Tuesday, September 23, 2025
Homeព័ត៌មានជាតិអស់តម្រិះរកប្រពន្ធ រត់ទៅពឹងពរគ្រូទាយ ស្រាប់តែថា...

អស់តម្រិះរកប្រពន្ធ រត់ទៅពឹងពរគ្រូទាយ ស្រាប់តែថា…

ខេត្តកណ្តាល ៖ ស្ត្រីរូបស្រស់ម្នាក់មានប្តីនិងកូនប្រុសស្រី២នាក់រួចទៅហើយ ស្រាប់តែនៅសុខៗក៏បាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ដោយមិនដឹងមូលហេតុ ធ្វើឱ្យបុរសជាប្តីមានការព្រួយបារម្ភ ស្កាត់ដើរតាមរកសព្វកន្លែងនៅតែគ្មានតម្រុយសោះ ទើបដាក់ការសង្ស័យថា ប្រពន្ធរូបស្រស់របស់ខ្លួនអាចនឹងចាញ់ល្បិចប្រុស នាំយកទៅធ្វើបាបដោយប្រការណាមួយ។

ស្ត្រីរូបស្រស់ដែលបាត់ខ្លួនចេញពីផ្ទះ៣ថ្ងៃ  ដោយមិនដឹងមូលហេតុខាងលើនេះ មានឈ្មោះណេង សុខា អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីបម្រើការងារនៅក្នុងរោងចក្រមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្បែររោងចក្រ មានប្តីឈ្មោះសន គង់ អាយុ៣៦ឆ្នាំ មុខរបរដឹកទំនិញឱ្យគេ ធ្វើការនិងស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្តីប្រពន្ធអ្នកទាំង២ខាងលើ មានលំនៅក្នុងភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក។

ស្ត្រីជាប្រពន្ធ ណេង សុខា

តាមសម្តីបុរសជាប្តីបានរៀបរាប់ទាំងអួលដើមកថា គាត់និងប្រពន្ធឈ្មោះណេង សុខា  បានរៀបការជាប្តីប្រពន្ធនឹងគ្នារយៈពេលជាង១០ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសស្រីចំនួន២នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះកូនប្រុសច្បងមានអាយុជិត១០ឆ្នាំទៅហើយ ហើយសព្វថ្ងៃកំពុងរស់នៅជាមួយតាយាយឯភូមិរាំងជួរ ឃុំក្អមសំណ ស្រុកលើកដែក ចំណែករូបគាត់ជាប្តីនៅធ្វើការដឹកទំនិញឱ្យគេនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រីឯប្រពន្ធវិញបម្រើការងាររោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។

បុរសជាប្តីរូបនេះ បន្តថា តាំងពីរៀបការរួចរហូតដល់មានកូន២នាក់ ប្តីប្រពន្ធគាត់មិនដែលមានរឿងជម្លោះក្នុងគ្រួសារធំដុំនោះឡើយ តែវាធម្មតាចានក្នុងរាវ វាតែងតែប៉ះទង្គិចគ្នាពាក្យសម្តីបន្តិចបន្តួចមាន។ ហើយក្នុងអំឡុងដែលពួកគាត់ទាំង២នាក់ប្តីប្រពន្ធទៅធ្វើការនៅរាជធានីភ្នំពេញ ជិត១ឆ្នាំ គឺរស់នៅផ្ទះជួលឆ្ងាយបែកពីគ្នា ក្រៅពីពិធីបុណ្យទានធំៗមកជួបជុំគ្នានៅស្រុក ក៏ប្រពន្ធតែងតែមកជួបរូបគាត់ជាប្តីជាញឹកញាប់ នៅផ្ទះជួលជារៀងរាល់ថ្ងៃសម្រាកពីការងារ ហើយចំពោះលុយប្រាក់ខែវិញ  និងលុយរកក្រៅ រូបគាត់ក៏បានផ្ញើទៅឱ្យប្រពន្ធកូនជាប្រចាំមិនដែលខានឡើយ។

បុរសជាប្តី សន គង់

បុរសជាប្តីបន្តទៀតថា ទើបតែរយៈពេលប្រមាណកន្លះខែចុងក្រោយនេះ គាត់សង្កេតឃើញប្រពន្ធរបស់គាត់ហាក់បីដូចជាប្លែកៗ ពេលដែលរូបគាត់ជាប្តីតេទៅសួរសុខទុក្ខប្រពន្ធ តែងតែបិទទូរស័ព្ទ ឬប្រាប់ថាជាប់រវល់រហូត លុះដល់រូបគាត់សួរដេញដោលប្រពន្ធប្រាប់ថា ខឹងប្តី តែមិនបញ្ជាក់ពីមូលហេតុឱ្យដឹងនោះទេ។ ចំណែកទូរស័ព្ទប្រពន្ធដាក់លេខកូដសម្ងាត់ជាប់ រកតែខ្លួនជាប្តីឆែកមើលអ្វីក៏មិនបានដែរ។

