតកម្មណា ក្រៅពីហង្សមាស នោះ ដោយសារតែលោកគិតថា មិនទាន់មានផលិតកម្មណាធ្វើបានល្អជាងហង្សមាស។

លោកបន្ថែមទៀតថា ព្រាប សុវត្ថិ ចេញពីហង្សមាស នេះ មិនប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់លោកទេ ព្រោះគាត់ទៅរកស៊ី មិនមែនទៅច្រៀងទេ។ លោកថា តាំងពីហង្សមាស បង្កើតកម្មវិធីប្រលងជ្រើសរើសតារាចម្រៀង មានដូចជា “The Voice Cambodia” និង “Cambodian Idol” ជាដើមនោះ តាមលោកដឹងមានប៉ះពាល់ដល់អារម្មណ៍តារាចម្រៀងមួយចំនួននៅផលិតកម្មនេះដែរ។

មតិភាគច្រើនទាំងក្នុងនិងក្រៅសិល្បៈ បានលើកឡើងថា បើសិនជាព្រាប សុវត្ថិ ហ៊ានចេញពីហង្សមាស ទៅច្រៀងឲ្យផលិតកម្ម Galaxy Navatra មែននោះ ច្បាស់ជាកេរ្ដិ៍ឈ្មោះរបស់លោកនឹងបាក់ស្រុតភ្លាមជាមិនខាន ព្រោះតែរយៈពេលចុងក្រោយនេះ ព្រាប សុវត្ថិ មិនសូវមានបទចម្រៀងល្បីៗទៀតទេ ប៉ុន្តែភាពល្បីរបស់លោក គឺបានសន្សំតាំងពីមុនរហូតមកដល់ពេលនេះ នៅតែមិនទាន់ធ្លាក់ចុះ។ តែបើលោកព្រាប សុវត្ថិ ចោលហង្សមាស ទៅជ្រកធ្វើជាតារាចម្រៀង Galaxy Navatra មែននោះ លោកនឹងអាចបញ្ចប់អាជីពចម្រៀងចុងក្រោយរបស់លោកនៅផលិតកម្មនេះជាមិនខាន។

លោកគង់ វិសាល ជាអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីនៅទូរទស្សន៍បាយ័ន បានយល់ឃើញផ្ទុយពីការយល់ឃើញបែបនេះ ដោយលោកប្រាប់ថា បានធ្វើការងារសិល្បៈជាមួយលោកព្រាប សុវត្ថិ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែព្រាប សុវត្ថិ ជាមនុស្សមានគោលដៅច្បាស់លាស់ណាស់ ហើយគាត់ធ្វើការអ្វីមួយ មានការគិតទុកមុនយ៉ាងត្រឹមត្រូវ មិនដែលបរាជ័យនោះទេ។

លោកវិសាល បន្តថា បើព្រាប សុវត្ថិ ចេញពីហង្សមាស ទៅច្រៀងនៅផលិតកម្មថ្មីមែន អ្នកដែលថា ព្រាប សុវត្ថិ នឹងធ្លាក់ចុះនោះអាចនឹងព្យាករណ៍ខុសជាមិនខាន ព្រោះលោកស្គាល់ព្រាប សុវត្ថិ ច្បាស់ លោកជាមនុស្សមានផែនការក្នុងជីវិតយ៉ាងត្រឹមត្រូវ មិនមែនចេះតែធ្វើអ្វីតាមតែនឹកឃើញនោះទេ។

លោកវិសាល បន្ថែមថា ព្រាប សុវត្ថិ ជាមនុស្សមានសុជីវធម៌ល្អ អីចឹងហើយបានជាមានគេគាំទ្រលោករហូតមកដល់បច្ចុប្បន្ននេះ ហើយបើទោះជាគាត់លែងច្រៀង ក៏នៅតែល្បីដដែលដែរ។

តាមព័ត៌មានថា ដើម្បីអូសទាញព្រាប សុវត្ថិ ឲ្យចេញពីហង្សមាស មកចូលផលិតកម្ម Galaxy Navatra នោះ លោកឡេង ណាវ៉ាត្រា បានចំណាយលុយទិញតារាហង្សមាស រូបនេះ ដល់ទៅ៣០ម៉ឺនដុល្លារ តាមរយៈការចុះកុងត្រា៥ឆ្នាំ ហើយផ្ដល់ប្រាក់ប្រចាំខែ៨០០០ដុល្លារទៀតផ ងហេតុនេះហើយបើជាដំណឹងនេះជាការពិត មានន័យថា យៈពេល៥ឆ្នាំនេះ Galaxy Navatra ចំណាយលើតម្លៃខ្លួនព្រាប សុវត្ថិ ដល់ទៅជិត១លានដុល្លារ។

ប៉ុន្ដែអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោកយឹម តាស្រង់ មិនចង់និយាយរឿងលុយនេះទេ ដោយលោកគ្រាន់តែទទួលស្គាល់ថា ព្រាប សុវត្ថិ ពិតជាបានចុះកុងត្រាជាមួយខាងលោក​៥ឆ្នាំមែន។

ចំណែកលោកព្រាប សុវត្ថិ កាលពីថ្ងៃទី២០ ខែសីហា មិនទាន់ចេញមុខអះអាងរឿងនេះទេ ដោយក្នុងជំនួបតាមទូរស័ព្ទនោះ លោកបាននិយាយខ្លីថា កំពុងជាប់រវល់៕       ហ៊ឹម វិចិត្រ

RELATED ARTICLES