Tuesday, September 23, 2025
Homeព័ត៌មានជាតិអាងអំណាចគ្រាក់ៗបែបនេះ ទើបគាត់ហ៊ានធ្វើបែបនេះ

អាងអំណាចគ្រាក់ៗបែបនេះ ទើបគាត់ហ៊ានធ្វើបែបនេះ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យដែលដើរអះអាងថា ខ្លួនពាក់ផ្កាយ២យោធា ហើយបានទៅកាប់ទន្ទ្រានដីព្រៃអភិរក្សជិត៤០ហិកតារ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះ ទីបំផុតត្រូវបានកម្លាំងចម្រុះរបស់រដ្ឋបាលស្រុកវាលវែង ចុះបង្ក្រាបឈានដល់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២០។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះសុខ ចំរើន ល្បីថាជាឧត្តមសេនីយ៍ផ្កាយ២ យោធា និងបានប្រើប្រាស់ឈ្មោះស្ថាប័នកំពូលរបស់ជាតិ ធ្វើសកម្មភាពកាប់រានទន្ទ្រានដីព្រៃ អភិរក្សបរិស្ថាន ទំហំជិត៤០ហិកតារ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំណុចភូមិដំណាក់កន្សែង ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការឃាត់ខ្លួនជនខាងលើនេះ ដឹកនាំដោយលោកអ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង សហការជាមួយមន្ត្រីជំនាញ និងកម្លាំងប្រដាប់អាវុធ ដោយមានការចង្អុលបង្ហាញពីលោកហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង ឱ្យអនុវត្តតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសការកាប់រុករានទន្ទ្រានដីរដ្ឋយកធ្វើកម្មសិទ្ធិ។

លោកអ៊ុង រដ្ឋា បានប្រាប់ឱ្យដឹងថា កន្លងមក អាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើការហាមឃាត់មិនឱ្យកាប់ឆ្ការទន្ទ្រានយកដីរដ្ឋនៅចំណុចខាងលើនោះទេ ប៉ុន្តែលោកសុខ ចម្រើន បានអួតអាងថា ខ្លួនពាក់ផ្កាយ២ និងជាក្រុមអង្គរក្ស ហើយថែមទាំងហ៊ានប្រមាថដល់មន្ត្រីមូលដ្ឋាន ដោយគ្មានរអែងច្បាប់ឡើយ។

លោកអភិបាលរងរូបនេះ បន្ថែមថា  ដោយមានបញ្ជាពីលោកម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់ការឃាត់ ខ្លួនជនសង្ស័យខាងលើ ដើម្បីចាត់ការតាមច្បាប់តែម្តង។

ករណីលោកផ្កាយ២ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មិនដឹងថា គាត់មានក្របខណ្ឌយោធាពិតប្រាកដ ឬក្លែងក្លាយនោះទេ ខណៈកម្លាំងចម្រុះមិនទាន់បញ្ជាក់ ប៉ុន្តែបានកសាងសំណុំរឿងទៅកាន់អយ្យការនៃតុលាការយោធា មានន័យថា ជននេះមានក្របខណ្ឌ តែយកសិទ្ធិអំណាចមកប្រព្រឹត្តបទល្មើសរុករានទន្ទ្រានរំលោភយកដីរដ្ឋធ្វើកម្មសិទ្ធិ៕

RELATED ARTICLES