ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកក្រឡាញ់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធនឹងករណីនាំពលករទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីយប់។

បើតាមមន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាខាងលើ មានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកតូយ៉ូតា កាមរីប៉ាឡែន ពាក់ស្លាកលេខភ្នំពេញ ២M-២៦៦២ បានមកដឹកពលរដ្ឋនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយបានជួបនិងនគរបាលប៉ុស្តិ៍ដើរល្បាត ក៏បាននាំខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ តែម្តង។
តាមការសាកសួរ ពលរដ្ឋទាំង៩នាក់ បានឆ្លើយថា ពួកគេទៅរកការងារធ្វើនៅប្រទេសថៃ ហើយហៅតាក់ស៊ីខាងលើ មកយកដោយគេយកឈ្នួលក្នុងម្នាក់៣០០០០រៀល និងប្រាក់សម្រាប់នាំឆ្លងដែន ក្នុងម្នាក់ចំនួន៣៣០០បាតទៀត ហើយទើបតែនាំគ្នាឡើងជិះរថយន្ត ក៏ត្រូវប៉ូលិសចាប់តែម្តង។

ប្រភពដដែលឱ្យដឹងដែរថា ផ្អែកតាមការសាកសួរចម្លើយឈ្មោះញ៉េប ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នករត់តាក់ស៊ីនិងជាមេខ្យល់ បានសារភាពថា ខ្លួនពិតជាប្រមូលពលរដ្ឋពីស្រុកក្រឡាញ់ ដឹកទៅច្រកឡែម ដោយយកឈ្នួលតាក់ស៊ីម្នាក់៣០០០០រៀល ហើយនាំពលករទាំងអស់យកទៅប្រគល់ឱ្យមេខ្យល់បន្ត ដោយមេខ្យល់ឱ្យប្រាក់ក្នុងម្នាក់២០០បាតថែមទៀត។
ជនសង្ស័យឈ្មោះញ៉េប ថា ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបញ្ជាលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩យប់។ ចំណែកពលរដ្ឋទាំង៩នាក់ ត្រូវបានសមត្ថកិច្ចយកមកអប់រំ មុនអនុញ្ញាតឱ្យត្រឡប់ទៅលំនៅរៀងៗខ្លួនវិញ៕