បុរសជាប្តីខាងលើ បានឱ្យដឹងទៀតថា  លុះមកដល់ថ្ងៃឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៥ថ្ងៃនេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ប្រពន្ធរបស់គាត់បានមកផ្ទះលេងកូននៅក្អមសំណ ដោយមិនបានតេទូរស័ព្ទប្រាប់រូបគាត់ជាប្តីឱ្យដឹងឡើយ ខណៈដែលរូបគាត់កំពុងរវល់ដឹកអីវ៉ាន់ឱ្យគេនៅរាជធានីភ្នំពេញ មិនបានទៅផ្ទះលេងកូននោះទេ។

លុះដល់ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្រាប់តែម្តាយក្មេកនិងប្អូនថ្លៃ បានទូរស័ព្ទមកសួររូប គាត់ជាប្តីថា ឃើញប្រពន្ធទៅកន្លែងផ្ទះជួលគាត់ទេ ព្រោះនាងចេញទៅតាំងពីព្រឹកមកម៉្លេះ។ ភ្លាមៗនោះរូបគាត់ជាប្តីក៏ប្រញាប់ប្រញាល់មកស្រុក រួមជាមួយក្រុមគ្រួសារបងប្អូនសាច់ញាតិ ជិះម៉ូតូតាមស្វែងរកសឹងតែគ្រប់ទីកន្លែង តែរកមិនទាន់ឃើញនៅឡើយ។

បុរសជាប្តី បានបញ្ជាក់ថា ប្រពន្ធរបស់គាត់មានសម្បុរសសណ្តែតបាយ ស្លៀកខោខូវប៊យ អាវខូវប៊យ ជិះម៉ូតូម៉ាកស្កុបពីស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CD-២០២៩ ដោយនៅជាប់ខ្លួនមានទាំងគ្រឿងអលង្ការ និងលុយកាក់ សរុបមានតម្លៃរាប់ពាន់ដុល្លារទៀតផង។ ហើយប្រពន្ធរបស់គាត់កន្លងមក ទោះបីជាខឹងគាត់ប៉ុនណា ក៏មិនដែលបិទទូរស័ព្ទដែរ តែពេលនេះទូរស័ព្ទតេអត់ចូលរហូត។

ដោយអស់តម្រិះនឹងតាមរកប្រពន្ធតទៅទៀត ទើបគាត់បានរត់ទៅពឹងពរឱ្យគ្រូទាយមើលម្តង ហើយគ្រូទាយបានប្រាប់ថា ប្រពន្ធគាត់មិនទៅណាទេ មានគេលាក់ទុកនៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហេតុដូច្នេះទើបគាត់ជាប្តីនិងក្រុមគ្រួសារបងប្អូនសាច់ញាតិ មកប្តឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ ដើម្បីឱ្យជួយសាកសួររកតាមភូមិ នៅតែមិនឃើញដដែល។

ជុំវិញករណីនេះ បុរសជាប្តីបានដាក់ការសង្ស័យថា ខ្លាចតែប្រពន្ធរបស់គាត់ចាញ់ល្បិចកលជនខិលខូច ទំនាក់ទំនងតាមទូរស័ព្ទបោកប្រាស់នោះទេ ហើយបើអស់តែម៉ូតូនិងគ្រឿងអលង្ការជាប់ខ្លួននោះវាមិនអីទេ ខ្លាចតែបាត់បង់អាយុជីវិតទៀតផង។

ដោយឡែក យោងតាមប្រភពពីប្រជាពលរដ្ឋមួយចំនួន បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ មានគេឃើញស្ត្រីម្នាក់មានភិនភាគ និងជិះម៉ូតូម៉ាកដូចខាងលើ បានធ្វើដំណើរទិសដៅពីអ្នកលឿងទៅភ្នំពេញ ស្រាប់តែមកដល់ត្រង់ចំណុចមុខវត្តគគីរធំ ហៅវត្តចាស់ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ជិះចុះតាមផ្លូវប្រឡាយចូលទៅក្នុងព្រៃខាងលិចថ្នល់ជាតិ លេខ១ម្នាក់ឯង។

ខណៈពេលបុរសជាប្តី និងបងប្អូនចុះទៅតាមរកដល់ក្នុងព្រៃខាងលិច មានអ្នកកាប់អុស និងអ្នកនេសាទត្រីប្រាប់ថា ឃើញស្ត្រីម្នាក់ស្លៀកពាក់ខោអាវខូវប៊យ ជិះម៉ូតូស្កុបពីចុះមកមែន តែគាត់ជិះឡើងទៅវិញហើយ។

យ៉ាងណាក្តី បុរសជាប្តីខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចទាំងអស់ បើបានឃើញប្រពន្ធគាត់តាមភិនភាគរូបថត និងម៉ូតូខាងលើ សូមមេត្តាជួយទំនាក់ទំនងមករូបគាត់ជាប្តីផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៧០ ៤៩៤ ៣៧៨ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES