Tuesday, September 23, 2025
Homeព័ត៌មានជាតិស្រីចូលផ្ទះភ្លេចខ្ទាស់គន្លឹះ ប្រុសចូលធ្វើសកម្មភាព... សំណាងបានអ្នកជិតខាងជួយ

ស្រីចូលផ្ទះភ្លេចខ្ទាស់គន្លឹះ ប្រុសចូលធ្វើសកម្មភាព… សំណាងបានអ្នកជិតខាងជួយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបនឹងត្រឡប់មកពីលក់ដូរចូលដល់ក្នុងផ្ទះពាក់កណ្តាលអធ្រាត្រ ភ្លេចខ្ទាស់គន្លឹះ ស្រាប់តែលេចមុខប្រុសស្ទាវម្នាក់កាន់កាំបិតចូលទៅភ្ជង់កប្លន់យកកាបូបលុយ និងទូរស័ព្ទពីស្ត្រីរងគ្រោះ រួចព្យាយាមរត់គេចខ្លួន តែត្រូវស្ត្រីរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ជួយប្រដេញចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសភ្ជង់កាំបិតប្លន់ស្រីដល់ក្នុងបន្ទប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ០៧ ផ្លូវលេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅក៏មិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ និងលុយខ្មែរចំនួន២៧០០០រៀល (ជារបស់ជនរងគ្រោះ) ព្រមទាំងកាំបិតសំប៉ែតមុខស្រួច១ (ជារបស់ជនសង្ស័យ)។

ចំណែកស្ត្រីរងគ្រោះ មានឈ្មោះទង់ សណ្តាន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះទង់ សណ្តាន ទើបនឹងត្រឡប់មកពីលក់ដូរវិញចូលក្នុងផ្ទះ ហើយបិទទ្វារ តែមិនបានខ្ទាស់គន្លឹះ រួចក៏ចូលក្នុងបន្ទប់ទឹក។

លុះពេលចេញពីបន្ទប់ទឹកវិញ បានចាក់សោរម៉ូតូបើកឃ្លុបយកកាបូបយួរដៃ (កាបូបលុយ) ស្រាប់តែរំពេចនោះ ក៏លេចមុខជនសង្ស័យឈ្មោះចាន់ ចំណាន ស្ទុះច្រានទ្វារចូលមកក្នុងផ្ទះរបស់រងគ្រោះ ដោយក្នុងដៃមានកាន់កាំបិត១ដើមផង បន្ទាប់មកក៏បានធ្វើសកម្មភាពរុញស្ត្រីរងគ្រោះផ្ទប់ជាប់ជញ្ជាំង និងបានយកកាំបិតភ្ជង់កប្លន់យកកាបូបលុយនិងទូរស័ព្ទពីស្ត្រីរងគ្រោះបានសម្រច រួចក៏ព្យាយាមស្ទុះរត់ចេញបំណងគេចខ្លួន។

ភ្លាមៗនោះ ស្ត្រីរងគ្រោះបានស្រែកឆោឡោថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋជិតខាងប្រដេញចាប់ជនសង្ស័យខាងលើជាប់ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានចុះមកដល់ ក៏ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចាន់ ចំណាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតភ្ជង់កស្ត្រីរងគ្រោះប្លន់យកកាបូបលុយ និងទូរស័ព្ទប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES