សុខ ពិសី បានដឹកដៃបុរសប្លែកមុខម្នាក់ ទៅថតរូបបែប Pre-Wedding ក្នុង Studio មួយ ហើយរូបរាងរបស់នាងកាន់តែមានរាងស្វែល និងតូចច្រឡឹងដូចកូនក្រមុំដែលត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍អីចឹង។
ក្រុមអ្នកគាំទ្រជាច្រើនចង់ឲ្យពិសី រៀបការឲ្យបានឆាប់ៗតែម្ដង ទៅកុំទុកយូនាំជូផ្អូម តែពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនទាន់ចង់រៀបការអំឡុងពេលនេះទេព្រោះនៅប្រឹងរកលុយថែមទៀត និងចង់ពង្រឹងអាជីពសិល្បៈឲ្យរឹងមាំជាងនេះសិន។ នាងថា ឃើញគេរៀបការ មានតែត្រេកអរជំនួសគេ ប៉ុន្ដែរូបនាងផ្ទាល់មិនទាន់រកគូឃើញទេ។

ទោះជាយ៉ាងណា នៅសុខៗស្រាប់តែសុខ ពិសី ថតរូបដូចកូក្រមុំសម្រាប់តាំងរោងការនោះ ធ្វើឲ្យមានការលើកឡើងថា ពិសី បែបនឹកស្រម៉ៃចង់ធ្វើជាកូនក្រមុំមែនទែនហើយ បានជានាងទៅថតតែងខ្លួនស្អាតប្លែកបែបនេះ។
អ្នកខ្លះទៀតថា ពិសី អាចធ្វើខ្លួនសមស្លៀកពាក់កូនក្រមុំនេះឲ្យហើយ ទម្រាំតែដល់ពេលត្រូវរៀបការមែនទែន នាងមិនជួបផលវិបាក។

សុខ ពិសី បានប៉ះស្នេហ៍ថៅកែផលិតកម្មសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកទាំង២ មិនដែលសារភាពស្នេហ៍នៅចំពោះមុខអ្នកកាសែតម្ដងណាឡើយ ខណៈដែលតារាស្រីជួរមុខ មានដូចជា ឱក សុគន្ធកញ្ញា , មាស សុខសោភា , សុគន្ធ និសា និងពេជ្រ សោភា ជាដើម ពួកគេសុទ្ធតែមានគូស្នេហ៍រៀងៗខ្លួន ហើយពួកគេតែងបង្ហាញមុខម្ចាស់ចិត្តដោយបើកចំហ។

ប៉ុន្ដែពិសី មិនត្រឹមតែមិនហ៊ានលាតត្រដាងរឿងស្នេហានោះទេ តែនាងក៏មិនដែលកៀកកើយលោកថៅកែជាសាធារណៈដូចគូស្នេហ៍តារាដទៃទៀតដែរ បើទោះជាកន្លងមក គេធ្លាប់ប្រទះឃើញអ្នកទាំង២ ជិះរថយន្ដ Audi ពណ៌ស តែ២នាក់ជាមួយក្ដី តែពិសី ថានោះគ្រាន់តែជាភាពស្និទ្ធស្នាលមួយរវាងថៅកែផលិតកម្ម និងតារាចម្រៀងប៉ុណ្ណោះ ហើយរថយន្ដថៅកែតារាសាន់ដេ ម្នាក់ណា ក៏អាចជិះបានដែរ ពេលដែលពួកគេត្រូវការថតសម្ដែងបទចម្រៀង។

សុខ ពីសី ចាប់ផ្ដើមប្រែប្រួលរូបរាងកាយស្ទើរតែទាំងស្រុង នៅឆ្នាំ២០២០នេះ គឺនាងមានរាងតូចតន់ និងស្រកគីឡូប្លែកទៅៗ ដែលអ្នកខ្លះមើលស្ទើរតែមិនស្គាល់ថា ជារូបនាងឡើយ។

មនុស្សភាគច្រើនសង្ស័យថា ពិសី សម្រកគីឡូដើម្បីត្រៀមចូលរោងការ ប៉ុន្ដែនាងថា ស្រកសាច់ដោយសារតែនាងហាត់ប្រាណជាប្រចាំជាកីឡាយូហ្គា។ នាងថា ទោះជារដូវកូវីដ-១៩នេះ បាត់បង់ការងារសិល្បៈជាច្រើនតាមខេត្ត ដោយសារតែការប្រគំតន្រ្ដីទាំងឡាយត្រូវបានលុបចោលក្ដី ប៉ុន្ដែនាងនៅតែមានភាពរវល់ច្រើនទៅលើការលក់ផលិតផល Collagen អីចឹងហត់ផង ហាត់ប្រាណផងនេះ ហើយធ្វើឲ្យនាងស្រកគីឡូដោយមិនដឹងខ្លួន។

ការពន្យារពេលចូលរោងការបស់សុខ ពិសី នៅពេលនេះ ធ្វើឲ្យប្រុសៗអ្នកមានអទ្រព្យជាច្រើននៅតែតាមឆ្វែលស្នេហ៍ស្រីស្អាត ទោះជាដំណឹងស្នេហានាងជាមួយលោកថៅកែសាយភាយយ៉ាងណាក៏ដោយ។ បុរសដែលតាមស្នេហ៍ពិសី ស្អិតជាងគេនោះ ត្រូវបានគេដឹងថា លោកជាកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ ដែលរកស៊ីផ្នែកសណ្ឋាគារម្នាក់ តែពិសី បែរជាមិនចាប់អារម្មណ៍ប្រុសមាឌក្រាស់នោះទៅវិញ។

អ្នកស្និទ្ធតារាចម្រៀងសាច់សខ្ចីរូបនេះ បានបង្ហើបឲ្យដឹងថា ពិសី នឹងជ្រើសស្នេហ៍ដូចឱក សុគន្ធកញ្ញា ដែរ ពោលគឺជាបុរសម្នាក់ដែលយល់ពីអាជីពចម្រៀងនាងច្បាស់ ទើបអាចរក្សាចំណងស្នេហាបានយូរអង្វែងបាន ហើយប្រុសនោះត្រូវបានគេច្បាស់ស្ទើរតែ១០០%ទៅហើយថា ជាអ្នកធ្វើកូនកំលោះរបស់ពិសី នោះ គឺលោកឡាយ សុខចំរើន ៕ ហ៊ឹម វិចិត្រ