Tuesday, September 23, 2025
Homeតារាខ្មែរយ៉ែម ស្រីពេជ្រ ខាតលុយធំ ត្រៀមទៅដើរលើកម្រាលព្រំក្រហមនៅកូរ៉េ

យ៉ែម ស្រីពេជ្រ ខាតលុយធំ ត្រៀមទៅដើរលើកម្រាលព្រំក្រហមនៅកូរ៉េ

តារាសម្ដែងស្រអែមស្រស់ យ៉ែម ស្រីពេជ្រ បានឲ្យដឹងថា នាងបានខកខានការថតភាពយន្ដជាច្រើនរឿងមកហើយ ពោលគឺតាំងពីនៅដើមឆ្នាំ២០២០មកម្ល៉េះ ដោយសារតែមានបញ្ហាសុខភាព ព្រោះកើតអាលាក់ស៊ីនៅលើផ្ទៃមុខ ដោយសារតែនាងថតកុនច្រើន ហើយតម្រូវផាត់មុខច្រើនដងពេក ក្នុង១ថ្ងៃៗ។

ស្រីពេជ្រ ថា យ៉ាងហោចណាស់ក៏ត្រូវរង់ចាំដល់ទៅឆ្នាំ២០២១ឯណោះ ទើបអាចវិលត្រឡប់មករកការថតសម្ដែងដូចមុនវិញបាន ព្រោះនាងទៅជួបគ្រូពេទ្យជំនាញ លោកវេជ្ជបណ្ឌិតថា ព្យាបាលឲ្យជាសិនទៅ។ នាងថា តាមរយៈការថត Mv និងភាពយន្ដកន្លងមក នាងមិនដែលមានអ្នក Make Up ផ្ទាល់ខ្លួននោះទេ គឺនាងផាត់មុខដោយខ្លួនឯង ហើយដឹងថា ផាត់ច្រើនដងពេក ទើបទៅជាកើតជំងឺអាលាក់ស៊ីពេញផ្ទៃមុខបែបនេះ។

ទោះជាយ៉ាងណា ស្រីពេជ្រ ថា សុខភាពជារឿងសំខាន់ អីចឹងការខាតបង់ថតភាពយន្ដជាច្រើនរឿង រួមទាំងបាត់ថវិកាចំណូលពីសិល្បៈផងនោះ​ទុកមួយឡែកសិន ព្រោះក្រោយពេលព្យាលជំងឺនេះជាហើយ នាងគង់តែមានការងារសិល្បៈដូចដើមវិញទេ។

ទោះជាយ៉ែម ស្រីពេជ្រ មិនទាន់ទទួលថតសម្ដែងភាពយន្ដឡើងវិញក្ដី ប៉ុន្ដែនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ នាងនឹងហោះទៅប្រទេសកូរ៉េខាងត្បូង ដើម្បីទៅចូលរួមក្នុងកម្មវិធី “Seoul International Drama Award” ដែលរួមដំណើរជាមួយតារាសម្ដែង៣ដួងទៀត គឺតេង លក្ខិណា , ទេព កញ្ញា និងសេង ស្រីនាង។ នាងថា កម្មវិធីនោះជាវេទិកាអន្ដរជាតិ បន្ទាប់ពីហូលលីវូដ ហើយនាងស្គាល់បងស្រីម្នាក់ជាជនជាតិខ្មែរ ដែលមានស្វាមីជាជនជាតិកូរ៉េ បានដឹកនាំតារាសម្ដែងខ្មែរ ឲ្យទៅចូលរួមវេទិការកម្រាលព្រំក្រហមនោះ ហើយក្នុងចំណោមតារាខ្មែរ ទាំង៤រូប បើតារាណាម្នាក់ជាប់ពាននោះ នឹងត្រូវបានពានរួមទាំងការថតភាពយន្ដរបស់កូរ៉េ តែម្ដង។

ប៉ុន្ដែស្រីពេជ្រ ថា អ្នកដឹកនាំភាពយន្ដកូរ៉េ អាចនឹងជ្រើសរើសតារាខ្មែរយើងរូបណាដែលគេគិតថា អាចលេងរឿងភាពយន្ដរបស់គេបាន ទោះជាតារានោះមិនបានពានក៏ដោយ។

នាងបន្ថែមថា សម្រាប់រូបនាងភាពយន្ដដែលយកទៅប្រកួតក្នុងកម្មវិធីនោះ មាន២រឿង គឺរឿង ”សង្សារ១ខែ២ខែ” នាងថតឲ្យហង្សមាស​និងរឿង ”ភ្លើងស្នេហ៍ភ្លើងចិត្ត” ថតឲ្យទូរទស្សន៍បាយ័ន ប៉ុន្តែនាងមិនហ៊ានរំពឹងថា នឹងទទួលបានពានមុនកម្មវិធីមកដល់នោះទេ ព្រោះថា វេទិការនោះមានជាង៨០ប្រទេសចូលរួម។

យ៉ែម ស្រីពេជ្រ ជាអតីត Freshie ដែលពូកែសម្ដែងតួកាចឆ្នាសឆ្នើម តែនាងថា ក៏អាចសម្ដែងជាតួទឹកភ្នែកបានដែរ។ ទាក់ទាក់រឿងបេះដូងវិញ ស្រីពេជ្រ ធ្លាប់និយាយថា នាងចរិតដូចប្រុសអីចឹង ពិបាករកសង្សារដូចគេមកបណ្ដើរណាស់៕

RELATED ARTICLES