នៅក្នុងពិធីខួបគម្រប់២០ឆ្នាំរបស់ក្រុមហ៊ុនទេសចរណ៍RTR កាលពីថ្ងៃទី៨ តុលាមុននេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសយ៉ាងក្ដែងៗថា វិស័យឯកជនគឺជាចលករដ៏សំខាន់តែមួយគត់ ដែលបានជួយអោយប្រទេសកម្ពុជាមានកំណើនអ្នកទេសចរណ៍ឥតឈប់ឈរនាពេលចុងក្រោយ។ បណ្ដាក្រុមហ៊ុនដែលបម្រើអោយវិស័យទេសចរណ៍ ហើយមានស្ដង់ដារគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានក្រសួងប្រកាសថា ជាផ្នែកនាំមកនូវចំណូលដ៏សន្ធឹកក្នុងមួយឆ្នាំៗ បន្ថែមពីលើសកម្មភាពទាក់ទាញពីសំណាក់ក្រសួង និងពីប្រមុខរាជរដ្ឋាភិបាលនោះផង។
លោកថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានអះអាងថា ប្រទេសកម្ពុជានឹងកាន់តែមានលំនឹងគ្រប់គ្រាន់ក្នុងការទាក់ទាញបណ្ដាអ្នកទេសចរណ៍ក្នុងឆ្នាំបន្តបន្ទាប់ ដោយសារតែក្នុងពេលនេះមានក្រុមហ៊ុនទេសចរណ៍កាន់តែច្រើនបានលេចរូបរាង ហើយមានសេវាកម្មកាន់តែធំក្នុងប្រតិបត្តិការណ៍របស់ខ្លួន។ លោកថាគឺជាមោទនភាព ដែលប្រទេសកម្ពុជាមានការកើនឡើងនូវវិស័យឯកជនកាន់តែច្រើនដែលធ្វើប្រតិបត្តិការណ៍ក្នុងការទាក់ទាញវិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។ បណ្ដាក្រុមហ៊ុនទាំងនោះគឺជាមុខមាត់ដ៏ធំរបស់ប្រទេសកម្ពុជា ក្នុងពេលដែលភ្ញៀវជាជនបរទេសដែលបានឡើងចុះស្រុកខ្មែរ គឺជាការប្រឹងប្រែងរបស់វិស័យឯកជនទាំងនោះនាពេលកន្លងមក។ លោកថ្លែងកោតសរសើរដល់ក្រុមហ៊ុនទេសចរណ៍ធំៗ ជាពិសេសគឺក្រុមហ៊ុនទេសចរណ៍RTR ដោយសារតែក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ថាក្រុមហ៊ុនទេសចរណ៍របស់កម្ពុជាលំដាប់ថ្នាក់អន្តរជាតិ និងមានជនបរទេសច្រើនភាគរយជារៀងរាល់ឆ្នាំបានទទួលសេវាកម្មពីក្រុមហ៊ុននេះ ហើយសម្រេចចិត្តចុះមកកម្សាន្តនៅកម្ពុជា និងយកលុយមកចាយវាយនៅកម្ពុជាដែលជួយអោយវិស័យទេសចកម្ពុជានៅកម្ពុជាជាពិសេសក្នុងតំបន់សំខាន់ៗមានការឈានឡើង។
លោកថា ក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនទេសចរណ៍កាន់តែច្រើនបានក្លាយជាភ្នាក់ងារជំនួសមុខអោយក្រសួង ក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសជាដៃគូ ហើយបានស្រូបទាញភ្ញៀវទេសចរណ៍ទាំងជាជនបជាតិខ្មែរនៅក្រៅប្រទេស និងជនបរទេសតែម្ដង អោយចុះមកកម្សាន្តនៅកម្ពុជា។ ក្រសួងទេសចរណ៍បានកត់សម្គាល់ឃើញថាមិនក្រុមខ្ទង់ម៉ឺននាក់នោះទេ ដែលខាងវិស័យឯកជនបានស្រូបអ្នកទេសចរណ៍ជួយដល់ក្រសួង ដែលស្ថានភាពទាំងនោះសុទ្ធតែជួយអោយប្រភពចំណូលជួយអោយវិស័យទេសចរណ៍កម្ពុជាមានការរីកចំរើន។
លោកថោង ខុន បានអះអាងថាក្នុងចំណោមក្រុមហ៊ុនទេសចរណ៍សំខាន់ ក្រុមហ៊ុនទេសចរណ៍RTR គឺជាមគ្គុសទេសមួយដ៏ខ្លាំង ដោយសារតែតាំងពីឆ្នាំ១៩៩៦ ក្រុមទេសចរណ៍ដ៏ធំមួយនេះ បានជួយអោយបរទេសមានកំណើននៅកម្ពុជា ហើយក៏មានជនជាតិកម្ពុជាច្រើនឡើងចេញទៅកម្សាន្តនៅក្រៅប្រទេសវិញ ដែលនាំអោយជនបរទេសកាន់តែស្គាល់កម្ពុជាតាមរយៈការហូរចេញអ្នកដើរកម្សាន្ត។ លោកជំរុញអោយក្រុមហ៊ុនឯកជនបង្កើនទំនាក់ទំនងក្រៅប្រទេស និងបម្រើសេវាកម្មអោយកាន់តែមានភាពទាក់ទាញចំពោះអ្នកទេសចរណ៍គ្រប់រូប ជាពិសេសគឺជនជាតិចិន និងជនជាតិក្នុងតំបន់អាស៊ីតែម្ដង ដែលមានចំណូលចិត្តចង់មកលេងប្រាសាទអង្គរ និងតំបន់សមុទ្រនៅក្នុងប្រទេសកម្ពុជា។
ដោយសារតែកំណើនពីការចូលរួមរបស់វិស័យទេសចរណ៍នោះហើយ ដែលក្រសួងបានបន្តរួមចំណែកជាមួយបណ្ដាក្រុមហ៊ុនធំៗ ដើម្បីរំលេចអោយមានគម្រោងវិនិយោគលើការអភិវឌ្ឍន៍កោះ តំបន់សមុទ្រ និងទីលម្ហែកាយជាច្រើនកន្លែងទៀត ដើម្បីផ្ដល់ជម្រើសដល់អ្នកទេសចរណ៍ពេលចុះមកដល់កម្ពុជា។ លោកថាវិស័យឯកជនគឺជាបុគ្គលទី១ដែលទាក់ទងផ្ទាល់ជាមួយក្រុមអ្នកទេសចរណ៍ ដូច្នេះបើការបម្រើសេវាកម្មមានភាពខ្វះចន្លោះ គឺមិនខុសពីធ្វើអោយមុខមាត់របស់កម្ពុជារងផលប៉ះពាល់នោះទេ។
ក្នុងពិធីខួបគម្រប់២០ឆ្នាំរបស់ក្រុមហ៊ុនទេសចរណ៍RTR នៅសណ្ឋាគារសូហ្វីតែលភ្នំពេញនាថ្ងៃនោះ គេឃើញក្រុមហ៊ុនទេសចរណ៍មួយនេះបានចុះកិច្ចព្រមព្រៀងផ្លូវការជាមួយក្រុមហ៊ុនTRADE PARTERSHIP CENTER ដែលជាក្រុមហ៊ុនធំរបស់ប្រទេសអូស្រ្តាលីដែលទទួលស្គាល់ដោយរដ្ឋាភិបាលអូស្រ្តាលី និងជាក្រុមហ៊ុនធំបម្រើការលើវិស័យទេសចរណ៍។ កិច្ចព្រមព្រៀង(MOU) នេះ នឹងផ្ដោតជាសំខាន់លើ ការពង្រីកនូវវិស័យទេសចរណ៍រួមគ្នា ដោយប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍មួយដ៏ខ្ពស់ពីការចំណេញភ្ញៀងទេសចរណ៍ពីអូស្ត្រាលី និងធ្វើអោយពលរដ្ឋកម្ពុជាកាន់តែមានឱកាសទៅកម្សាន្ត ឬទៅសិក្សានៅទីនោះ ដោយសារតែការសម្រួលឯកសារស្នាមផ្សេងៗ។
លោកស្រី ង៉ោ គីម នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍RTR បានលើកឡើងថា នាពេលកន្លងមកក្រុមហ៊ុនរបស់ខ្លួនបានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់បណ្ដាភ្ញៀវជាជនបរទេស មុននឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន TRADE PARTERSHIP CENTER ដែលជាក្រុមហ៊ុនបម្រើការវិស័យទេសចរណ៍នៅអូស្រ្តាលី។ លោកស្រីថាក្រុមហ៊ុននេះ នឹងសម្រួលនូវការរត់ច្បាប់ និងឯកសារនានាជួយដល់ពលរដ្ឋកម្ពុជា ហើយវាច្បាស់ណាស់ថា ជនជាតិអូស្រ្តាលី ដែលជាអតិថិជនរបស់ក្រុមហ៊ុននេះ ក៏នឹងចាប់អារម្មណ៍មកបណ្ដាក់ទុន និងដើរកម្សាន្តនៅកម្ពុជាច្រើនឡើងផងដែរ។ លោកស្រីយល់ថា MOU រវាងក្រុមហ៊ុនទាំងពីរ នឹងជួយអោយវិស័យទេសចរណ៍កម្ពុជាឈានឡើង ដោយសារតែជាគោលការគឺក្រុមហ៊ុន TRADE PARTERSHIP CENTER ក្រៅពីជួយសម្រួលនូវឯកសារស្នាមផ្សេងៗ ក៏នឹងជួយផ្សព្វផ្សាយពីកម្ពុជាអោយជនជាតិរបស់ខ្លួន ក៏ដូចជាពិភពលោកបានស្គាល់ផងដែរ។ លោកស្រីថាក្រោយ MOU រវាងក្រុមហ៊ុនទេសចរណ៍RTR និង TRADE PARTERSHIP CENTERនឹងជួយពង្រីកជាសំខាន់វិស័យពាណិជ្ជកម្មនិងទេសចរណ៏ ដែលប្រទេសកម្ពុជាចង់បាន។ ក្នុងនោះក្រុមហ៊ុននឹងត្រៀមចាប់ដៃជាមួយក្រុមហ៊ុនក្រៅប្រទេសផ្សេងទៀត ដើម្បីការឈានឡើងនៃវិស័យទេសចរណ៍នៅកម្ពុជានោះផងដែរ។ មិនខុសពីអ្វីដែលលោកស្រីលើកឡើងនោះហើយ ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍យល់ថានោះគឺជាអ្វីដែលវិស័យឯកជនសម្រេចបាន សម្រាប់ពង្រីកវិស័យទេសចរណ៍នៅកម្ពុជា៕
ដោយ ៖ ប៉េង លី